(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរដ៏ច្បាស់លាស់របស់ខ្លួនក្នុងដំណោះស្រាយព្រំដែនរវាងកម្ពុជានិងថៃ។ ដំណោះស្រាយរបស់កម្ពុជា គឺការជ្រើសរើសយកផ្លូវសន្តិវិធី និងដំណោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសការដាក់សំណុំរឿងទៅតុលាការអន្តរជាតិ ICJ ដែលជាភស្តុតាងបញ្ជាក់ពីការចង់បានសន្តិភាពប្រកបដោយតុល្យភាព និងការទទួលខុសត្រូវ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលដែលភាពតានតឹងតាមព្រំដែន កើតឡើងឡើងវិញសាជាថ្មីរវាងកម្ពុជានិងថៃ, រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរដ៏រឹងមាំ ក្នុងការដោះស្រាយវិបត្តិដោយសន្តិវិធី និងតាមយន្តការបច្ចេកទេស និងយន្តការផ្លូវច្បាប់ជាអន្តរជាតិ ដោយបន្តរក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃជាដរាប។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជារក្សាសិទ្ធិប្រើកម្លាំងដើម្បីការពារអធិបតេយ្យភាព និងអាណាចក្រដែនដីដ៏ត្រឹមត្រូវរបស់ខ្លួន បើសិនមានការបំពានដល់ទឹកដីរបស់ជាតិពីសំណាក់ប្រទេសជិតខាង។ ជំហររបស់កម្ពុជា បានបង្កប់អត្ថន័យសំខាន់ខ្លាំងក្នុងបរិបទនយោបាយអន្តរជាតិបច្ចុប្បន្ន ពីព្រោះជម្លោះព្រំដែន អាចនឹងក្លាយជាសង្គ្រាមតែមួយពព្រិចភ្នែក ប្រសិនបើខ្វះការគ្រប់គ្រងនយោបាយដោយភាពទទួលខុសត្រូវខ្ពស់។

ក្នុងជំនួបតាមទូរស័ព្ទរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃទី៦ ខែមិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់អំពីគោលជំហរបួនរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហានៅព្រំដែនកម្ពុជា-ថៃ។ គោលជំហរទាំងនោះរួមមាន៖

១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។

២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។

៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ក្រៅពីតំបន់ទាំង៤ខាងលើ ដែលនឹងត្រូវបញ្ជួនទៅតុលាការ ICJ។

៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

សម្តេចបវរធិបតី បានមានប្រសាសន៍រៀបរាប់ពិស្តារបន្ថែមអំពីចំណុចនៃជំហររបស់កម្ពុជានេះ ក្នុងពិធីសម្ពោធសមិទ្ធផលវិស័យអប់រំនៅក្នុងខេត្តរតនគីរី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៖ « ជំហររបស់កម្ពុជា វិធីសាស្រ្តអភិក្រមរបស់កម្ពុជាប្រើ៣ ទី១ គឺប្រើយន្តការបច្ចេកទេស ប្រើយន្តការបច្ចេកទេស គឺការខិតខំដោះស្រាយតាមគណៈកម្មាការព្រំដែនទាំង២ប្រទេស ដោយប្រើប្រាស់លិខិតបទដ្ឋានគតិយុត្តិ ផែនទីដែលបានឯកភាពគ្នាក្នុងការប្រើប្រាស់ ហើយក្នុងករណីកម្ពុជាថៃ គឺយើងឯកភាពគ្នាតាមរយៈកិច្ចព្រមព្រៀងឆ្នាំ២០០០ដែលហៅថា MOU ២០០០ ដើម្បីទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការដោះស្រាយ ដោយយកផែនទី ដែលគណៈកម្មការកំណត់ព្រំដែនបារាំង-សៀមឆ្នាំ១៩០៧ ផែនទីធ្វើឆ្នាំ១៩០៤ ។

យើងយកនូវសន្ធិសញ្ញាឆ្នាំ១៩០៧ និងលិខិតបន្ទាប់បន្សំ ដើម្បីជាគោលហើយផែនទីនោះគឺផែនទី១លើ២០០ពាន់នៅក្នុងការដោះស្រាយ សម្រាប់មួយជួរព្រំដែនរបស់យើងពី៨០០គីឡូម៉ែតជាង ដែលចាប់ផ្តើមតាំងពីមុំ៣រហូតទៅដល់ខេត្តកោះកុង។ បើយន្តការនេះទៅមិនរួចយើងប្រើយន្តការអន្តរជាតិច្បាប់អន្តរជាតិ, ទី២ យន្តការច្បាប់អន្តរជាតិផ្អែកទៅលើមូលដ្ឋាន ដើម្បីដោះស្រាយរឿងបច្ចេកទេស តែបើសិនជាទៅមិនរួចទេ គឺយើងប្រើប្រាស់យន្តការទី៣ច្បាប់អន្តរជាតិ កន្លែងខ្លះយើងប្រើវា គីទី៣ ដូចនៅព្រំដែនកម្ពុជាឡាវ កម្ពុជា-វៀតណាម យើងពឹង បារាំងរឿងការបោះពុម្ភជួយមើលរឿងផែនទី បើថា ពីរអ្នកហ្នឹងទាល់ច្រកទៅហើយ យើងនៅរ៉ាំរ៉ៃទៀតក៍វាមិនទៅមុខហើយហេតុអ្វី បានជាយើងចង់ដោះបញ្ចប់ដើម្បីកុំឱ្យកូនខ្មែរជំនាន់ក្រោយរាប់រយឆ្នាំនៅតែខាំធ្មេញដាក់គ្នាតិចៗរកតែវៃគ្នាជាមួយប្រទេសជិតខាង ដើម្បីបញ្ចប់»។

ស្ថានការណ៍ប្រឈមមុខរវាងកម្ពុជា និងថៃជុំវិញជម្លោះព្រំដែនរវាងប្រទេសទាំង២ កាន់តែកើនកម្តៅ ក្រោយទាហានថៃ បានលួចចូលមកក្នុងតំបន់មុំបីនៃទឹកដីកម្ពុជា ដោយបាញ់សម្លាប់ទាហានខ្មែរម្នាក់ ដែលកំពុងល្បាតក្នុងព្រឹត្តិការណ៍មួយកាលពីទៀបភ្លឺថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា ដែលមិនប្រើប្រាស់នូវវិធីសងសឹកហិង្សាតបតទៅវិញនោះ បានធ្វើកំណត់ការទូតប្តឹងឱ្យរដ្ឋាភិបាលថៃ ត្រូវនាំខ្លួនអ្នកប្រព្រឹត្តអំពើបាញ់ប្រហារមកលើទាហានកម្ពុជានោះ ដើម្បីការដាក់ទោសទៅតាមច្បាប់ ប៉ុន្តែថៃបានព្យាយាមការពារព្រឹត្តិ ការណ៍ដែលបំពានដាក់មកលើកម្ពុជានោះ។

ចំណុចមួយដែលនាំឱ្យភាគីថៃ ធ្វើការបំពានមកលើទឹកដីកម្ពុជានោះ ត្រូវគេរាយការណ៍ថា គឺដោយសារភាគីថៃ បានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួនដែលខុសពីស្មារតីនៃអនុ ស្សារណៈ MOU ឆ្នាំ 2000។ កម្ពុជា បានថ្លែងថា ដរាបណាភាគីថៃ នៅតែប្រើផែនទីនៃមាត្រដ្ឋាន ១/៥០០០ ដែលខុសនោះទៀត គឺគេនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។

ភាគីកម្ពុជា បានប្រាប់ទៅភាគីថៃ សូមប្រកាន់យកស្មារតីនៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា MOU ឆ្នាំ២០០០ ដូចដែលធ្លាប់មានកន្លងមក។ ដោយសារតែការប្រើប្រាស់ផែនទីខុសនោះហើយ ភាគីកម្ពុជា បានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទក្នុងតំបន់ទាំង៤ គឺតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។

អនុស្សារណៈ MOU ឆ្នាំ២០០០ រវាងកម្ពុជានិងថៃ គឺជាឧបករណ៍ត្រឹមត្រូវនិងចាំបាច់បំផុត សម្រាប់ការដាក់ចំណុចសញ្ញា និងការសម្របសម្រួលព្រំដែន។ ប៉ុន្តែថៃ បែរជាប្រើផែនទីខ្នាត១/៥០០០ ដែលអ្វីទាំងនេះ គឺជាការបំពានលើអនុស្សារណៈ MOU ឆ្នាំ២០០០ ដែលកម្ពុជានិងថៃ បានចុះហត្ថលេខាកន្លងមក។

ការជ្រើសរើសយកផ្លូវសន្តិវិធី និងដំណោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសការដាក់សំណុំរឿងទៅតុលាការអន្តរជាតិ (ICJ) គឺជាភស្តុតាងបញ្ជាក់ពីការចង់បានសន្តិភាពប្រកបដោយតុល្យភាព និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះនៅពេលភាគីថៃ បានស្នើឱ្យកម្ពុជាដកទាហានខ្មែរចេញពីតំបន់មុំ៣ ដោយផ្អែកលើផែនទីខុសរបស់ខ្លួននោះ កម្ពុជាបានច្រានចោលសំណើរបស់ថៃភ្លាម ដោយបញ្ជាក់ទៅវិញថា តំបន់នោះ គឺជាដែនអធិបតេយ្យភាពកម្ពុជា ហើយហេតុអ្វីបានជាកម្ពុជាត្រូវដកកងទ័ពរបស់ខ្លួនចេញពីលើទឹកដីរបស់កម្ពុជាខ្លួនឯងនោះ?

ប្រទេសទាំង២ ត្រូវគេរាយការណ៍ជុំវិញការបញ្ជូនកម្លាំងទាហាន និងឧបករណ៍យោធារៀងៗខ្លួនទៅកាន់តំបន់ព្រំដែន ក្រោយហេតុការណ៍បាញ់សម្លាប់ទាហានកម្ពុជាម្នាក់នោះមក។ រាជរដ្ឋាភិបាល បានបញ្ជាក់ថាកម្លាំងបញ្ជូននោះ គឺមិនមែនដើម្បីធ្វើសង្គ្រាមឡើយ ប៉ុន្តែដើម្បីការពារដែនអធិបតេយ្យភាពជាតិខ្មែរ តែប៉ុណ្ណោះ។

ក្នុងពិធីសម្ពោធសមិទ្ធផលវិស័យអប់រំនៅក្នុងខេត្តរតនគីរី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ទោះជាយ៉ាងណាក៏ដោយ បានបញ្ជាក់សាជាថ្មីនូវសិទ្ធិរក្សាការប្រើកម្លាំង បើសិនជាមានអំពើបំពានលើដែនអធិបតេយ្យជាតិកម្ពុជា៖ «បើសិនជាមានការឈ្លានពានទឹកដីយើងប្រើប្រាស់កម្លាំង យើងប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប៉ុន្តែជំហានទី៣នេះ វាគ្មានផលប្រយោជន៍សម្រាប់ប្រទេសណាទេ។ យើងធ្លាប់វាយហើយពី២០០៨, ២០១១ ប៉ុន្តែកងទ័ព និងកងកម្លាំងប្រដាប់អាវុធរបស់យើងការពារទឹកដីយើង។ ប៉ុន្តែអាទិភាពគឺជំហាន២ខាងមុខ ទី១យន្តការ ទ្វេភាគីដោះស្រាយ ទី២យន្តការអន្តរជាតិដើម្បីយើងប្តឹង»។

* ការសាកល្បងសន្តិភាពក្នុងតំបន់ និងស្មារតីអាស៊ាន
ពេលវេលានៃវិបត្តិនេះ ជារឿងអកុសលកើតឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន ដែលបានគូសបញ្ជាក់ពីសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ យ៉ាងណាក៏ដោយពេលវេលានេះ គឺជាការសាកល្បងថា តើតួអង្គក្នុងតំបន់ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍នោះក្នុងកម្រិតប៉ុណ្ណា? ការអំពាវនាវរបស់កម្ពុជាចំពោះបទដ្ឋានច្បាប់អន្តរជាតិ ការប្រើប្រាស់គណៈកម្មការព្រំដែនរួម (JBC, GBC, RBC) និងការរក្សាសិទ្ធិ ដើម្បីការការពារដែនអធិបតេយ្យភាពជាតិរបស់ខ្លួន បើសិនជាមានអំពើឈ្លានពាននោះ គឺជាផ្នែកមួយនៃការឆ្លុះបញ្ចាំងនៃស្មារតីរបស់អាស៊ាន ក្នុងសេចក្តីប្រាថ្នាចង់បានសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ជាជាងការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ដែរថា ភាពអត់ធ្មត់របស់កម្ពុជា ដែលមិនបានធ្វើការតបតសងសឹកដោយអំពើហិង្សា ដាក់ទៅលើទាហានថៃដែលលបលួចចូលមកបាញ់សម្លាប់ទាហានកម្ពុជាវិញនោះ គឺជាការបង្ហាញច្បាស់លាស់ថា កម្ពុជាមិនចង់មានសង្គ្រាមឡើយ, ប៉ុន្តែកម្ពុជាត្រូវការរក ដំណោះស្រាយតាមផ្លូវច្បាប់ ជាជាងការប្រឈមមុខដាក់គ្នាដោយអាវុធ និងអ្វីដែលកម្ពុជា បាននិងកំពុងធ្វើទាំងឡាយនេះ គឺជាស្មារតីសន្តិភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់ ប្រទេសក្នុងប្លុកអាស៊ាន ។

* ក្រុមជាតិនិយមជ្រុល បង្កើនភាពតានតឹងខាងជាតិសាសន៍
អ្វីដែលបង្កើនភាពស្មុគស្មាញបន្ថែមទៀតក្នុងពេលដែលភាពតានតឹងនៃជម្លោះទឹកដីកើតឡើងរវាងប្រទេសទាំងពីរនោះ គឺបរិយាកាសផ្សព្វផ្សាយរបស់ក្រុមជាតិនិយមជ្រុលទាំងកម្ពុជា និងថៃ។ ក្រោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបីបានកើតឡើងនោះ ក្រុមជាតិនិយមជ្រុល បានផ្សព្វផ្សាយនូវព័ត៌មានអុជអាល ញុះញង់ក្នុងបំណងរុញស្ថានការណ៍ឱ្យកាន់តែយ៉ាប់យ៉ឺន ដែលអ្វីទាំងនោះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍នៃកងទ័ពទាំងសងខាង។

ក្រុមជាតិនិយមជ្រុលនៅប្រទេសថៃ បានលើកឡើងថាមានការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានមិនពិតផ្សេងៗទៀត ខណៈក្រុមជ្រុលនិយមខ្មែរ បានផ្សព្វផ្សាយព័ត៌មានមានលក្ខណៈសំអប់ជាតិសាសន៍ ដើម្បីប៉ុនប៉ងដុតបញ្ឆេះកំហឹងជាតិនិយម។ រដ្ឋាភិបាលថៃ បានចាត់ទុកព័ត៌មានផ្សាយទាំងនោះ គឺជាព័ត៌មានអុជអាល បង្កភាពប៉ះពាល់សតិអារម្មណ៍ដល់កងទ័ព និងប្រជាជនកម្ពុជា និងថៃ។

នៅក្នុងប្រទេសកម្ពុជានេះវិញ សម្តេចបវរធិបតី បានថ្លែងអំពាវនាវសូមឱ្យការផ្សព្វផ្សាយ មិនត្រូវដុតបញ្ឆេះនូវកំហឹងជាតិ និយមឡើយ៖ «ហើយក៏សូមឱ្យបងប្អូនសាជាថ្មី កុំពង្រីកសភាពការឱ្យលើសពីអ្វីដែលជាការចាំបាច់ ជាពិសេសគឺការចាប់ផ្តើមកើនគ្នាស្អប់ជនជាតិរើសអើងជាមួយជនជាតិនៃប្រទេសមួយ វាធ្វើឲ្យប្រទាញប្រទង់គ្នា អ្នកជាតិនិយមជ្រុល អ្នកដែលស្មារតីជ្រុលនិយម ប្រកាន់ជំហរជ្រុល មានមួយក្តាប់តូចទេក្នុងប្រទេសទាំងសងខាង។ ប៉ុន្តែបើអ្នកទាំងនេះ ផ្លុំចូលត្រចៀកអ្នកផ្សេង អ្នកផ្សេងចាប់ផ្តើមធ្វើសកម្មភាពបែបហ្នឹង ហ្នឹងហើយជាការពង្រីកសមរភូមិ សមរភូមិមិនត្រៀមប្រយុទ្ធតែទិសភូមិភាគ៤និងកងទ័ពទេ គឺសមរភូមិរវាងប្រជាជននិងប្រជាជន រវាងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរតែម្តង ហើយរយៈពេលវែងនេះគឺជាការរួមគ្នា។

ហើយខ្ញុំសង្ឃឹមថារាជដ្ឋាភិបាលថៃ ជាពិសេសនៅកិច្ចប្រជុំថ្ងៃ១៤ ខែ៦ខាងមុខនេះ យើងនឹងយកចំនុចរួមមួយដើម្បីបន្តដំណើរនូវក្នុងការចរចារដោះស្រាយរឿងបញ្ហាព្រំដែនដែលនៅសេសសល់ច្រើនរយគីឡូម៉ែតទៅទៀតទោះបីអាប៉ុន្មានគីឡូម៉ែតនេះកម្ពុជាបានយកទៅ ICJ ក៏ដោយ ប៉ុន្តែនៅច្រើនចំនុនទៀតដែលយើងនៅតែបន្តខណ្ឌសីមាបោះបង្គោលព្រំដែនតាមរយៈយន្តការទ្វេភាគីផ្អែកទៅលើ MOU ឆ្នាំ២០០០ ផ្អែកទៅលើផែនទីដែលយើងឯកភាពគ្នា នេះហើយគឺយើងសន្និដ្ឋានថាតាមយន្តការនេះ យើងនឹងបន្តឈានទៅមុខបន្តដោះស្រាយបញ្ហាព្រំដែនរបស់យើង ជាពិសេសព្រំដែនគោករបស់យើងឲ្យឆាប់ចប់ ហើយរក្សានូវសាមគ្គីភាពរវាងប្រទេសនិងប្រទេស ហើយប្រជាជននិងប្រជាជនលើគ្រប់វិស័យ នេះគឺជាការណ៍ គោលការណ៍សំខាន់របស់យើង»។

វិធីសាស្រ្តនៃដំណោះស្រាយរបស់កម្ពុជាដើម្បីបញ្ចប់ជម្លោះព្រំដែននេះ គឺជាការផ្តល់មេរៀនមួយ ដែលជាស្មារតីសន្តិភាពរបស់អាស៊ាន។ កម្ពុជាមិនស្វែងរកសង្គ្រាមទេ ពីព្រោះសង្គ្រាម ក៏មិនផ្តល់ផលអ្វីក្រៅតែពីអំពើសោកនាដកម្មតែប៉ុណ្ណោះ។ ជំហររបស់កម្ពុជា គឺការរក្សាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនតាមរយៈច្បាប់អន្តរជាតិ និងយន្តការសន្តិភាព។ នេះគឺជាសារយ៉ាងច្បាស់លាស់របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក គឺបូរណភាពទឹកដី មិនមែនជាទំនិញដែលអាចចរចាបាន ហើយសន្តិភាពក៏មិនមែនជាអវត្ដមាននៃសង្គ្រាមដែរ ប៉ុន្តែវាគឺជាវត្តមាននៃយុត្តិធម៌ពិតៗ ដែលកម្ពុជាកំពុងស្វែងរកក្នុងពេលនេះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ៕