សាលាអាមេរិកាំងហ្គោលឌិនហ្គេត​​ទទួលបានសិទ្ធិជាផ្លូវការក្នុងការអនុវត្តកម្មវិធីសិក្សាអន្តរជាតិ IB MYP​ ​ជួយលើកកម្ពស់គុណភាពអប់រំ​​នៅកម្ពុជា​ ខណៈសិស្សនឹងមានឱកាសខ្ពស់​បន្តការសិក្សា​នៅក្រៅប្រទេស

23-07-2025 08:33

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ បានសម្តែងការអបអរសាទរចំពោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែល​​ទទួលបានសិទ្ធិជាផ្លូវការ ក្នុងការអនុវត្តកម្មវិធីសិក្សាអន្តរជាតិ IB MYP ដែលជាវិធានការណ៍ដ៏ត្រឹមត្រូវមួយ ​ក្នុងការចូលរួមចំណែកពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ​​នៅកម្ពុជា​​ ​ជាពិសេសជួយដល់សិស្ស​ទៅបន្តការសិក្សានៅសា​កលវិទ្យាល័យល្បីៗនៅក្រៅប្រទេស។

ការថ្លែងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងពិធីអបអរសាទរសាលាអាមេរិកាំងហ្គោលឌិនហ្គេតទទួលបានសិទ្ធិជាផ្លូវការ ក្នុងការអនុវត្តកម្មវិធីសិក្សាអន្តរជាតិ IB MYP និងអបអរសាទរសិស្សឆ្នើមថ្នាក់ទី១២ កម្មវិធីសិក្សាអាមេរិកាំង AP និងកម្មវិធីសិក្សាអន្តរជាតិ IB DP ប្រចាំឆ្នាំ២០២៥ ដែលបានរៀបចំឡើងយ៉ាងអធិកអធម នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។​

​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ​បានគូសបញ្ជាក់ថា​ ការនាំ​យកកម្មវិធីសិក្សា IB មកកម្ពុជា​ នឹងជួយឱ្យសិស្សានុសិស្សាកម្ពុជា កាន់តែមាននសមត្ថភាពប្រកួតប្រជែងកម្រិតសាកលលោក ព្រោះកម្មវិធីសិក្សា IB គឺជាកម្មវិធីសិក្សាមានការទទួលស្គាល់កម្រិតអន្តរជាតិ និងជាកម្មវិធីសិក្សាល្អមួយ ជួយដល់ការសិក្សារបស់សិស្សានុសិស្ស ដោយប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនទំនើប ធ្វើឱ្យសិស្សចេះត្រឹះរិះពិចារណា ចេះស្រាវជ្រាវ ចេះធ្វើការងារជាក្រុម ចេះដោះស្រាយបញ្ហា ។ ​បន្ថែមពីនេះ ក្នុងពេលសិក្សានៅថ្នាក់វិទ្យាល័យសិស្សអាចជ្រើសរើសនូវមុខវិជ្ជាចំនួន៦មុខ ដែលខ្លួនស្រលាញ់និងចង់បន្តទៅរៀននៅថ្នាក់ឧត្តមសិក្សា ខណៈការប្រឡង គឺធ្វើឡើងតាមកម្រិតអន្តរជាតិ និងបញ្ជូនទៅកែនៅក្រៅប្រទេស។ ដោយឡែកគ្រូ ដែលបង្រៀន​កម្មវិធីសិក្សានេះ ត្រូវតែទទួលការបណ្តុះបណ្តាល និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ។

លោកបន្ថែមថាកត្តាទាំងនេះហើយ នឹងជួយឱ្យសិស្ស ​ទទួលបានឱកាសខ្ពស់ ក្នុងការបន្តការសិក្សានៅតាមសាលកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស។

ឧ​កញ៉ា ហេង សុគន្ធា អគ្គនាយកាសាលាអាមេរិកាំងហ្គោលឌិនហ្គេតបានថ្លែងថា ដោយមើលឃើញពីសារៈសំខាន់នៃការអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានខិតខំប្រឹងប្រែងពង្រឹងនូវគុណភាពអប់រំ ស្វែងរកដៃគូរសហការថ្មីៗ ដើម្បីចូល​ចំណែកក្នុងការអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា សំដៅពង្រឹងបន្ថែមនូវចំណេះដឹងទូទៅជាមូលដ្ឋាន ជំរុញភាសាបរទេស បច្ចេកទេស បច្ចេកវិទ្យា សុជីវធម៌ក្នុងការរស់នៅ គុណធម៌ កត្តញ្ញូតាធម៌ និងបណ្តុះឱ្យសិស្សមានចំណេះដឹង និងមានការគិតពិចារណា មានទំនាក់ទំនងល្អ មានភាពជាដឹកនាំ មានការស្វែងរកអ្វីដែលថ្មី និងចេះចែករំលែក។

ក្នុងនាមជាថ្នាក់ដឹ​កនាំ បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ពិតជាមានមោទនភាពណាស់ ដែលទទួល​​​ទទួលបានសិទ្ធិជាផ្លូវការ ក្នុងការអនុវត្តកម្មវិធីសិក្សាអន្តរជាតិ IB MYP ​ដែលនឹងរួម​ចំណែកពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ​​នៅកម្ពុជា។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់ IB មានសាលាចំនួន៥៧០០ នៅក្នុងចំណោមប្រទេសចំនួន១៥៩ បាននិងកំពុងអនុវត្តកម្មវិធីសិក្សារបស់ IB។ ​

សូមជម្រាបថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួនជាសាលាចំណេះទូទៅនៅឆ្នាំ២០០៩ ដែលមានកម្មវិធីបង្រៀនថ្នាក់ចំណេះទូទៅភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ក្រៅពីការសិក្សាលើចំណេះដឹងទូទៅ សាលាក៏មានរៀបចំថ្នាក់ជំនាញបន្ថែមជាច្រើន ដូចជា ថ្នាក់រ៉ូបូតទិក តៃក្វាន់ដូរ យូហ្គារ របាំបាឡេ ហ្គីតា ព្យាណូ ក្លឹបបាល់ទាត់ បាល់បោះ ថ្នាក់បំប៉នភាសាចិន ថ្នាក់បំប៉នភាសាខ្មែរ ។ល។

រហូតមកដល់បច្ចុប្បនេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានបើកដំណើរការ សាខាចំនួន៣ គឺសាខា សាខាទួលគោក សាខាអូរបែកក្អម និងសាខាភ្នំពេញថ្មី៕