ក្រុមហ៊ុន «វឌ្ឍនៈ» ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

18-07-2025 17:46

(ភ្នំពេញ)៖ សាធារណជនរាប់ម៉ឺននាក់ នឹងប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។

ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងជួរមុខ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង។ អ្នកចូលរួមទាំងអស់នឹងទទួលបាន ទឹកពិសានេះដោយឥតគិតថ្លៃ។

ការឧបត្ថម្ភនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាគំរូនៃស្មារតី «ខ្មែរតែមួយ»។ ក្រុមហ៊ុនតែងតែចូលរួមចំណែក យ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ ជាពិសេសក្រុមហ៊ុន វឌ្ឍនៈ គឺជាអ្នកគាំទ្រដ៏ធំនៃវិស័យកីឡា ដោយបានជ្រោមជ្រែងព្រឹត្តិការណ៍ជាច្រើននៅគ្រប់កម្រិត ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់កម្រិតជាតិ និងអន្តរជាតិ។

តស់! រួមគ្នាបង្ហាញពីស្មារតីខ្មែរតែ១ តាមរយៈការចូលរួមច្រៀងចម្រៀងជាតិនៅថ្ងៃស្អែកនេះ ដើម្បីគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើងទាំងអស់គ្នា៕