CEO ក្រុមហ៊ុន Astronomer ប្រកាសលាលែង បន្ទាប់ពីបែកធ្លាយក្នុងវីដេអូ Kiss Cam ក្លាយជាប្រធានបទក្តៅលើអ៊ីនធឺណិត
21-07-2025 08:58
(បរទេស)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Astronomer លោក Andy Byron បានប្រកាសលាលែងពីតំណែង បន្ទាប់ពីមានវីដេអូបែកធ្លាយជាមួយស្រីស្នេហ៍ក្លាយជាប្រធានបទផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។ វីដេអូនេះបង្ហាញពីលោកជាមួយនារីម្នាក់ដែលជា HR នៅក្រុមហ៊ុនរបស់លោក កំពុងឈរអោបគ្នា និងថតជាប់ក្នុងកាមេរ៉ា kiss cam ក្នុងការប្រគំតន្រ្តីរបស់ក្រុម Coldplay នៅពហុកីឡាដ្ឋាន Gillette ស្ថិតនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក។
នារីដែលនៅជាមួយគាត់គឺ Kristin Cabot ដែលជាអគ្គនាយកផ្នែកធនធានមនុស្ស (Chief People Officer) របស់ក្រុមហ៊ុន។ ទាំងពីរនាក់សុទ្ធតែមានប្តីប្រពន្ធរួចទៅហើយ ដែលបានបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន និងក្នុងបរិស្ថានធ្វើការ។
បន្ទាប់ពីវីដេអូនេះផ្ទុះគ្នានៅលើបណ្តាញសង្គម អគ្គនាយក Byron ត្រូវបានដាក់ឲ្យសម្រាកពីការងារជាបណ្ដោះអាសន្ន ដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ បន្ទាប់មក លោកបានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ។
ក្រុមហ៊ុនបានប្រកាសថា មនុស្សដែលនឹងទទួលការងារជំនួសបណ្តោះអាសន្នគឺ Pete DeJoy ដែលជាស្ថាបនិករួម និងជាអគ្គនាយកផ្នែកផលិតផល៕