លោក ហ៊ុន ម៉ានី គាំទ្រគម្រោង «សុវត្ថិភាពលើដងផ្លូវកម្ពុជា» ដើម្បីរួមចំណែកអប់រំ ផ្សព្វផ្សាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

21-07-2025 11:03

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីសុវត្តិភាពលើដងផ្លូវកម្ពុជា ឬ Cambodia Road Safety» ដែលជាគម្រោងមួយដ៏ល្អ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ឆ្ពោះទៅរកគោលដៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

ការគាំទ្រនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីសុវត្តិភាពលើដងផ្លូវកម្ពុជា» កាលពីល្ងាចថ្ងៃទី២០ ខែកក្កដានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ វេទិកានេះ រៀបចំឡើងដោយសហព័ន្ធកីឡាយានយន្ដកម្ពុជា និងវប្បធម៌យានយន្តកម្ពុជា (CCC) ដោយមានកិច្ចសហការ និងការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមបង្កើតវេទិកានេះឡើង ព្រោះយុទ្ធនាការនេះពិតជាមានសារៈសំខាន់ ក្នុងការអប់រំប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងខ្ពស់ ទាក់ទងនឹងច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំមួយមកលើអាយុជីវិត សុខុមាលភាពប្រជាពលរដ្ឋ។ លោកបន្ដថា ស.ស.យ.ក. នឹងផ្តល់ការគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយសហព័ន្ធ និងវប្បធម៌យានយន្ដកម្ពុជា ក្នុងការអនុវត្តវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើដងផ្លូវកម្ពុជា ឱ្យទទួលបានជោគជ័យទៅតាមការរំពឹងទុក។

ឆ្លៀតឱកាសនោះ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធ និងជាស្ថានិកវប្បធម៌យានយន្តកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមគំនិតក្នុងគម្រោងសុវត្ថិភាពលើដងផ្លូវកម្ពុជា បានបង្ហាញពីបេសកកម្មសំខាន់ៗមួយចំនួន ដើម្បីបង្កើនការយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកទៅដល់យុវជន យុវនារី ដែលប្រើប្រាស់យានយន្ដគ្រប់ប្រភេទ និងជាការពញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

សម្រាប់បេសកកម្មក្នុងឆ្នាំដំបូងនេះ ចំពោះគម្រោង Cambodia Road Safety ដើម្បីគាំទ្ររាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយពីការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់ប្រជាពលរដ្ឋកម្ពុជា រួមមាន៖

១៖ ការធ្វើសិក្ខាសាលាទៅតាមបណ្តាសាលាអនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យ ខណៈឆ្នាំដំបូងនេះ គឺផ្ដោតលើការរៀបចំនៅតាមសាលារៀនស្ថិតនៅភ្នំពេញ ហើយបន្ដទៅតាមបណ្ដាលខេត្ដនានា នៅឆ្នាំបន្ដបន្ទាប។
២៖ បង្កើតមាតិការអប់រំពីច្បាប់ចរាចរណ៍តាមរយៈការធ្វើវីដេអូបង្ហាញពីកត្តានៃការកើតមាននៃករណីគ្រោះថ្នាក់ចរាចរណ៍តាមបណ្តាញសង្គម។
៣៖ ការធ្វើដំណើរជាក្រុមដោយឡានទៅតាមបណ្តាខេត្ត ដើម្បីសហការជាមួយអាជ្ញាធរថ្នាក់ស្រុក និងប៉ូលីសក្នុងតំបន់ ដើម្បីរៀបចំព្រឹត្តិការណ៍អប់រំពីច្បាប់ចរាចរណ៍នៅសាលារៀននិងទីសាធារណៈ។
៤៖ Cambodia Road Safety មានគម្រោងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចណាស់ ១០ភាគរយ ក្នុងមួយឆ្នាំ។

គួរដឹងថា ក្រោយសម្ពោធវេទិកា «Cambodia Road Safety» ខាងលើនេះ សហព័ន្ធកីឡាយានយន្ដកម្ពុជា និង CCC ក៏មានគម្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត នាថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នេះខាងមុខ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីអាជីព ដើម្បីផ្សាភ្ជាប់ការផ្សព្វផ្សាយ អំពីយុទ្ធនាការនានារបស់ «សុវត្ថិភាពលើដងផ្លូវកម្ពុជា» នេះផងដែរ៕