(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានបង្កើតល្បិចកលប្រឌិតព័ត៌មានជាវីដេអូសម្តែងមួយ ដើម្បីចង់បំផ្លាញទឹកចិត្តស្នេហាជាតិរបស់កងយោធពលខេមរភូមិន្ទ។ ប៉ុន្តែល្បិចកលនោះ ត្រូវបានបកអាក្រាតភ្លាមៗ ជាមួយនឹងការចាត់វិធានការតាមផ្លូវច្បាប់។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ក្នុងពេលវេលាមួយដែលប្រទេសជាតិ កំពុងត្រូវការការឯកភាពជាតិដើម្បីទប់ទល់នឹងសត្រូវ មកពីខាងក្រៅ, ក្រុមប្រឆាំងមួយក្តាប់តូច បានជ្រើសរើសយកពេលវេលាដ៏ចាំបាច់នោះ ធ្វើល្បិចកល វាយប្រហារប្រទេសខ្លួនឯងពីក្រោយខ្នង។ ទង្វើនាពេលថ្មីៗនេះរបស់ លោក អែម ពិសិដ្ឋ ដែលជាសកម្មជនបក្សប្រឆាំង និងជាប្រធានបណ្តាញយុវជនកម្ពុជាសកលក្នុងប្រទេសថៃ បានបង្ហាញពីល្បែងនយោបាយក្បត់ជាតិមួយ ដែលចង់រុញប្រទេសកម្ពុជាដែលមានសន្តិភាព ឱ្យប្រឈមនឹងការធ្វើសង្គ្រាមជាមួយប្រទេស ជិតខាង ដើម្បីបំរើផលប្រយោជន៍នយោបាយទុច្ចរិតរបស់ក្រុមខ្លួន។
ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មាននៃសភាពការណ៍តាមព្រំដែន ដែលនាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ពកម្ពុជា។ គោលបំណងរបស់បុគ្គលនោះ គឺច្បាស់ណាស់ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត បង្កការភ័ន្តច្រឡំជាសាធារណៈ និងបង្ខូចសីលធម៌ដល់ទាហានដែលកំពុងបំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាពជាតិ ក្នុងអំឡុងដែលមានភាពតានតឹងនៃជម្លោះព្រំដែន និងភាពរសើបការទូតរវាងកម្ពុជានិងថៃ។ សកម្មភាពរបស់បុគ្គលនោះ គឺជាទង្វើក្បត់ជាតិតាមផែនការរបស់ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី។ ទង្វើនេះ គឺជាការឆ្លងកាត់បន្ទាត់ក្រហមខាងសីលធម៌ និងជាតិរបស់ខ្លួនឯងហើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងចាត់ទុកនៅថ្ងៃទី១០ ខែមិថុនាថា សកម្មភាពរបស់សកម្មជនប្រឆាំង អែម ពិសិដ្ឋ ដែលស្នាក់នៅប្រទេសថៃ និងដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ពនោះ គឺជាអំពើក្បត់ជាតិ។
សម្តេចតេជោសែន បានសរសេរលើបណ្តាញសង្គមថា៖ «អំពើក្បត់ជាតិគឺបែបនេះឯង ទាំងមេទាំងកូន គឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅគុបគិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនគុបគិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
សកម្មភាពក្លែងបន្លំជាយោធា ជាមួយនឹងការបង្កើតព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងទន្ទឹមនឹងមានភាពតានតឹង នៅតាមព្រំដែនភាគខាងលិចរវាងកងទ័ពកម្ពុជានិងថៃ។ ខណៈការចរចាគ្នាវេលាចុងក្រោយ រវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំង២ បានឈានទៅរកការកែសម្រួលកម្លាំងយោធាទាំងសងខាងនោះ ស្រាប់តែក្រុមជ្រុលនិយម បានរៀបចំបង្កើតផែនការវិទ្ធង្សនា ប្រឌិតនូវព័ត៌មានក្លែងក្លាយនេះ។ តាមពិតការសម្របសម្រួល ដែលនាំឱ្យមានការយល់ព្រមកែសម្រួលកម្លាំងយោធារវាងកងទ័ពកម្ពុជានិងថៃតាមបណ្តោយព្រំដែន ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនោះ បានធ្វើឱ្យខូចគម្រោងការណ៍ទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលពួកគេចង់ឱ្យព្រំដែនសន្តិភាព ក្លាយជាព្រំដែនសង្គ្រាម និងចង់ឱ្យការចរចា ប្រែក្លាយជាការប្រឈមមុខដាក់គ្នាវិញ ដើម្បីស្វែងរកឱកាសបង្កអំពើចលាចលនយោបាយ ក្នុងប្រទេសកម្ពុជា។
អាជ្ញាធរកម្ពុជា បានថ្លែងថា ក្រុមប្រឆាំង បានផលិតវីដេអូឲ្យបក្ខពួកស្លៀកឯកសណ្ឋានជាយោធាកាន់កាំភ្លើងបាញ់ទឹក និងបង្ហោះដោយគណនីហ្វេសប៊ុក និង Tik Tok ឈ្មោះ «Amy Richard310» និង FB ឈ្មោះ «Piseth P G EM» ដែលពួកគេបាននិយាយខ្លឹមសារវាយប្រហារដល់ទឹកចិត្តយោធា និងប្រមាថដល់ថ្នាក់ដឹកនាំយ៉ាងខ្លាំង។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេសបានសរសរលើបណ្តាញសង្គមបញ្ជាក់ថា ក្រុមធ្វើនយោបាយប្រឆាំង ដែលតែងអួតខ្លួនឯងថា ជាអ្នកស្នេហាជាតិនោះ បានប្រើល្បិចកល ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង ដើម្បីវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើប្រជាជាតិកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា៖ «តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ជាការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិរបស់ខ្លួន»?
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមអំពាវនាវដល់ប្រជាពល រដ្ឋសូមពិចារណា ដោយសារមានអ្នកនយោបាយមួយក្រុម មាត់ស្រែងថាស្នេហាជាតិ ប៉ុន្តែបែរជាប្រព្រឹត្តទង្វើអាក្រក់ជួរជាតិទៅវិញ។ សំណេរលើបណ្តាញសង្គមមានអត្ថន័យថា៖ «សូមបងប្អូនជនរួមជាតិជួយគិត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើង ប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង ដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិ ជួយពិចារណាផងចុះ»។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមឆ្អែតឆ្អន់ណាស់ទៅហើយក្នុងអតីតកាលរបស់ខ្លួន និងកម្ពុជា ដើម្បីការរក្សាសន្តិភាពគង់វង្ស នឹងមិនខ្លាចការប្រើប្រាស់មធ្យោបាយដាក់ទោសលើ អ្នកណាដែលចង់នាំកម្ពុជាពីសន្តិភាព ធ្លាក់ចូលក្នុងសង្គ្រាមវិញដែរ។
អាជ្ញាធរកម្ពុជាដែលទទួលបន្ទុកការងារសន្តិសុខជាតិ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីចាត់វិធានការតាមច្បាប់ ចំពោះក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក ដែលបាននិងកំពុងធ្វើវិទ្ធង្សនាប្រឆាំងជាតិខ្មែរតាមរយៈបង្កើតចលនាផលិត និងចែកចាយវីដេអូសម្តែងចង់បំបាក់ស្មារតីកងទ័ព និងការធ្វើសកម្មភាពស្លៀកឯកសណ្ឋានកងទ័ព ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពដ៏អង់អាចក្លាហានរបស់ជាតិខ្មែរ។
ការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគ្រាដែលមានភាពរសើបរបស់ជាតិ មិនមែនជាសេរីភាព នៃការបញ្ចេញមតិនោះទេ។ វាគឺជាការធ្វើវិទ្ធង្សនាប្រកបដោយគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងអ្នកប្រព្រឹត្ត នឹងមិនអាចគេចរួចពីសំណាញ់ច្បាប់ និងការថ្កោលទោសរបស់ប្រជាជនខ្មែរ ដែលស្រឡាញ់សន្តិភាពបានឡើយ៕