ធនាគារ ព្រីនស៍ សម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ «ភូមិអាជីវករឆ្លាត៧១៨» ដើម្បីអបអរសាទរមួយទសវត្សនៃការលះបង់

18-07-2025 20:43

(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ មានមោទកភាពយ៉ាងខ្លាំង ក្នុងការប្រកាសសម្ពោធជាផ្លូវការ នូវព្រឹត្តិការណ៍ «ភូមិអាជីវករឆ្លាត៧១៨» នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅ Connexion កោះពេជ្រ។ ព្រឹត្តិការណ៍រស់រវើករយៈពេល២ថ្ងៃនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី១០ នៃការបង្កើត និងដំណើរការរបស់ធនាគារ ព្រីនស៍។

ព្រឹត្តិការណ៍នេះ រួមមាន៖ ពិធីសម្ពោធ និងអាហារពេលល្ងាចដ៏ពិសេស ដែលរៀបចំឡើងសម្រាប់ដៃគូ អ្នកឧបត្ថម្ភ និង ភាគីពាក់ព័ន្ធក្រោមប្រធានបទ «មួយទសវត្សនៃការលះបង់»។ ជាកម្មវិធីបង្ហាញនៃការសម្តែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា សម្រាប់ការជឿជាក់ និងការគាំទ្ររយៈពេល១០ឆ្នាំកន្លងមក ចំពោះធនាគារ។

ចាប់តាំងពីការបង្កើត ធនាគារ ព្រីនស៍ បានអភិវឌ្ឍពីគ្រឹះស្ថានហិរញ្ញវត្ថុតូចមួយ ទៅជាធនាគារដែលកំពុងឈាន មុខគេនៅកម្ពុជា។ ក្នុងរយៈពេល១០ឆ្នាំនេះ ធនាគារបានពង្រីក បណ្តាញសាខា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថ លទំនើប ដើម្បីគាំទ្រអាជីវកម្មខ្នាតតូចរាប់ពាន់កន្លែង និងធ្វើឱ្យប្រជាជនទូទាំងប្រទេសអាចចូលដំណើរការ បាននូវសេវាហិរញ្ញវត្ថុ យ៉ាងងាយស្រួល។

ដោយមានយុទ្ធសាស្រ្តដឹកនាំផ្អែកលើជំនឿលើអានុភាពនៃសហគមន៍ និងក្រោមពាក្យស្លោក «យើងប្រឹងប្រែងដើម្បីអ្នក» ធនាគារ ព្រីនស៍ បានបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ ជាមួយអតិថិជនគ្រប់កម្រិតយ៉ាងមានថេរភាព។

«ភូមិអាជីវករឆ្លាត ៧១៨» ជាការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមលើកស្ទួយសហគមន៍។ ដោយមានការចូលរួមពីអាជីវករក្នុងស្រុកជាង១០០ កន្លែង ព្រឹត្តិការណ៍នេះបានធ្វើឱ្យ Connexion ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងកម្សាន្តរយៈពេលពីរថ្ងៃ ពីថ្ងៃទី១៩ ដល់២០ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង១០ព្រឹក ដល់១០យប់។

អ្នកចូលរួមអាចរីករាយ ជាមួយផលិតផលក្នុងស្រុកនានា និងទូទាត់ប្រាក់ដោយរលូនតាមរយៈ PRINCE KHQR។ ការចូលរួមគឺឥតគិតថ្លៃ ហើយភ្ញៀវចូលរួមចំនួន ១,០០០ នាក់ដំបូង នឹងទទួលបានប័ណ្ណទិញអាហារដោយឥតគិតថ្លៃ។ ជាពិសេសអ្នកចូលរួមអាចទទួលបានការបញ្ចុះតម្លៃសេវាកម្មជិះតុកតុក និងតាក់ស៊ីរបស់ TADA រហូតដល់ ៥០% (លក្ខខណ្ឌត្រូវបានអនុវត្ត)។

កម្មវិធីកម្សាន្តមានភាពសម្បូរបែប ដូចជា៖ ការសម្តែងដោយតារាចម្រៀងប្រចាំប្រទេសកម្ពុជា រ៉ាប៊ី និង ទេព ពិសិដ្ឋ ការណ៍ K-pop ពិសេសពីក្រុមរាំ Arrow Plas, កន្លែងលេងសម្រាប់កុមារ, ពិសារស្រាបៀរដោយឥតគិតថ្លៃពី Botanico Craft Beer Garden, ការហ្វេ និងការរ៉េម ចែកជូនពិសារដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃពេញ។

ការចាក់បញ្ចាំងរឿងដ៏ពិសេស គឺភាពយន្តខ្នាតខ្លី «រឿងរ៉ាវរបស់យើង» ដែលផលិតដោយធនាគារ ព្រីនស៍ បង្ហាញអំពីសាច់រឿងរបស់អ្នកម្តាយម្នាក់ ដែលត្រឡប់មកស្រុកខ្មែរវិញ ដើម្បីស្វែងរកកូនប្រុសបន្ទាប់ពីការចាកចេញទៅជាយូរឆ្នាំ។ ភាគទី ១ និងភាគទី ២ បានចេញផ្សាយរួចហើយលើបណ្តាញសង្គម និងទទួលបានការគាំទ្រយ៉ាងច្រើន។

កម្មវិធីក៏រួមមានជំនួបជាមួយតួអង្គសម្តែងដោយផ្ទាល់ និងការសម្តែងផ្ទាល់ពីតារាចម្រៀង Glomyy Vincent ដែលជាអ្នកច្រៀងបទចម្រៀងក្នុងរឿងនេះផងដែរ។ ភ្ញៀវក៏អាចចូលរួមលេងហ្គេមស្វែងរកកំណប់ ដោយមានរង្វាន់ជាង ២០០ រង្វាន់សម្រាប់អ្នកឈ្នះ។

ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនេះ ធនាគារ ព្រីនស៍ មិនត្រឹមតែឆ្លុះបញ្ចាំងលើអតីតកាលនៃការប្រកួតប្រជែងនិងការ លះបង់ទេ ប៉ុន្តែវាជានិមិត្តសញ្ញានៃការសន្យាថ្មី ក្នុងការចូលរួមរីកចម្រើនជាមួយសហគមន៍កម្ពុជា ដើម្បីបង្កើត ឱកាស និងជួយអភិវឌ្ឍប្រជាជន និងអាជីវកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន៕