កម្មវិធីប្រឡងចម្រៀងរ៉េប «CAMBO RAPPER» ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកិច្ចសន្យា
21-07-2025 20:41
(ភ្នំពេញ)៖ បេក្ខជនចំនួន៧០នាក់ នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀលពីកម្មវិធី CAMBO RAPPER ។
កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពពិតរបស់ខ្លួន។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺកម្មវិធីមានគ្រូបង្វឹករហូតដល់ទៅចំនួន៤រូប និងមាន Secret Coach ចំនួនមួយថែមទៀត ដែលសុទ្ធសឹងតែមានបទពិសោធន៍និងមានចំណេះជំនាញលើវិស័យចម្រៀងចម្រៀងរ៉េប។
មកទល់ពេលនេះមានបេក្ខជនជាច្រើនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានាបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី CAMBO RAPPER របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាបន្តបន្ទាប់។ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រកួតនឹងត្រូវបានជម្រុះតាមអនឡាញ ដោយគណៈកម្មការនឹងជ្រើសរើសយកបេក្ខជនចំនួន៧០នាក់ដើម្បីឡើងសង្វៀនឆាកតន្រ្តីប្រកួតប្រជែងសមត្ថភាព។ បើតាមគម្រោងកម្មវិធីទាំងមូលមានរហូតដល់ទៅ១៦សប្តាហ៍ ហើយវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅក្នុងអំឡុងខែធ្នូ ខាងមុខ។
គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភីក្នុងការប្រឡងចម្រៀង CAMBO RAPPER និងទទួលបានបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ព្រមទាំងក្លាយទៅជាតារាចម្រៀងកិច្ចសន្យានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ដោយឡែកបេក្ខជនឡើងដល់វគ្គផ្តាច់ព្រ័ត្រទោះមិនទទួលបានជ័យលាភី ក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ១០លានរៀល និងក្លាយទៅជាតារាចម្រៀងកិច្ចសន្យានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ។
តស់!កុំរង់ចាំយូរ ! បេក្ខជនដែលមានសមត្ថភាពខាងចម្រៀងរ៉េប អាចដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី CAMBO RAPPER បាន ដើម្បីផ្លាស់ប្តូរវាសនារបស់អ្នកទាំងអស់គ្នា៕