គណៈកម្មាធិការអូឡាំពិកកាតា (QOC) កំពុងពិភាក្សាជាមួយ (IOC) រឿងសិទ្ធធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ 2036

23-07-2025 11:16

(កាតា)៖ គណៈកម្មាធិការអូឡាំពិកប្រទេសកាតា (QOC) បានឱ្យដឹងកាលពីថ្ងៃអង្គារថា បាននឹងកំពុងចូលរួមក្នុងការពិភាក្សាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើដំណើរការបោះឆ្នោតសម្រាប់សិទ្ធធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣៦ ។

សូមជម្រាបផងថា ប្រទេសកាតា ដែលធ្លាប់ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 និងព្រឹត្តិការណ៍ Asian Cup 2024 គឺជាប្រទេសចុងក្រោយគេដែលបានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីស្វែងសិទ្ធរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣៦ បន្ទាប់ពីមានការដេញថ្លៃពីប្រទេសឥណ្ឌូនេស៊ី ទួរគី ឥណ្ឌា និងឈីលី នាពេលកន្លងមក។

ជាមួយគ្នានេះ ប្រទេសស្ថិតក្នុងតំបន់អាស៊ី ដែលបានពិចារណាការដេញថ្លៃរួមមាន អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូង។ ហើយប្រទេសអេហ្ស៊ីប ហុងគ្រី អ៊ីតាលី អាល្លឺម៉ង់ ដាណឺម៉ាក និងកាណាដា ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។

លោក Sheikh Joaan bin Hamad Al-Thani ប្រធាន QOC បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកាតា ថា «បច្ចុប្បន្នយើងមាន ៩៥ភាគរយ នៃហេដ្ឋារចនាសម្ព័ន្ធកីឡាដែលត្រូវការសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត ហើយយើងមានផែនការដ៏ល្អមួយ ដើម្បីធានាបាននូវការត្រៀមខ្លួន ១០០ភាគរយ នៃសម្ភារៈទាំងអស់» ។ ដែលនេះជាគោលការ នឹងជាចក្ខុវិស័យរយៈពេលវែងក្នុងគោលបំណងនៅការកសាងកេរ្តិ៍ដំណែលសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយនិរន្តរភាព»។

សូមជម្រាបផងថា រដ្ឋធានី Doha របស់ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Games 2030 ដែលនេះជាលើកទី២ បន្ទាប់ពីធ្លាប់បានរៀបចំព្រឹត្តិការណ៍នេះក្នុងឆ្នាំ២០០៦ ៕