(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធប្រព្រឹត្តទៅក្នុងក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់នៅថ្ងៃអង្គារ៍ទី២៧ ខែឧសភា ឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលនៃកិច្ច ពិភាក្សារបស់ថ្នាក់ដឹកនាំអាស៊ានប្រចាំតំបន់គួរឱ្យកត់សម្គាល់។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅស្តីពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នេះ៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានបិទបញ្ចប់កិច្ចប្រជុំរយៈពេល២ថ្ងៃរបស់ខ្លួននៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញនូវភាពប្តេជ្ញាចិត្តខ្ពស់របស់បណ្តាមេដឹកនាំអាស៊ានទាំងអស់ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពជាដៃគូយុទ្ធសាស្ត្រ។

ក្រោមប្រធានបទនៃកិច្ចប្រជុំកំពូល «បរិយាបន្ន និងចីរភាព», ការជួបជុំរវាងថ្នាក់ដឹកនាំកំពូល ក្នុងតំបន់អាស៊ាន បាននាំគ្នាដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ខណៈកំពុងរៀបចំផែនការផ្លូវយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់តំបន់នៅអាស៊ីអាគ្នេយ៍នេះថែមទៀត។

ប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការបង្ហាញជំហររួបរួមមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាពន្ធរបស់សហរដ្ឋអាមេរិក និងបញ្ហាប្រឈមក្នុងតំបន់ ដូចជាសង្គ្រាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះជាដើម។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន លោក Anwar បានថ្លែងនូវការតស៊ូមតិស្វែងរកនូវកិច្ចប្រជុំរួមមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីចរចាអំពីពន្ធដែលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសនៅ ក្នុងតំបន់រាប់ចាប់តាំងពីពន្ធ១០% ដល់ប្រទេសសិង្ហបុរី ដល់៤៩% ដល់កម្ពុជា។ អាស៊ានបានបង្កើតក្រុមការងារមួយដើម្បីសម្របសម្រួលការឆ្លើយតបរួម ខណៈសមាជិកមួយចំនួនបន្តកិច្ចពិភាក្សាទ្វេភាគី។

* កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយវៀតណាម និងឡាវ
នាព្រឹកថ្ងៃទី២៦ ខែឧសភា សម្តេចបវរធិបតី បានអញ្ជើញចូលរួមទទួលទានអាហារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាមឯកឧត្តម Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម Sonexay Siphandone ដោយបន្តប្រពៃណីនៃការពិភាក្សាត្រីភាគីក្នុងចំណោមប្រទេសជិតខាងទាំងបី នៅមុនកិច្ចប្រជុំកំពូលអាស៊ាន បើកដំណើរការជាផ្លូវការ។ ថ្នាក់ដឹកនាំនៃប្រទេសដែលជាប់ព្រំដែនរវាងគ្នា បានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសំខាន់ៗ រួមមានការអភិវឌ្ឍតំបន់ព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន, សមាហរណកម្មសេដ្ឋកិច្ច និងការផ្លាស់ប្តូរឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជនទៅវិញទៅមក។

នាយករដ្ឋមន្ត្រីទាំងបីបានយល់ស្របថា ការជឿទុកចិត្តគ្នាទៅវិញទៅមក សម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងការតភ្ជាប់ប្រកបដោយនិរន្តរភាព ពិតជានឹងមានសារៈសំខាន់ចំពោះវិបុលភាពយូរអង្វែង និងភាពសុខដុមរមនាក្នុងតំបន់។

* ជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រប្រ៊ុយណេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅបានចូលគាល់ជាមួយព្រះចៅស៊ុលតង់ Haji Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ដែលជាការឆ្លុះបញ្ចាំងពីបំណងទៅវិញទៅមក ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពទ្វេភាគី និងការសម្របសម្រួលលើវេទិកាអាស៊ាន។ កិច្ចពិភាក្សាបានផ្តោតលើការរក្សាស្ថិរភាពក្នុងតំបន់ និងគាំទ្រដល់ការរួបរួមរបស់អាស៊ាន ជាពិសេសក្នុងការប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់ និងការផ្លាស់ប្តូរសេដ្ឋកិច្ច។

* ការចូលរួមជាមួយដៃគូក្នុងតំបន់ និងសកល
កិច្ចប្រជុំកំពូលអាស៊ាន បានលើកឡើងពីកង្វល់ក្នុងតំបន់ ជាពិសេសជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ ប្រធានអាស៊ាន លោក Anwar បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមការចូលរួមក្រៅផ្លូវការរបស់ម៉ាឡេស៊ី រួមទាំងការពិភាក្សាជាមួយមេដឹកនាំយោធា និងឥស្សរជនប្រឆាំងមីយ៉ាន់ម៉ាផងដែរ។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា ដើម្បីការគិតគូរលើបញ្ហារកសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា លោកគ្រោងនឹងជួបជាមួយមេដឹកនាំអាស៊ានផ្សេងៗ ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

លោកនៅបានរំលឹកអំពីការបង្កើតក្រុមប្រឹក្សាក្រៅផ្លូវការមួយសម្រាប់ភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥។ ក្រុមប្រឹក្សាក្រៅផ្លូវការនោះ ត្រូវបានដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងរួមមានការចូលរួមពីឥស្សរជនក្នុងតំបន់។ របបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថា នៅតែមិនគោរពតាមផែនការសន្តិភាពរបស់អាស៊ានឡើយ ហើយការរំពឹងទុកសម្រាប់រកកិច្ចសន្ទនាដើម្បីស្វែងរក ការបញ្ចប់សង្គ្រាមស៊ីវិល នៅតែមានភាពមិនទាន់ច្បាស់លាស់ ដោយសារជម្លោះនៅកំពុងបន្ត និងឥទ្ធិពលរបស់អាស៊ាននៅមានកម្រិត។

វិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានេះ បាននាំឱ្យមានការផ្លាស់ទីលំនៅជាច្រើនរបស់ប្រជាជន ដែលគេចពីសង្គ្រាម និងការគំរាមកំហែងសន្តិសុខក្នុងតំបន់កាន់តែកើនឡើង។ ប៉ុន្តែប្រទេសម៉ាឡេស៊ី ដែលកំពុងធ្វើជាប្រធានប្តូរវេនអាស៊ាន បានថ្លែងថា គេនឹងអំពាវនាវសាជាថ្មី ស្នើឱ្យរបបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា បន្តការចរចា និងស្នើរកការសន្ទនាដាច់ដោយឡែកជាមួយក្រុមប្រដាប់អាវុធ និងផែនការសម្រាប់បេសកកម្មស្វែងរកការពិត។

ប្រទេសម៉ាឡេស៊ី បានបញ្ជាក់អំពីគោលបំណងបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Mohamad Hasan នៅមីយ៉ាន់ម៉ានាខែក្រោយ ដើម្បីជួយសម្រួលដល់ការចរចាដោយផ្ទាល់បន្ថែមទៀត ដោយបានទទួលស្គាល់ថា ការចរចាជាច្រើនជុំ ទំនងជាត្រូវការដើម្បីសម្រេចបាននូវការទម្លុះនយោបាយទ័លច្រកនោះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមទៀតថា កិច្ចប្រជុំលើកមុន ដែលធ្វើឡើងនៅប្រទេសប្រ៊ុយណេ ដារូសាឡឹម ក៏មានការយាងចូលរួមដោយ ព្រះចៅ ស៊ុលតង់ ហាស្សាន់ បូលគីយ៉ា ខណៈសម័យប្រជុំលើកទី៣ នៅទីក្រុងបាងកកប្រទេសថៃ ក៏បានរួមចំណែកដល់ការរីកចម្រើនជាក់ស្តែង។ លោក Anwar បានបញ្ជាក់ថា ជំនួបបន្ទាប់ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា នឹងគ្រោងឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីទាញយកបទពិសោធន៍របស់មេដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលមានជោគជ័យក្នុងការពន្លត់ភ្លើងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ។

ក្នុងដំណើរទស្សនកិច្ចបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីមួយចំនួន។ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅបានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ដើម្បីពិភាក្សាអំពីការវិនិយោគ និងសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាតម្រូវការសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងដើម្បីផលប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួមគ្នា។ កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានផ្តោតលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្របដណ្តប់លើការវិនិយោគ និងពាណិជ្ជកម្ម ឧស្សាហកម្មហាឡាល សន្តិសុខតាមអ៊ីនធឺណិត ធនាគារឥស្លាម វិស័យថាមពល ការពារជាតិ ទេសចរណ៍ កសិកម្ម និងការអប់រំ។

* កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
ចំណុចសំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គឺជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង Li Qiang ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពសាធារណៈ និងការការពារប្រជាពលរដ្ឋ ជាពិសេសលើការគំរាមកំហែងឧក្រិដ្ឋកម្មឆ្លងដែន។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាង Li Qiang បានអំពាវនាវឱ្យមានយន្តការពង្រឹងការអនុវត្តរួមគ្នា ខណៈសម្តេចបវរធិបតី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន និងគោលដៅតភ្ជាប់ក្នុងតំបន់។

* កិច្ចសន្ទនានាយករដ្ឋមន្ត្រីកម្ពុជាជាមួយប្រធានាធិបតីហ្វីលីពីន
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Ferdinand R. Marcos Jr. ដោយបានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងជំនួបគ្នារវាងនាយករដ្ឋមន្ត្រីទាំង២កន្លងមកនៅក្នុងទីក្រុងម៉ានីល ដែលបង្កើតបាននូវកិច្ចព្រមព្រៀងទ្វេភាគីធំៗចំនួនប្រាំបីក្នុងវិស័យពាណិជ្ជកម្ម ការងារ ទេសចរណ៍ និងការអប់រំ។ ការពិភាក្សារបស់នាយករដ្ឋមន្ត្រីទាំង២ក្នុងប្រទេសម៉ាឡេស៊ី បានផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងទាំងនោះ និងស្វែងរកមធ្យោបាយបន្ថែមទៀតនៃផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងភាពធន់នឹងសេដ្ឋកិច្ច។

* ពង្រឹងទំនាក់ទំនងជាមួយប្រទេសអូម៉ង់
ក្នុងជំនួបការទូតដ៏កម្រមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយព្រះអង្គម្ចាស់ Sayyid Asa’ad bin Tariq al Said ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការនៃប្រទេសអូម៉ង់។ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងកម្ពុជា-អូម៉ង់ ដោយមានការចាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ពាណិជ្ជកម្ម ហិរញ្ញវត្ថុឥស្លាម និងការអប់រំ។

* លទ្ធផលនៃកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធប្រព្រឹត្តទៅក្នុងក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់នៅថ្ងៃអង្គារ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលត្រូវបានបញ្ចេញគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ មេដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួស្តីពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៖ «អនាគតរួមរបស់យើង ដែលជាផែនទីបង្ហាញផ្លូវប្រកបដោយចក្ខុវិស័យដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ដែលធន់ទ្រាំ ផ្តោតលើមនុស្ស និងសហគមន៍ប្រកួតប្រជែងជាសាកលនៅឆ្នាំ២០៤៥»។

នៅក្នុងអម្លុងនៃកិច្ចប្រជុំកំពូលនោះ, ប្រធានបទសំខាន់ៗដែលបានលើកឡើងយកមកជជែក ពិភាក្សា រួមមាន៖ ការឆ្លើយតបទៅនឹងពន្ធគយរបស់សហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជំរុញឱ្យអាស៊ានមានជំហររួបរួមគ្នា និងធ្វើកិច្ចសន្ទនា ដែលមានសក្តានុពលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក, វិបត្តិមីយ៉ាន់ម៉ាដែលកំពុងបន្ត និងវិបត្តិការផ្លាស់ទីលំនៅក្នុងតំបន់របស់ជនភៀសសឹក, ជម្លោះនៅសមុទ្រចិនខាងត្បូង និងសន្តិសុខដែនសមុទ្រក្នុងតំបន់, ការបង្កើតក្រុមការងារដើម្បីសម្របសម្រួលការឆ្លើយតបរួមរបស់អាស៊ានចំពោះបញ្ហាប្រឈមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅបានលើកឡើងអំពីបេក្ខភាពនៃប្រទេសទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញលេញរបស់អាស៊ានថែមទៀត។មេដឹកនាំអាស៊ានបានទទួលស្គាល់វឌ្ឍនភាពដ៏សំខាន់ដែលប្រទេសទីម័រខាងកើត បានធ្វើក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការចូលជាសមាជិក ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ក្នុងឆ្នាំ២០២៣។ ការពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល បានបង្ហាញពីការគាំទ្រក្នុងតំបន់យ៉ាងរឹងមាំសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ប្រទេសទីម័រខាងកើត ជាមួយនឹងលទ្ធភាពនៃការចូលជាផ្លូវការ ត្រូវបានពិចារណាសម្រាប់កិច្ចប្រជុំអាស៊ានខែតុលាឆ្នាំ២០២៥។

* ជំហរយុទ្ធសាស្ត្ររបស់កម្ពុជារំលេចលើវេទិកាក្នុងតំបន់
ការចូលរួមយ៉ាងទូលំទូលាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រាប់ចាប់ពីជំនួបពហុភាគីក្នុងតំបន់ រហូតដល់ការទូតទ្វេភាគីកម្រិតខ្ពស់ បានពង្រឹងតួនាទីវិវត្តរបស់កម្ពុជានៅក្នុងអាស៊ាន ក្នុងភាពបុរេសកម្មជាក់ស្តែង និងប្រកបដោយស្ថាបនា។

ការចូលរួមយ៉ាងសកម្មរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងឱកាសរួមគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
វត្តមានរបស់សម្តេចបវរធិបតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងនូវសកម្មភាពពាក់ព័ន្ធតាមគោលដៅសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់, ភាពប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មនៃភាពជាដៃគូអន្តរជាតិ,និងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការរួមចំណែកដល់ការផ្លាស់ប្តូររបស់អាស៊ានក្នុងនាមជាតួអង្គកណ្តាលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕