លោកបណ្ឌិត ថោង ខុន ជួបសវនការជាមួយប្រធានកីឡា WOODBALL អន្ដរជាតិ  ដើម្បីពិភាក្សាអំពីគម្រោងបង្កើតសហព័ន្ធជាតិ និងអភិវឌ្ឍន៍ត្រៀមការប្រកួតអន្ដរជាតិនានា

22-07-2025 14:04

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ ជួបសវនការជាមួយលោក Sean Chi-Hsiang Weng ប្រធានសហព័ន្ធកីឡា WOODBALL អន្តរជាតិ(IWbF) និងមានការចូលរួមពីលោក Aang Sunadji ប្រធានសហព័ន្ធកីឡា WOODBALL ឥណ្ឌូនេស៊ីផងដែរ ដើម្បីពិភាក្សាការងារមួយចំនួន លើគម្រោងឈានទៅបង្កើតសហព័ន្ធជាតិ និងធ្វើការអភិវឌ្ឍត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា។

ក្នុងជំនួបខាងលើ លោក Sean Chi-Hsiang Weng បានណែនាំអំពីប្រវត្តិ និងការអភិវឌ្ឍប្រភេទ WOODBALL ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩០ ដោយលោក Ming-Hui Weng នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ។ ដើមឡើយកីឡានេះ បង្កើតឡើងជាហ្គេមសាមញ្ញ និងតម្លៃសមរម្យ ដែលអាចលេងបានលើស្មៅដោយមិនចាំបាច់មានកន្លែងធំទូលាយ។ អ្នកលេងប្រើដំបងឈើវាយបាល់ចូលបង្គោលប្រលោះនៅក្នុងតារាង ឬទីលាន ដែលបានរៀបចំ។

ប៉ុន្ដែក្រោយមកកីឡានេះ ក៏កាន់តែរីកចម្រើន និងពេញនិយម ដែលបច្ចុប្បន្ន IWbF មានសមាជិកសរុប ៤៥ប្រទេសនិង NOC ទូទាំងពិភពលោក និងមានសមាជិក ៦ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបូរី, ថៃ និងវៀតណាម។ កីឡា WOODBALL ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រុមប្រឹក្សាកីឡាអាស៊ី(OCA) តាំងពីឆ្នាំ១៩៩៩ ហើយធ្លាប់បានបង្ហាញក្នុងព្រឹត្តិការណ៍ Asian Beach Games ចំនួន ៥លើកមកហើយ។ មិនតែប៉ុណ្ណោះ កីឡានេះ ក៏ត្រូវបានដាក់បញ្ចូលលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ។

លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះចំណាប់អារម្មណ៍របស់ប្រធានសហព័ន្ធកីឡា WOODBALL អន្ដរជាតិ មកលើប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្ដូរគំនិតរវាង IWbaF និង NOCC និងការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទាំងរវាងភាគីទាំងពីរ ក្នុងគោលបំណងឈានទៅរកការបង្កើតកីឡា WOODBALL នៅកម្ពុជា និងធ្វើការអភិវឌ្ឍ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ ដូចជាស៊ីហ្គេម និងព្រឹត្តិការណ៍ Asian Beach Games។

បន្ថែមលោកនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដួចផ្ដើមគំនិត និងការស្នើសុំឲ្យសហព័ន្ធកីឡា WOODBALL អន្ដរជាតិ ក្នុងការគាំទ្រទៅលើការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស ទាំងមន្ដ្រី គ្រូបង្វឹក និងអត្តពលិកជាដើម សម្រាប់ត្រៀមទៅបង្កើតសហព័ន្ធជាតិ និងមានឱកាសចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ក្រោយពីកីឡានេះ ត្រូវបានដាក់បញ្ចូលលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះផងដែរ៕