តាមរយៈកម្មវិធីសហគ្រិនមហាវិទ្យាល័យ សហគ្រិនខ្មែរ ចុះ MoU ជាមួយវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទនៃកម្ពុជា
23-07-2025 12:14
(ព្រៃវែង)៖ សហគ្រិនខ្មែរ (KE) បានចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច (EDII) នៃសាកលវិទ្យាល័យ ជាតិជាស៊ីមកំចាយមារ (NUCK) នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥។

ពិធីចុះហត្ថលេខាត្រូវបានប្រារព្ធធ្វើឡើងនៅ វិទ្យាស្ថានទ្យាស្ថានអភិវឌ្ឍ និងបណ្តុះបណ្តាលធុរកិច្ចដែលស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យ ជាតិជាស៊ីមកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រិនខ្មែរ។
ឯអភិសន្តិបណ្ឌិត ស សុខា មានអនុសាសន៍ផ្តាំផ្ញើថា «ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាការប្តេជ្ញារួមគ្នា ដើម្បីវិនិយោគលើសហគ្រិនជំនាន់ថ្មីនៅកម្ពុជា។ តាមរយៈកម្មវិធី សហគ្រិនមហាវិទ្យាល័យ យើងសម្រួចអនាគតរបស់និស្សិតសាកលវិទ្យាល័យរបស់យើង និង ប្រែក្លាយគំនិតឲ្យទៅជាឱកាស តាមរយៈការសាកល្បងធ្វើអាជីវកម្ម និងដោះស្រាយបញ្ហា»។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ ««ជាមួយនឹងការគាំទ្រសមស្រប យុវជនដែលមានបំណងក្លាយជាសហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស អាចប្រែក្លាយគំនិតរបស់ខ្លួន ឱ្យទៅជាអាជីវកម្មដែលមានឥទ្ធិពល ដើម្បីរួមចំណែកជំរុញពិពិធកម្មប្រភពកំណើននៃសេដ្ឋកិច្ចកម្ពុជា»។
ភាគីចុះហត្ថលេខារួមមាន បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ និង ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ កិច្ចសហការនេះជា ផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលជាកម្មវិធីយុទ្ធសាស្រ្តរបស់ សហគ្រិនខ្មែរ ដែលជម្រុញការសហការគ្នារវាងស្ថាប័នទាំងពីរឲ្យកាន់តែប្រសើរ។
កម្មវិធី សហគ្រិនមហាវិទ្យាល័យ មានគោលដៅបង្កើតការបណ្តុះបណ្តាលសហគ្រិនភាពជាសេរ៊ី នៅ តាមសាកលវិទ្យាល័យទូរទាំងប្រទេសកម្ពុជា ពីការបណ្តុះគំនិតសហគ្រិនភាព រហូតដល់ ដំណាក់កាលរួចរាល់ក្នុងការបង្កើតជាធុរកិច្ចថ្មី។ នៅឆ្នាំ ២០២៥ កម្មវិធីសហគ្រិនមហាវិទ្យាល័យ បានសហការជាមួយសាកលវិទ្យាល័យប្រមាណជាង ៥០ ដែលមាននិស្សិតសហគ្រិនចូល រួមវគ្គបណ្តុះបណ្តាល និងប្រកួតប្រជែងគម្រូអាជីវកម្មរបស់ពួកគេ ប្រមាណជាង ៣ ០០០នាក់ និងនិស្សិតសហគ្រិនដែលចាប់អារម្មណ៍ចូលរួមប្រមាណជាង ៦ ០០០នាក់ នៅឆ្នាំក្រោយ។
សហគ្រិនខ្មែរ និង វិទ្យាស្ថានអភិវឌ្ឍ និងបណ្តុះបណ្តាលធុរកិច្ច នឹងសហការក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាលសហគ្រិនភាពផ្សេងៗ ដូចជាការប្រកួតប្រជែង នវានុវត្តន៍ កម្មវិធីបណ្ដុះបណ្ដាល មុនចាប់ផ្តើមធុរកិច្ចថ្មី (pre-incubation) និងកម្មវិធីបណ្តុះបណ្តាលធុរកិច្ច (incubation)ផងដែរ។
ស្ថាប័នទាំងពីរនឹងធ្វើការសហការយ៉ាងជិតស្និទ្ធក្នុងការកសាងសមត្ថភាព តាមរយៈការបណ្តុះ បណ្តាល ការប្រឹក្សាណែនាំ និងការចែករំលែកធនធាន ដើម្បីពង្រឹងសមត្ថភាពនិស្សិត គ្រូបង្រៀន និងសហគ្រាសធុនតូច និងមធ្យម (SMEs)។
លើសពីនេះទៅទៀតនោះ កិច្ចសហការនេះ ក៏បានបញ្ជាក់ពីចក្ខុវិស័យរួមក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព ដោយភ្ជាប់ សហគ្រិននៅតំបន់ជនបទ ជាមួយបណ្តាញជាតិ និងអន្តរជាតិ។ កិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព តាមរយៈការអប់រំ ការផ្ដល់ ឱកាស និងការសហការជាយុទ្ធសាស្ត្រ។