សាលាញូវហ្គេតវ៉េអន្ដរជាតិ បណ្តុះផ្នត់គំនិតកុមារ ​ឱ្យចេះគោរពស្រលាញ់ និងដឹងគុណចំពោះមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ

20-07-2025 09:00

(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្ដរជាតិ ​(NGIS) នាថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំ​ទិវាគ្រួសារ ដើម្បីបណ្តុះគំនិតសិស្សានុសិស្សឱ្យចេះគោរពស្រលាញ់ និងដឹងគុណចំពោះមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​កសាងទំនាក់ទំនងរវាងឪពុកម្តាយ និងកូនឱ្យកាន់តែស្និតស្នាលថែមទៀត ព្រោះ​​សាលារៀនមិនត្រឹមតែជាកន្លែងដែលទទួលចំណេះដឹងនោះទេ ប៉ុន្តែក៏ជាកន្លែង ដែលបណ្តុះ​សីលធម៌ក្នុងការរស់នៅផងដែរ។

ទិវាគ្រួសាររបស់សាលាញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំឡើង​ ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិតប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា​ នៃសាលាញូវហ្គេតវ៉េអន្តរជាតិ ព្រមទាំងវត្តមានរបស់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សប្រមាណជាង១២០០នាក់។

ការប្រារព្ធទិវាគ្រួសារ គឺជាពេលវេលាដ៏សំខាន់ដែល​កូនៗអាចបង្ហាញស្រលាញ់ និងដឹងគុណ ចំពោះឪពុកម្តាយ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការថែរក្សា និងយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅចំពោះកូនៗ និងគោរពប្រតិបត្តិឪពុកម្តាយ។ ​

ថ្លែងក្នុងឱកាសនេះ អ្នកឧកញ៉ាបណ្ឌិត ប៊ុន ណារី ​​បានលើកឡើងពីគុណដ៏ធំធេងរបស់ឪពុកម្តាយ ដែលមិនអាចកាត់ថ្លៃបាន ដោយលោកទាំងពីរបានផ្តល់ក្តីស្រលាញ់​ ថែរក្សា ទូន្មានប្រៀនប្រដៅ និងខំប្រឹងប្រែងព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យកូន​សុខស្រួល។ ដូច្នេះហើយកូនៗត្រូវតែមាន​កាតព្វកិច្ចស្រលាញ់ ផ្តល់ភាពកត្តញ្ញូ និងដឹងគុណចំពោះមាតាបិតា ហើយការគោរពដឹងគុណនេះ មិនមែនធ្វើឡើងតែមួយថ្ងៃនោះទេ គឺត្រូវធ្វើឡើងមួយជីវិត។ លើសពីនេះទៅទៀត ក៏ត្រូវដឹងគុណចំពោះ​ លោកគ្រូ អ្នកគ្រូ​ ដែលបានផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផ្សេងៗផងដែរ។​

ឪពុកម្តាយ អាព្យាបាលសិស្សដែលបានមកចូលរួមក្នុងទិវានេះ បានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីទិវាគ្រួសារដែលរៀបចំឡើងដោយសាលាញូវហ្គេតវ៉េអន្តរជាតិនាពេលនេះ។ ​ពួកគាត់បានលើកឡើងថា ការរៀបចំឡើងកម្មវិធីនេះ ពិតជាល្អណាស់​​​ដែលបានជួយបណ្តុះគំនិតក្មេងៗឱ្យយល់ដឹងពីគុណឪពុកម្តាយ ចេះសំពះ គោរពដឹងគុណ ​និងបានផ្តល់ឱកាសដល់កូនៗបានប្រតិបត្តិចំពោះឪពុកម្តាយ អាណាព្យាបាល ​ព្រោះកូនៗមួយចំនួននៅផ្ទះស្ទើរតែមិនដែលសំពះឪពុកម្តាយនោះទេ ហើយបន្ថែមពីនោះក៏ជំរុញឱ្យគេកាន់តែខិតខំរៀនសូត្រផងដែរ។ ​
​គួរបញ្ជាក់ថា សាលាញូវហ្គេតវ៉េអន្តរជាតិ ជាគ្រឹះស្ថានសិក្សាផ្តល់ជូនកម្មវិធីសិក្សា រួមមាន​ កម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន និងកម្មវិធីវិទ្យាសាស្រ្តកុំព្យូទ័រ កម្មវិធីសិក្សាពេញមួយថ្ងៃ ចាប់ពីថ្នាក់​មតេ្តយ្យដល់ថ្នាក់ទី១២។ ចំណែកកម្មវិធីសិក្សាភាសាអង់គ្លេស វិទ្យាសាស្រ្ត និងគណិតវិទ្យា ​សាលាក៏មានបន្ថែមជូននូវការសិក្សា នៅតាមបណ្ណាល័យ ការអង្កេតក្រៅថ្នាក់ និងការធ្វើ Project ជាដើម។

គិតមកទល់បច្ចុប្បន្ននេះ សាលាញូវហ្គេតវ៉េអន្តរជាតិ មានបីសាខា រួមមានសាខាទី១ ស្ថិតនៅជិត ផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា សាខាទី២ ស្ថិតនៅជិតផ្សារឈូកមាសខណ្ឌសែនសុខ និង សាខាទី៣ស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្ថិតនៅទល់មុខវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៧១៧ ៨៧៩ ឬ Facebook Messenger «New Gateway International School»៕