មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»» ប្រកាសពីការបើកទទួលពាក្យស្នើសុំនៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥

23-07-2025 11:59

(ភ្នំពេញ)៖ ទន្ទឹមនឹងការចូលរួមចំណែកក្នុងបេសកកម្មជំរុញកំ ណើនធុរកិច្ចថ្មី និង បរិវត្តកម្មឌីជីថល ឱ្យស្របតាមក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចឌីជីថល នៅក្នុងប្រទេសកម្ពុជា, កម្មវិធីនវានុវត្តន៍បញ្ច្រាស ក៏បានក្លាយជាកម្មវិធីពន្លឿនអាជីវកម្មស្នូលមួយរបស់ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) ដែលមានបេសកកម្មផ្ដល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកប ដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។

តាមរយៈការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ដៃគូសហការ, ម.ធ.ត. បានចាប់ផ្តើមបើកទទួលពាក្យកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៥ ដែលនឹងផ្តល់ការជំរុញក្រុមធុរកិច្ចថ្មីក្នុងការបង្កើតនូវដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និង អាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង។ចំណោទបញ្ហាទាំង ៥ នៅក្នុងកម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៥ រួមមាន៖
១. ហិរញ្ញវត្ថុឌីជីថលប្រកបដោយបរិយាប័ន្នសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ,
២. ការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត,
៣. ការជ្រៀតចូលទីផ្សារសម្រាប់កសិករខ្នាតតូច,
៤. ការដឹកជញ្ជូនទៅកាន់តំបន់ជនបទ, និង
៥. ការធ្វើសាមញ្ញកម្មនៃប្រព័ន្ធ ERP (Enterprise Resource Planning) សម្រាប់សហគ្រាសធុនតូចនិង មធ្យមក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍, ផ្តល់ជាចំណេះដឹង និង ជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ, និង ផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡុស៊ីធុរកិច្ចថ្មីជាមួយភាគីពាក់ព័ន្ធនានា។

ទន្ទឹមនឹងនេះ ក្រុមធុរកិច្ចថ្មីដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការបណ្ដុះបណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ការផ្សារភ្ជាប់ជាមួយអ្នកតម្រង់ទិសផ្នែកអាជីវកម្ម និង ផ្នែកបច្ចេកទេស, ការតាមដានយកចិត្តទុកដាក់ពីក្រុមការងារគាំទ្រស្ថាបនិកធុរកិច្ចថ្មី, ការប្រើប្រាស់ការិយាល័យធ្វើការរួម, ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន ការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, និង ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ឱកាសទទួលបានឥណទានបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុន AWS រហូតដល់ ៥០០០ ដុល្លារអាមេរិក និង ឱកាសទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុនផងដែរ។

លោកអ្នកអាចធ្វើការដាក់ពាក្យចូលរួមកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៥ តាមរយៈតំណភ្ជាប់៖ https://ri.techostartup.center/ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥។ បេក្ខជនដែលអាចជាក្រុមធុរកិច្ចថ្មី, ក្រុមហ៊ុនបច្ចេកវិទ្យា និង នវានុវត្តជន នឹងត្រូវចូលរួមដំណាក់កាលចំនួន ៣ រួមមាន៖ វគ្គជំរុំចាប់ផ្ដើម, វគ្គពន្លឿនអាជីវកម្ម និង ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ ដើម្បីបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន ព្រមទាំងប្រកាសលទ្ធផលក្រុមជ័យលាភី។

គួរបញ្ជាក់ផងដែរថាកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៥ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង សហគ្រិនខ្មែរ ហើយក៏មានការឧបត្ថម្ភធំពី ធនាគារ ABA រួមទាំងដៃគូផ្សព្វផ្សាយ Fresh News ផងដែរ៕