OpenAI បង្កើតមូលនិធិ ៥០ លានដុល្លារ គាំទ្រអង្គការសង្គមស៊ីវិល

19-07-2025 11:44

(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT បានប្រកាសកាលពីថ្ងៃសុក្រនេះថា ខ្លួនកំពុងបង្កើតមូលនិធិចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្រដល់ អង្គការមិនរកប្រាក់ចំណេញ និងសហគមន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

មូលនិធិនេះគឺជាសកម្មភាពដំបូងបង្អស់ បន្ទាប់ពីរបាយការណ៍ណែនាំពីគណៈកម្មការមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងកាលពីខែមេសា ដើម្បីដឹកនាំកិច្ចការសប្បុរសធម៌របស់ OpenAI។ OpenAI កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយព្យាយាមរក្សាតុល្យភាពរវាងការរកប្រាក់ចំណេញ និងបេសកកម្មដើមរបស់ខ្លួនក្នុងការអភិវឌ្ឍ AI សម្រាប់ប្រយោជន៍សាធារណៈ។ បច្ចុប្បន្ន ផ្នែកមិនរកប្រាក់ចំណេញរបស់ខ្លួនជាម្ចាស់ និងគ្រប់គ្រងផ្នែករកប្រាក់ចំណេញ ហើយគ្រោងនឹងបំប្លែងផ្នែករកប្រាក់ចំណេញទៅជាសាជីវកម្មប្រយោជន៍សាធារណៈ។

មូលនិធិនេះនឹងជួយសម្រួលដល់ភាពជាដៃគូ ដើម្បីអនុវត្ត AI នៅក្នុងវិស័យសំខាន់ៗដូចជា ការអប់រំ ឱកាសសេដ្ឋកិច្ច ការរៀបចំសហគមន៍ និងការថែទាំសុខភាព។ វាក៏នឹងគាំទ្រការស្រាវជ្រាវ និងនវានុវត្តន៍ដែលដឹកនាំដោយសហគមន៍ ផ្តោតលើការប្រើប្រាស់ AI សម្រាប់ជាប្រយោជន៍រួមផងដែរ។

គណៈកម្មការមិនរកប្រាក់ចំណេញបានដាក់របាយការណ៍អនុសាសន៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីសម្ភាសន៍ជាមួយអង្គការសង្គមស៊ីវិល និងអ្នកជំនាញជាង ៥០០ នាក់៕