សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា ជំរុញការរីកចម្រើននៅកម្ពុជា តាមរយៈកិច្ចសហការយុទ្ធសាស្រ្ត លើគម្រោងធានាឥណទាន

23-07-2025 11:55

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមនេះ បង្កើតឡើងក្នុងគោលបំណងបង្កើនការផ្តល់កម្ចី ដល់អាជីវកម្មនៅកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តមួយនេះ មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗ ទៅលើការពង្រីកអាជីវកម្ម និងជួយសម្រួលប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរ។

ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា តាមរយៈគម្រោងធានាឥណទានដែលទើបដាក់ចេញនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាទាំងមូល។ កិច្ចសហការមួយនេះនឹងធានាបានថា អាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច មធ្យម ឬធំ ឬមានទ្រព្យធានាប៉ុណ្ណានោះទេ ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ដែលពួកគេត្រូវការដើម្បីរីកចម្រើន និងរួមចំណែកដល់ពាណិជ្ជកម្មនៅកម្ពុជា។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ «៥ឆ្នាំមុន ធនាគារស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា បានចាប់ផ្តើមរួមសហការគ្នា ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីគាំទ្រអាជីវកម្មឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ បានចូលរួមគាំទ្រដល់ការស្តារឡើងវិញ និងអភិវឌ្ឍអាជីវកម្មជាច្រើន។ តាមរយៈនេះ ស្ថាប័នទាំង២ ក៏បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយ សម្រាប់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្រោងធានាឥណទាន»

លោកបានបន្ថែមថា៖ «ការចុះហត្ថលេខាលើគម្រោងធានាឥណទានបោះដុំ (WGS) និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) នៅក្នុងថ្ងៃនេះ បង្ហាញឱ្យឃើញពីឆន្ទៈរួមគ្នារបស់ស្ថាប័នទាំង២ ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីបង្កើនឥទ្ធិពលនៃការធានាឥណទាន។ គម្រោង WGS និង ESGS នឹងគាំទ្រធនាគារស្ថាបនា ក្នុងការគ្រប់គ្រងអ៊ិចស្ពូស័រ និងជួយធនាគារឱ្យមានលទ្ធភាពច្រើនជាងមុន ក្នុងការផ្តល់ហិរញ្ញប្បទានចាំបាច់ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល ជាពិសេស ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា»

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការរវាងធនាគារ ស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានបោះដុំ និង គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច អនុញ្ញាតឱ្យយើងពង្រីកបណ្តាញឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេសរបស់យើងទៅកាន់ទីផ្សារកាន់តែទូលំទូលាយ»

លោកបានបន្ថែមថា ការណ៍នេះនឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបញ្ចេញសក្តានុពលសហគ្រិនភាពរបស់ប្រជាជនកម្ពុជា។
លោកបានបន្ថែមថា៖ «កិច្ចសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធានាថាការផ្តល់ប្រាក់កម្ចីរបស់យើងស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ជំរុញកំណើននៅក្នុងតំបន់ដែលជាគន្លឹះនៃវិបុលភាពរយៈពេលវែង និងការលើកកម្ពស់ជីវភាពសម្រាប់គ្រួសារកម្ពុជា»