Top scorer នៅ Serie A រដូវកាលមុន ផ្លាស់ទៅលេងនៅ Pro League

22-07-2025 16:16

(បរទេស)៖ ខ្សែប្រយុទ្ធ Mateo Retegui ដែលរកបាន ២៥គ្រាប់នៅលីគកំពូលអ៉ីតាលី Serie A រដូវកាលមុន បានផ្លាស់ទៅលេងនៅក្លិប Al-Qadsiah នៃក្របខណ្ឌ Saudi Pro League ចេញពី Atalanta។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានរាយការណ៍ថា Al-Qadsiah បានចំណាយលុយជាង ៥៦លានផោនលើខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដោយបានចុះកិច្ចសន្យា ៤ឆ្នាំផងដែរ លេងនៅអារ៉ាប៊ីសាអ៊ូឌីត។

តាមរយៈតម្លៃផ្ទេរនេះ បានធ្វើឱ្យ Retegui មានតម្លៃផ្ទេរខ្ពស់ជាងគេបំផុតសម្រាប់កីឡាករអ៉ីតាលីជាងពេលណាៗទាំងអស់ បំបែកកំណត់ត្រាចាស់របស់ Sandro Tonali ដែលផ្ទេរពី AC Milan ទៅកាន់ Newcastle United កាលឆ្នាំ២០២៣ ក្នុងតម្លៃ ៥៥លានផោន។

Retegui នឹងជំនួសតំបន់ប្រយុទ្ធរបស់អតីតកីឡាករ Arsenal និង FC Barcelona គឺ Pierre-Emerick Aubameyang ដែលបានផ្លាស់ទៅចូលរួមជាមួយ Marseille នៅក្របខណ្ឌ Ligue 1 កាលសប្ដាហ៍មុន៕