លោកស្រី Kuok Hui Kwong កូនស្រីកំពូលមហាសេដ្ឋីម៉ាឡេស៊ី ត្រូវបានតែងតាំងជា CEO ក្រុមហ៊ុនសណ្ឋាគារប្រណិត Shangri-La Asia

23-07-2025 11:20

(បរទេស)៖ លោកស្រី គួក ហ៊ុយ គ្វង (Kuok Hui Kwong) កូនស្រីរបស់កំពូលមហាសេដ្ឋីម៉ាឡេស៊ី លោក រ៉ូបឺត គួក ហុក-នៀន (Robert Kuok Hock-nien) ត្រូវបានតែងតាំងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនសណ្ឋាគារប្រណិត Shangri-La Asia ចាប់ពីថ្ងៃទី០១ ខែសីហា។

លោកស្រីបានចូលរួមជាមួយក្រុមហ៊ុននេះតាំងពីឆ្នាំ២០១៤ ជាមួយនឹងមុខតំណែងជាច្រើន រួមទាំងជាអគ្គនាយិកាគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។ លោកស្រីគួក បច្ចុប្បន្ននេះមានវ័យ ៤៧ឆ្នាំ និងបានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យហារវ៉ាត និងធ្លាប់បម្រើជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន SCMP Group និងជាអគ្គនាយិកាសារព័ត៌មាន Bangkok Post។

ឪពុករបស់លោកស្រី គឺលោក រ៉ូបឺត គួក ជាអ្នកបង្កើតក្រុមហ៊ុន Kuok Group ដែលវិនិយោគលើវិស័យជាច្រើន រួមមានសណ្ឋាគារ អចលនទ្រព្យ និងទំនិញផ្សេងៗ ព្រមទាំងខ្សែសង្វាក់សណ្ឋាគារ Shangri-La Hotels and Resorts ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១។ ទ្រព្យសម្បត្តិរបស់លោករ៉ូបឺត គួក ត្រូវបានគេដឹងថា មានប្រមាណជា ១២.៤ ពាន់លានដុល្លារអាមេរិក ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣។

តាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៤ របស់ក្រុមហ៊ុន Shangri-La Asia បានរាយការណ៍ថា ចំណូលរបស់ក្រុមហ៊ុនមានតម្លៃ ២.១៩ ពាន់លានដុល្លារ ជាការកើនឡើង ២% បើប្រៀបធៀបនឹងឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញសុទ្ធបានថយចុះ ១២.៣% មកដល់ត្រឹម ១៦១.៤ លានដុល្លារ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីលើទីផ្សារមូលបត្រហុងកុង និងសិង្ហបុរី។

គួរជម្រាបថា ការតែងតាំងលោកស្រីគួក ជានាយកប្រតិបត្តិ មានការរំពឹងថា នឹងជួយបង្កើនភាពសហការយុទ្ធសាស្ត្រ និងការអនុវត្តដំណើរការជាប្រសើរឡើង នៅក្នុងក្រុមហ៊ុន ដោយធានានូវចក្ខុវិស័យរួមក្នុងកម្រិតដឹកនាំខ្ពស់៕