Arsenal ទិញបានសមាជិកថ្មីទី៤ Madueke ដែលទើបជួយ Chelsea ឈ្នះជើងឯក Club World Cup 2025

19-07-2025 09:36

(ឡុងដ៍)៖ កាំភ្លើងធំ Arsenal បានបញ្ចប់ការផ្ទេរជាផ្លូវការហើយ ចំពោះខ្សែប្រយុទ្ធស្លាប Noni Madueke ក្នុងតម្លៃ ៤៨.៥លានផោន ដែលទើបរួមចំណែកជួយក្រុមតោខៀវ Chelsea ដណ្តើមបានជើងឯក FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលទើបជាប់ជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមឆ្នាំ២០២៤ រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ នារដូវក្តៅនេះក្នុងក្រុមរបស់លោក Mikel Arteta និងជាសមាជិកថ្មី២ ចេញពីក្លិបរួមលីគ Chelsea ទៀតផង ក្រោយការមកដល់របស់អ្នកចាំទី Kepa Arrizabalaga រួចមក។

Madueke វ័យ ២៣ឆ្នាំបានព្រមព្រៀងចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Emirates រយៈពេល ៥ឆ្នាំ ជាមួយនឹងសេវាផ្ទេរផ្សេងៗទៀត បានកើនដល់ជាង ៥០លានផោន ក្នុងនាមកីឡាករស្ថិតក្នុងតម្លៃ ៣០លានផោនប៉ុណ្ណោះ ពេលតោខៀវទិញពីក្លិបហូឡង់ PSV Eindhoven កាលខែមករា ឆ្នាំ២០២៣។

រូបគេជាសមាជិកសំខាន់ ១រូបផងដែរដែលជួយជ្រោមជ្រែង Chelsea ដណ្តើមបានពាន Club World Cup កាលពីពាក់កណ្តាលខែកក្កដានេះ បើទោះបីជាអវត្តមានវគ្គផ្តាច់ព្រ័ត្រពេលតោខខៀវបំបាក់ Paris Saint Germain ៣-០ យកពាន ៤ឆ្នាំម្តងគ្រប់គ្រង តាមរយៈចាកចេញពីជំរំហ្វឹកហាត់ ដើម្បីបំពេញការផ្ទេរផ្លូវការទៅកាន់ក្រុម Arsenal៕