ធនាគារ «ABA» នាំអំណោយជាថវិកា ពីសប្បុរសជនជួយជួសជុលកែលម្អសាលាបឋមសិក្សាសន្លុង ក្នុងខេត្តតាកែវ
18-07-2025 14:29
(តាកែវ)៖ ស្ថិតនៅក្នុងស្រុកទ្រាំង ទឹកដីខេត្តតាកែវ ដោយចំណាយពេលធ្វើដំណើរប្រមាណជា ៣០នាទី ពីទីរួមខេត្តតាកែវ សាលាបឋមសិក្សាសន្លុង គឺជាទីផ្ដល់ចំណេះដឹងសម្រាប់ប្រជាសហគមន៍ក្នុងតំបន់នោះ អស់ពេលជាយូរណាស់មកហើយ។ ជាមួយសិស្សានុសិស្សសរុបចំនួន ៥៤៥នាក់ សាលារៀននេះបានផ្ដល់សេវាអប់រំដល់គ្រួសារជាច្រើនជំនាន់ ដ្បិតសំណង់អគារមានសភាពទ្រុឌទ្រោម គ្រឿងបរិក្ខារ និងធនធាននៅមានការខ្វះខាតក៏ដោយ។
ដូចសាលារដ្ឋក្នុងតំបន់ដាច់ស្រយាលដទៃទៀតដែរ សាលារៀននេះប្រឈមនឹងការខូចខាតទៅតាមអាយុកាលនៃសំណង់។ ជញ្ជាំងមានសភាពចាស់ មានស្នាមប្រេះ ដោយសារកត្តាអាកាសធាតុ បង្អួច និងទ្វារត្រូវការជួសជុលបន្ថែម បរិយាកាសក្នុងបន្ទប់រៀនខ្វះខ្យល់ចេញចូលគ្រប់គ្រាន់។ ចំណែកទីធ្លារខាងក្រៅវិញ ក៏មិនសូវមានផាសុកភាពគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ យ៉ាងណាមិញ រូបភាពទាំងអស់នោះក៏បានកែប្រែ ជំនួសមកវិញនូវបរិយាកាសល្អប្រសើរឡើងវិញ ប្រកបដោយភាពរស់រវើក។
ដោយយល់ពីផលរំខានដោយសារបញ្ហាទាំងនេះ មកលើការរៀនសូត្ររបស់សិស្សានុសិស្ស ធនាគារ ABA បានចេញមុខ ដើម្បីបង្កើតគម្រោងជួលជុលកែលម្អសាលារៀននេះឡើង។ អស់ពេលជាច្រើនសប្តាហ៍ សាលាបានទទួលការជួសជុលជាបន្តបន្ទាប់ សំដៅលើកកម្ពស់បរិយាកាសសិក្សាជូនដល់ សិស្សានុសិស្ស។ អគារមួយខ្នងដែលមានថ្នាក់រៀនចំនួន ៥បន្ទប់ ត្រូវបានលាបពណ៌ថ្មី ដំបូលដែលរងនូវការធ្លុះធ្លាយ និងបង្អួចបាក់បែកក៏ត្រូវបានជួសជុល និងប្ដូរថ្មី។ ចំណែកកង្ហារព្យួរពិតាន ក៏បានបំពាក់ ដើម្បីផ្តល់នូវខ្យល់ត្រជាក់ពេលអាកាសធាតុក្តៅផងដែរ។ នៅក្នុងបរិវេណសាលា មានបន្ថែមនូវបង់អង្គុយថ្មីសម្រាប់សិស្សសម្រាកពីម៉ោងសិក្សា អំពូលសូឡា បានតម្លើងដើម្បីបង្កើនសុវត្ថិភាពនិងបំភ្លឺទីធ្លា និងធុងសំរាមសម្រាប់គ្រប់គ្រងកាកសំណល់ និងអនាម័យឲ្យកាន់តែប្រសើរក្នុងទីធ្លាសាលា។
កុមារី វាសនា រស្មី ជាសិស្សថា្នក់ទី២ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ពេលមេឃក្តៅ ខ្ញុំឆាប់បែកញើសពិបាកក្នុងការរៀន។ ប៉ុន្តែនៅពេលមេឃភ្លៀង ទឹកភ្លៀងបានសាចពីបង្អួចដែលបាក់បែក ធ្វើឲ្យទទឹកសៀវភៅរបស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់ធនាគារ ABA ដែលបានជួយដល់សាលារៀនខ្ញុំ ឥឡូវនេះខ្ញុំនិងមិត្តរួមថ្នាក់ អាចអង្គុយរៀនក្នុងថ្នាក់ដោយស្រួលខ្លួន មិនខ្លាចសាចភ្លៀង ឬបែកញើសទៀតទេ»។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ពិធីប្រគល់អំណោយសប្បុរសធម៌បានរៀបចំឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាសន្លុង ផ្ទាល់ក្រោមវត្តមានលោក នុត បុរ៉ា អនុប្រធានមន្ទីរអប់រំខេត្តតាកែវ ព្រមទាំងបុគ្គលិក ABA លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១៥០នាក់។ ក្រៅពីកម្មវិធីប្រគល់អំណោយផ្លូវការ ក្នុងថ្ងៃដដែលនោះ ក៏មានការចូលរួមធ្វើកិច្ចការសង្គមជុំគ្នា។ សិស្សានុសិស្ស បានដើរតួយ៉ាងសំខាន់ ក្នុងសកម្មភាពមួយចំនួនដូចជា ការលាបពណ៌បង្អួច និងសរសេរពាក្យស្លោក ដើម្បីដាក់លម្អថ្នាក់រៀន។ សកម្មភាពដាំកូនឈើ និងផ្កាដើម្បីបង្កើនសម្រស់ បៃតងក្នុងបរិវេណសាលា។
កិច្ចការទាំងនេះ គឺជាបំណិនជីវិតមួយ ផ្ដល់ឱកាសដល់ក្មេងៗបង្កើនទំនួលខុសត្រូវ ចេះធ្វើការជាក្រុម និងចេះទំនាក់ទំនងរវាងគ្នានឹងគ្នា។ នេះជាមធ្យោបាយដ៏ល្អមួយ ដែលសិស្សអាចរៀនសូត្របានច្រើន លើសពីចំណេះនៅក្នុងសៀវភៅ។
ក្រុមការងារ ABA ក៏បានចូលរួមជាមួយសិស្សានុសិស្ស យ៉ាងសកម្មភាពក្នុងការលាបថ្នាំពណ៌ សម្អាតទីធ្លា និងដាំកូនឈើ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានឆ្លុះបញ្ជាំងពីស្មារតីនៃគម្រោងនេះ ពោលគឺចូលរួមពីសហគមន៍ និងការលើកកម្ពស់ការអប់រំ។ សិស្សានុសិស្សក៏ទទួលបានសម្ភារៈសិក្សាមួយចំនួន ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមរបស់ពួកគេ។
លោក មាស ខេមរា ប្រធានសាខា ABA ខេត្តតាកែវ បានថ្លែងនៅក្នុងកម្មវិធីថា «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ការជួសជុលកែលម្អសំខាន់ៗដល់សាលាបឋមសិក្សាសន្លុង មានគោលបំណងផ្តល់នូវបរិយាកាសកាន់តែសុវត្ថិភាព ជាមួយសម្ភារបរិក្ខារគ្រប់គ្រាន់ អាចឲ្យសិស្សទទួលបានការជោគជ័យក្នុងការសិក្សា និងរីកចម្រើន។ យើងខ្ញុំនៅធនាគារ ABA មានមោទនភាពដែលបានរួមចំណែកក្នុងគម្រោងដ៏មានសារៈសំខាន់ ដែលផ្តល់ប្រយោជន៍ផ្ទាល់ដល់យុវជនជំនាន់ក្រោយ»។
ការជួសជុលកែលម្អនេះ ពីមួយសាលាទៅមួយសាលា គម្រោងនីមួយៗឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់ ABA ក្នុងការបង្កើតសហគមន៍មួយដ៏រឹងមាំ ពេញដោយសមត្ថភាព។
តាមរយៈការវិនិយោគលើការអប់រំនៅថ្នាក់មូលដ្ឋាន ABA មិនគ្រាន់តែផ្ដោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជាក់ឡើងវិញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន ក្នុងការរួមចំណែកដល់វឌ្ឍនភាពជាតិ ឲ្យកាន់តែត្រចះត្រចង់ និងមានធនធានដែលទទួលបានអប់រំគ្រប់គ្រាន់៕