គោព្រៃជំទង់កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូលពាន U23 អាស៊ាន ក្រោយចាញ់វៀតណាម ២-១
23-07-2025 09:53
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានធ្លាក់ចេញពីការប្រកួតជើងអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ២៣ឆ្នាំ(ASEAN U23 Mandiri Cup) ឆ្នាំ២០២៥ ហើយ ក្រោយបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្រុមការពារតំណែងជើងឯកវៀតណាម ២-១ កាលពីរាត្រីថ្ងៃទី២២ ខែកក្កដាកន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី។

ជំនួបបញ្ចប់ពូលB នេះ ក្រុមយុវជន U23 វៀតណាម បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន នៅវគ្គទី១ ដែលតែតបញ្ចប់ទីដោយកីឡាករ Pham Ly Duc នៅនាទី៣៥ ។ បន្ទាប់មកកីឡាករ ម៉ុន រ៉ាដូ ក៏តែតបញ្ចូលទី រកបានគ្រាប់តាមស្មើឲ្យក្រុមគោព្រៃជំទង់កម្ពុជាវិញ នៅនាទី៦២ ។ ប៉ុន្ដែនៅចុងម៉ោង កីឡាករ Nguyen Dinh Bac ក៏តែតបញ្ចប់ទី ១គ្រាប់ទៀតឲ្យវៀតណាម នៅនាទី៨៥ ដែលជួយឲ្យក្រុមខ្លួន ទទួលបានជ័យជម្នះ និងធានាកៅអីវគ្គបន្ដ។
ដំណាលគ្នានឹងការអស់ឱកាសឡើងវគ្គបន្ដរបស់ក្រុមយុវជន U23 កម្ពុជា គេក៏រកឃើញបេក្ខភាពឡើងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ ASEAN U23 Mandiri Cup™ 2025 ជាផ្លូវការផងដែរ ក្នុងនោះមានក្រុមកំពូលតារាងពូលA ឥណ្ឌូនេស៊ី ត្រូវជួបក្រុមកំពូលតារាងពូលC ថៃ ។ រីឯវៀតណាម ដែលឈរកំពូលតារាងពូលB ត្រូវជួបក្រុមលេខ២ ល្អជាងគេ គឺក្រុមយុវជន U23 ហ្វីលីពីន ដែលរកបាន ៣ពិន្ទុ ធៀបនឹងក្រុមលេខ២ នៃពូលB គឺកម្ពុជា រកបាន ១ពិន្ទុ និងក្រុមលេខ២ ពូលC គឺមីយ៉ាន់ម៉ា ដែលករបាន ២ពិន្ទុប៉ុណ្ណោះ៕