ស្រ្តីអាល្លឺម៉ង់ ដែលលេងតែសមាជិក ១០នាក់តាំងវគ្គទី១ បានទម្លាក់ស្រ្តីបារាំង ឡើងវគ្គ ៤ក្រុម Euro 2025
20-07-2025 10:10
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាល្លឺម៉ង់ អតីតជើងឯករងកាលពីឆ្នាំ២០២២ បានឆ្លងចូលវគ្គ ៤ក្រុមចុងក្រោយជាបន្តទៀតនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2025 ក្រោយទម្លាក់ស្រ្តីមាន់គកបារាំង ទាំងដែលពួកគេនៅសល់សមាជិក ១០នាក់តាំងពីនាទី១៣ មក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមនារីឥន្រ្ទីដែកមួយនេះ បានយកឈ្នះបារាំង ៦-៥ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីប្រកួត ១២០នាទីនៅប្រទេសស្វីសស្មើគ្នា ១-១ ដែលជាក្រុមកូនពៅចេញពីវគ្គ ៨ក្រុមចុងក្រោយ។
ក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះដែរ អាល្លឺម៉ង់ អតីតជើងឯក Women’s Euro ៨សម័យកាល បានបាត់បង់ខ្សែការពារ Kathrin Hendrich ត្រឹមចាប់ផ្តើមលេងបាន ១៣នាទីប៉ុណ្ណោះក្នុងវគ្គទី១ ដោយសារចាប់ទាញសក់គូប្រកួត Griedge Mbock នាំឱ្យអាជ្ញាកណ្តាលពិន័យកាតតែក្រហម ក្រោយពិនិត្យប្រព័ន្ធ VAR និងផ្តល់បាល់ពិន័យប៉េណាល់ទី ទាត់បានសម្រេចដោយកីឡាការិនី Grace Geyoro ថែមទៀតផង។
ទោះជាយ៉ាងណា អាល្លឺម៉ង់បានធ្វើការវាយបក ដើម្បីឆ្លើយតបភ្លាមៗផងដែរ ត្រឹមគម្លាតនាទី ១០នាទីតែប៉ុណ្ណោះ ពោលគឺនៅនាទី២៥ កីឡាការិនី Sjoeke Nusken ជាអ្នករកបានគ្រាប់តាមស្មើ ១-១ មកវិញ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ពុំមានគ្រាប់បាល់បន្ថែមទៀតឡើយ។
អាល្លឺម៉ង់ ត្រូវឡើងទៅប៉ះនារីអេស្ប៉ាញ នារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ អតីតជើងឯក Women’s World Cup 2023 ដែលបានទម្លាក់ម្ចាស់ផ្ទះស្វីស ២-០ ខណៈនារីបារាំង នៅមានឱកាសសងសឹកអាល្លឺម៉ង់វិញ នៅពេលលេង ២ជើងក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាអំឡុងខែតុលា ឆ្នាំ២០២៥៕