តម្លៃភាគហ៊ុន Toyota និង Honda ហក់ឡើងខ្លាំង ក្រោយពន្ធរថយន្តត្រូវបានបញ្ចុះមកត្រឹម ១៥%
23-07-2025 09:58
(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានហក់ឡើងខ្លាំងនៅថ្ងៃពុធនេះ ដោយក្រុមហ៊ុន Toyota កើនឡើង ១១% និងក្រុមហ៊ុន Honda កើន ៩% បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុនដែលរួមបញ្ចូលទាំងពន្ធនាំចូល ១៥%។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលទាំងការវិនិយោគរបស់ជប៉ុនចំនួន ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ លោក Trump មិនបានលើកឡើងជាក់លាក់ពីក្រុមហ៊ុនផលិតរថយន្តនៅក្នុងការបង្ហោះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយថា ជប៉ុន និងសហរដ្ឋអាមេរិកបានយល់ព្រមលើពន្ធ ១៥% លើរថយន្ត ដែលពីមុនត្រូវបានគ្រោងទុកថានឹងមាន ២៥%៕