YouTube លុបគណនីរាប់ពាន់ដែលជាប់ពាក់ព័ន្ធជាមួយចិន រុស្ស៊ី និងប្រទេសដទៃ

22-07-2025 16:30

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសពីការលុបចោល ឆានែល YouTube ជិត ១១,០០០ និងគណនីផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាគាំទ្រដោយរដ្ឋាភិបាល ពីប្រទេសចិន រុស្ស៊ី និងប្រទេសជាច្រើនទៀត ក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ នេះគឺជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងរបស់ Google ទៅនឹងព័ត៌មានមិនពិត។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមឆានែលដែលត្រូវបានលុប មានជាង ៧,៧០០ ឆានែល ជាប់ពាក់ព័ន្ធនឹង ប្រទេសចិន ដែលបានផ្សព្វផ្សាយមាតិកាគាំទ្ររដ្ឋាភិបាលចិន ប្រធានាធិបតីស៊ី ជិនភីង និងបានអត្ថាធិប្បាយលើកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក។ ចំណែក ឆានែលជាង ២,០០០ ទៀត ជាប់ពាក់ព័ន្ធនឹង ប្រទេសរុស្ស៊ី ដែលមានមាតិកាគាំទ្ររុស្ស៊ី និងរិះគន់អ៊ុយក្រែន NATO និងបណ្តាប្រទេសលោកខាងលិច។

គួររំលឹកថា កាលពីខែឧសភា Google ក៏បានលុប ឆានែល YouTube ចំនួន ២០ និងគណនីផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹង RT ដែលជាប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរុស្ស៊ីផងដែរ។ ទន្ទឹមនឹងនេះ YouTube បានទប់ស្កាត់ឆានែល RT តាំងពីខែមីនា ឆ្នាំ២០២២ មកម្ល៉េះ។ របាយការណ៍របស់ Google ក៏បានបង្ហាញពីការលុបចោលយុទ្ធនាការដែលជាប់ពាក់ព័ន្ធជាមួយប្រទេសមួយចំនួនទៀតដូចជា អាស៊ែបៃហ្សង់ អ៊ីរ៉ង់ តួកគី អ៊ីស្រាអែល រូម៉ានី និងហ្គាណា ដែលបានកំណត់គោលដៅគូប្រជែងនយោបាយ។ យុទ្ធនាការទាំងនេះខ្លះបានផ្តោតលើជម្លោះភូមិសាស្ត្រនយោបាយ រួមទាំងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន។

អ្នកនាំពាក្យ YouTube បានបញ្ជាក់ថា ការលុបបំបាត់គណនីនេះ គឺជាការងារធម្មតា និងបន្តរបស់ពួកគេ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ Google បានលុបគណនីជាង ២៣,០០០ រួចមកហើយ។ ស្របគ្នានេះ Meta ក៏បានលុបប្រវត្តិរូបប្រហែល ១០ លាន ដែលក្លែងបន្លំអ្នកផលិតមាតិកាធំៗ ដើម្បីប្រយុទ្ធប្រឆាំងនឹង «មាតិកាសារឥតបានការ» ផងដែរ៕