ស្រ្តីអេស្ប៉ាញ ទម្លាក់ម្ចាស់ផ្ទះស្វីស ចេញពី Euro 2025 ក្នុងដំណើរឆ្ពោះទៅដណ្តើមជើងឯកអឺរ៉ុបលើកដំបូង
19-07-2025 09:06
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Women’s Euro 2025 ក្រោយទម្លាក់ម្ចាស់ស្វីស ២ទល់នឹង០ មិនឱ្យតដៃរួចពីក្នុងវគ្គ ៨ក្រុមនាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះជាលើកដំបូងផងដែរ គិតចាប់តាំងពីឆ្នាំ១៩៩៧ ដែលស្រ្តីគោជល់អេស្ប៉ាញបានឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយជាបន្តទៀត ជាមួយស្រ្តីអ៉ីតាលី និងម្ចាស់ការពារតំណែងជើងឯក តោកំណាចអង់គ្លេស។
កីឡាការិនី Athenea del Castillo និង Claudia Pina រកបានម្នាក់ ១គ្រាប់ជ័យជម្នះសម្រាប់ក្រុមជើងឯកពិភពលោក World Cup 2023 នៅពីមុខអ្នកទស្សនាផ្ទាល់ជិត ៣ម៉ឺននាក់ ដ្បិតគូប្រជែងស្វីស នៅសល់សមាជិកតែ ១០នាក់ផងដែរ នាចុងម៉ោង។
ស្រ្តីអេស្ប៉ាញ ត្រូវរង់ចាំរវាងក្រុមឈ្នះបារាំង ឬក៏អាល្លឺម៉ង់ ដើម្បីប្រជែងកៅអីឡើងវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតនាថ្ងៃពុធសប្តាហ៍ក្រោយ នៅពេលស្រ្តីម្ចាស់ផ្ទះស្វីស ហាលអាវដូចស្រ្តីន័រវេស និងស៊ុយអែតដែរ៕