Bronze ថា ក្រុមស្រ្តីអង់គ្លេស កាន់តែរងការរំលោភបំពាន ពេលរីកចម្រើន មុនប៉ះអ៉ីតាលី ស្អែកនេះ
21-07-2025 12:11
(បរទេស)៖ ខ្សែការពារ Lucy Bronze បាននិយាយក្នុងសន្និសីទថា ក្រុមកីឡាការិនីតោកំណាចអង់គ្លេស បានក្លាយជាគោលដៅវាយប្រហារកាន់តែខ្លាំងឡើង ជាក់ស្តែងមិត្តរួមក្រុម Jess Carter បានទទួលសាររើសអើងជាតិសាសន៍ នៅអំឡុងកម្មវិធី Women’s Euro 2025។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Bronze ដែលត្រៀមជួយអង់គ្លេស លេងទល់នឹងស្រ្តីអ៉ីតាលី វគ្គ ៤ក្រុមនៅ Euro 2025 នារាត្រីថ្ងៃអង្គារ បានគូសបញ្ជាក់ថា ភាគច្រើននៃកីឡាការិនីអង់គ្លេស «កាន់តែទទួលរងនូវការរំលោភបំពានខ្លាំង» តាំងពីពួកគេទទួលបានជោគជ័យនៅលើឆាកអន្តរជាតិរួចមក។
ក្រុមតោកំណាចអង់គ្លេស ផ្នែកស្រ្តី ដណ្តើមបានជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Women’s European Championship ជាលើកដំបូង ក្នុងទឹកដីរបស់ខ្លួនកាលឆ្នាំ២០២២។
ខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះបានបន្តថា «បើកាលណាពួកយើងធ្វើបានល្អខ្លាំងឡើង និងមានអ្នកគាំទ្រកាន់តែច្រើនឡើង ក៏ប៉ុន្តែមតិរិះគន់ ក៏កាន់តែច្រើនឡើងជាមួយគ្នានោះដែរ»។ នាងថា «កន្លងមក ពួកយើងតែងតែបើកទូលាយចំពោះមតិរិះគន់ នោះគឺជាអ្វីដែលពួកយើងស្រឡាញ់កីឡា ក៏ប៉ុន្តែពួកយើងមិនអាចទទួលយកបានទេ ជាពិសេសចំពោះការរើសអើងជាតិសាសន៍ ដែលធ្វើឡើងតាមរយៈបណ្តាញសង្គមថ្មីៗនេះ»។
ជាមួយគ្នានោះដែរ លោក Gianni Infantino ប្រធាន FIFA បាននិយាយថា «លោកពិតជាសោកស្តាយខ្លាំងណាស់ដែលមានរឿងនេះកើតឡើង ជាពិសេសការរើសអើងជាតិសាសន៍ទៅលើ Carter ផ្ទាល់តែម្តង»។ លោកថា «គ្រប់អត្តពលិកគួរតែត្រូវបានថែទាំ និងពុំមានការវាយប្រហារណាមួយឡើយ។ ពួកគេគួរតែត្រូវបានយកចិត្តទុកដាក់ ដើម្បីបង្ហាញសមត្ថភាពពិតៗលើទីលាន» ។
កម្មវិធីប្រកួតដណ្តើមពាន Women’s Euro 2025 នេះ ក្រៅតែពីក្រុមនារីអង់គ្លេស ប៉ះក្រុមអ៉ឺតាលី ក៏មានជំនួបជក់ចិត្តខ្លាំងនោះ គឺការប៉ះគ្នារវាងនារីអាល្លឺម៉ង់ ដែលអតីតម្ចាស់ពាននេះ ៨សម័យកាលច្រើនជាងគេ ត្រូវតតាំងជាមួយនារីអេស្ប៉ាញ ជាក្រុមមិនទាន់ស្គាល់ចាញ់នោះទេ ក្នុងការប្រកួតប្រជែងនាពេលនេះ ត្រូវលេងនៅវេលាម៉ោង ២:០០នាទីយប់ថ្ងៃទី២៤ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា) ៕