តារារ៉េប Snoop Dogg បានក្លាយជាសហម្ចាស់ក្លិប Swansea ជាមួយ Luka Modric ដែរ

18-07-2025 13:47

(បរទេស)៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់សហរដ្ឋអាមេរិក លោក Snoop Dogg បានក្លាយជាដៃគូវិនិយោគ និងសហម្ចាស់ក្លិបហ្វូងក្ងាន Swansea City ជាមួយ Luka Modric អតីតកីឡាករក្លិប Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមហ្វូងក្ងានមួយនេះបានប្រកាសថា តារាចម្រៀងវ័យ ៥៣ឆ្នាំសញ្ជាតិអាមេរិក Snoop Dogg បានក្លាយជាសហម្ចាស់ក្លិបថ្មីរបស់ពួកគេមួយរូបទៀត តាមរយៈទិញភាគហ៊ុនធំក្នុងក្លិបដែលកំពុងលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship ដោយមានលោក Alan Sheehan ជាគ្រូបង្គោល។

លោក Snoop Dogg បានថ្លែងប្រាប់គេហទំព័រក្លិប Swansea ថា «ខ្ញុំមានក្តីស្រឡាញ់ចំពោះបាល់ទាត់ខ្លាំងណាស់។ វាពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសមែនទែន ដែលបានក្លាយជាផ្នែកមួយរបស់ Swansea។ ប្រវត្តិ និងទីតាំងក្លិប វាពិតធ្វើឱ្យខ្ញុំរំភើប ពោរពេញដោយមោទនភាព»។

គួររំលឹកផងថា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ Swansea ដែលមានអាយុកាល ១១៣ឆ្នាំ ក៏បានប្រកាសថា Luka Modric ដែលទើបចូលរួមជាមួយ AC Milan ក្នុងសប្តាហ៍នេះ បានក្លាយជាសហម្ចាស់ក្លិបដែរ ជាមួយនឹងម្ចាស់ភាគហ៊ុនធំអ្នកជំនួញអាមេរិក លោក Brett Cravatt និងលោក Jason Cohen ផងដែរ៕