Pacquiao ស្មើពិន្ទុជាមួយម្ចាស់ខ្សែក្រវាត់ WBC គឺ Barrios ក្រោយប្រយុទ្ធគ្នា ១២ទឹកពេញ

20-07-2025 11:30

(បរទេស)៖ កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក។

នេះមានន័យថា កីឡាករម្ចាស់ផ្ទះអាមេរិក Barrios វ័យ ៣០ឆ្នាំ នៅតែបន្តគ្រប់គ្រងខ្សែក្រវាត់ WBC ពីការឡើងការពារជាលើកទី២ នេះ និងជាលើកទី២ សម្រាប់ខ្លាកំណាចអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao ក្នុងការព្យាយាមឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកនេះ ក្រោយពេលចាញ់ពិន្ទុ Floyd Mayweather កាលឆ្នាំ២០១៥ ដ៏ឈឺចាប់។

ក្នុងជំនួប ១២ទឹកពេញ (៣នាទី/ទឹក) នោះដែរ PacMan អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ស្ថាប័នផ្សេងគ្នា ដែលខកខានប្រកួតផ្លូវការ ៤ឆ្នាំមកនេះ ធ្វើបានល្អនៅទឹកទី១-២-៦-៧-៨-៩-១០ ខណៈម្ចាស់ខ្សែក្រវាត់ Barrios ធ្វើបានល្អនៅទឹកទី៣-៤-៥-១១-១២ ដោយជាពិសេសគូនេះ ពុំមានទឹកណាមួយ ដួលអុកគូថ និងត្រូវបានអាជ្ញាកណ្តាលរាប់ឡើយនៅឯសង្វៀន MGM Grand Arena ស្ថិតក្នុងរដ្ឋ Neveda សហរដ្ឋអាមេរិក៕