(ភ្នំពេញ)៖ វីដេអូដ៏ខ្លីមួយ ដែលបង្ហាញដំណើរចុះសាកសួររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងសហគមន៍មួយក្នុងក្រុងនីស នៃប្រទេសបារាំង គឺជាខ្សែវីដេអូមួយទទួលបានការចាប់អារម្មណ៍យ៉ាងក្រៃលែង។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ដំណើរទស្សនកិច្ចដោយមិនប្រកាសជាមុនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ហាងខ្មែរមួយចំនួននៅទីក្រុងនីស ប្រទេសបារាំង បានបង្ហាញយ៉ាងច្បាស់ពីភាពសាមញ្ញ និងការចូលរួមជាមួយសហគមន៍ខ្មែរនៅបរទេស និងក៏ជាសារមួយបង្ហាញថា សហគមន៍ខ្មែរនៅទីនោះ មិនត្រូវបានបញ្ជាដោយសំឡេងនយោបាយជ្រុលនិយម ដែលតែងតែញុះញង់ឱ្យមានការប្រឆាំងនឹងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
វត្តមានរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងដំណើរសាកសួរសុខទុក្ខពលរដ្ឋខ្មែរនៅទីក្រុងនីស ត្រូវបានប្រជាពលរដ្ឋខ្មែរបានសម្តែងក្តីរំភើប និងរីករាយជាខ្លាំង។ វត្តមានសាកសួរសុខទុក្ខ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គឺជាសារនយោបាយដ៏មានឥទ្ធិពលមួយ ដែលប្រៀបដូចជាការទះកំផ្លៀងលើមុខទណ្ឌិត សម រង្ស៊ី ដែលបុគ្គលរូបនេះ បានចំណាយពេលវេលាជាច្រើនទសវត្សរ៍ ក្នុងការព្យាយាមចង់បំផ្លាញមុខមាត់ កិត្តិយស និងការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ។
រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម រង្ស៊ី បានឧស្សាហ៍ប្រើយុទ្ធសាស្ត្រនិយាយបញ្ឆេះដើម្បីបង្កើតកំហឹងក្នុងចិត្តពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេសនៅប្រទេសបារាំង ដែលជាកន្លែងស្នាក់នៅរបស់គាត់ ដើម្បីបំពេញមហិច្ឆតានយោបាយផ្ទាល់ខ្លួន។ នៅលើឆាកអន្តរជាតិ បុគ្គលនេះ និងបក្ខពួក បានបន្តបង្ហោះអត្ថបទនិយាយបញ្ឆេះ និងបង្អាប់កេរ្តិ៍ឈ្មោះរបស់ជាតិខ្លួនឯង ដោយគោលបំណងចង់ឱ្យមានការដាក់សម្ពាធអន្តរជាតិលើរាជរដ្ឋាភិបាលកម្ពុជា។ ហើយជារឿយៗនៅពេលណា ដែលមានដំណើរបេសកកម្មការទូតរបស់នាយករដ្ឋមន្ត្រីកម្ពុជាចេញក្រៅប្រទេស មេខ្លោងក្បត់ជាតិរូបនោះ តែងបញ្ជាឱ្យមានការរៀបចំធ្វើបាតុកម្ម ដើម្បីតែបំណងបំបាក់មុខរាជរដ្ឋាភិបាលកម្ពុជា។
បុគ្គលក្បត់ជាតិរូបនេះ ថែមទាំងធ្លាប់ធ្វើសកម្មភាពបើកចំហរអំពីការ "វាស់ដី" ដើរសម្រាប់ មេដឹកនាំកម្ពុជាថែមទៀត មានន័យថា ជនក្បត់ជាតិ សម រង្ស៊ី នោះ នឹងជំរុញឱ្យមានបាតុកម្មនៅក្រៅប្រទេស ជាមួយនឹងយុទ្ធនាការលាបពណ៌ជាមុន ដើម្បីការរារាំងបេសកកម្មជាអន្តរជាតិ របស់រាជរដ្ឋាភិបាល មិនអាចដើរដោយសេរី ឬដោយមោទនភាពនៅលើទឹដីបរទេសឡើយ។ ប៉ុន្តែពេលវេលាបានផ្លាស់ប្តូរហើយនាពេលនេះ។ សម រង្ស៊ី បានក្លាយជាអ្នកនយោបាយធុងសំរាមហើយ។
ដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង មិនមានបាតុកម្មប្រឆាំងពីសំណាក់ក្រុមជ្រុលនិយម និងសូម្បី តែលិខិតរបស់មេខ្លោងក្រុមជ្រុលនិយម សរសេរមិនល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ទៅប្រធានាធិបតីបារាំង ក្នុងការត្អូញត្អែរអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏គេលែងរវល់មើលយកចិត្តទុកដាក់ដូចមុនទៀតឡើយពីព្រោះ សម រង្ស៊ី គឺជាបុគ្គលដែលគ្មានតម្លៃជាមេដឹកនាំនយោបាយប្រឆាំងនោះឡើយ។
*ពលរដ្ឋខ្មែរនៅក្រុងនីស ស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីខ្មែរនិងលោកជំទាវ
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងនីស ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីមហាសមុទ្រ គេមិនបានឃើញមានបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ វត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ទទួលបានការគោរពជាមួយនឹងការឱបរឹតយ៉ាងកក់ក្ដៅ ការស្វាគមន៍ដ៏រំជួលចិត្តនិងទឹកភ្នែកប្រកបដោយមោទនភាពពីខ្មែរក្នុងសហគមន៍។
ការធ្វើដំណើរថ្មើរជើង ពីហាង «Khmer Street Food» ដល់ «Store Phnom Penh» និង «Battambang Food» ប្រជាពលរដ្ឋខ្មែរ ត្រូវគេឃើញថា បានសម្តែងក្តីរីករាយស្វាគមន៍ សាកសួរសុខទុក្ខ និងប្រើប្រាស់នូវភាសាស្និទ្ធស្នាលទៅវិញទៅមកដូចជា «ក្មួយប្រុស» ឬ «ក្មួយស្រី» ដោយភាពនៃក្តីស្រលាញ់ និងដែលជាសញ្ញាវប្បធម៌នៃភាពកក់ក្តៅក្នុងគ្រួសាររបស់ខ្មែរ។ ស្ត្រីចំណាស់ខ្មែរម្នាក់ ក្នុងវ័យប្រមាណជាង៥០ឆ្នាំ ត្រូវបានគេឃើញ គាត់រីករាយលាយឡំនឹងភ្នែក និងគាត់បានស្ទុះឱបនាយករដ្ឋមន្ត្រីខ្មែរ និងថ្លែងថា «ខ្ញុំសប្បាយចិត្តណាស់ដូចបាន កើតម្តងទៀតអញ្ចឹង…ខ្ញុំសប្បាយចិត្តណាស់ ដោយបានជួបក្មួយប្រុស និងក្មួយស្រី»។
ស្ត្រីខ្មែរម្នាក់ទៀតបាននិយាយថាគាត់ «សប្បាយចិត្តស្ទើរតែចង់យំ…បានជួបនេះ ដូចបានកើតម្តងទៀត»។ ចំណែកនៅហាងមួយទៀតនោះវិញ យើងឮសម្រែកស្រែករបស់ម្ចាស់ ហាងនិយាយថា «ទេវតាចុះមកហើយ!» ដែលពាក្យទេវតានេះ គឺសម្តៅវត្តមានរបស់សម្តេចបវរធិបតី និងលោកជំទាវ ដោយពួកគេមិនបានដឹង ឬបានត្រៀមទទួលជាមុនឡើយ។
សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គមបញ្ជាក់ថា មុនវិលត្រឡប់មកប្រទេសកម្ពុជាវិញ សម្តេចនិងភរិយា មានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើង នៅទីក្រុងនីស។ សម្តេចបវរធិបតីបន្តថា «បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស»។
នៅក្នុងប្រទេសបារាំង មានពលរដ្ឋខ្មែររស់នៅទីនោះសារុបប្រមាណ ៨០,០០០នាក់ ក្នុងនោះ ភាគច្រើនរស់នៅក្នុងក្រុងប៉ារីស, ក្រុងលីយ៉ុង ក្រុងនីស និងក្រុងដទៃទៀត។ ក្រុងនីស ទំនងជាសហគមន៍ខ្មែរធំទី៣ បន្ទាប់ពីក្រុងប៉ារីស និងក្រុងលីយ៉ុង។
សម្តេចបវរធិបតី បានសរសេរបន្តថា៖ «ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីស ដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ»។
ដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសបារាំង បានទន្ទឹមនឹងស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនខាងលិចរវាងកម្ពុជា និងថៃ។
សម្តេចបវរធិបតី បានថ្លែងថា៖ «ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើន ហើយកុំឱ្យមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅ។ ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង»។
វីដេអូបង្ហាញភាពស្និទ្ធស្នាលរវាងសម្តេចបវរធិបតី ជាមួយនឹងប្រជាពលរដ្ឋខ្មែរ នៅក្នុងក្រុងនីសនៃប្រទេសបារាំងនោះ មិនមែនជាឈុតឆាកនៃភាពយន្តឯកសារ ដែលផលិតដោយរាជរដ្ឋាភិបាលនោះទេ។ វីដេអូនោះ គឺជារូបភាពពិតនៃកាយវិការបញ្ចេញនូវក្តីស្រលាញ់ និងការគោរពរបស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង ចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងវីដេអូនោះ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមបណ្តាញសង្គម។
ស្ត្រីខ្មែរម្នាក់ បានថ្លែងថា៖ «ខ្ញុំសប្បាយចិត្ត ឡើងយំទៅហើយ»។ ជាមួយនឹងការពោលពាក្យដ៏ត្រង់ឥតលាក់លៀមនេះ គាត់បានស្ទុះទៅឱបសម្តេចនាយករដ្ឋមន្ត្រី ជាមួយទឹកភ្នែករលីងរលោង។ ភរិយារបស់សម្តេច ក៏ត្រូវបានពលរដ្ឋខ្មែរជាច្រើន បានចូលទៅជិតសម្តែងភាពឱបក្រសោប និងប្រើពាក្យពេជន៍សម្តែងក្តីគួរសមនូវនឹករលឹក។ ក្នុងវីដេអូនោះ គេក៏បានឮពលរដ្ឋខ្មែរខ្លះទៀត បានថ្លែងថា «ខ្ញុំត្រេកអរណាស់ នៅពេលដែល សម្តេច បានអញ្ជើញចុះមកនេះ»។ បន្ទាប់ពីហាង «Khmer Street Food», « Store Phnom Penh» និង «Battambang Food» សម្តេច និងលោកជំទាវ បានចូលមកក្នុងហាងខ្មែរផ្សេងមួយទៀត។
ម្ចាស់ហាង Le Kobe Plats Asiatiques ដែលគ្រប់គ្រងដោយពលរដ្ឋខ្មែរ បានបន្លឺសំឡេងក្នុងភាពត្រេកអរទាំងប្តី និងប្រពន្ធ ពេលបានឃើញសម្តេចបវរធិបតី និងលោកជំទាវ បានអញ្ជើញចូលមកក្នុងហាងសាកសួរសុខទុក្ខ។
រូបភាពលើខ្សែវីដេអូ ដែលបានចែកចាយតាមបណ្តាញសង្គម គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពិតប្រាកដថា ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង មានមោទនភាពរបស់ខ្លួនយ៉ាងខ្លាំងក្លា ដែលមានប្រមុខរាជរដ្ឋាភិបាលប្រកបដោយសមត្ថភាពដឹកនាំខ្ពង់ខ្ពស់ បានអញ្ជើញ ចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទីបី ស្តីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ក្នុងប្រទេសបារាំង។
សម្តេចបវរធិបតី នៅក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសនោះទៀត ក៏បានជួបពិភាក្សាផ្លូវការជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ជុំវិញការពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំងជាបន្ថែមទៀត។ ប្រធានាធិបតីបារាំង បានសន្យាថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំក្រោយ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ការជួបពិភាក្សាទ្វេភាគីរវាងមេដឹកនាំបារាំង និងកម្ពុជានេះ ត្រូវបានពលរដ្ឋខ្មែរក្នុងប្រទេសបារាំង វាយតម្លៃកាន់តែខ្ពស់ចំពោះកិត្តិយសរបស់ជាតិខ្មែរ នៅលើឆាកអន្តរជាតិ មិនដូចជាក្រុមជ្រុលនិយម ដែលព្យាយាមចង់តែជាន់ពន្លិចជាតិខ្មែរខ្លួនឯងនោះឡើយ។
វត្តមានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងទីក្រុងនីស ជាមួយនឹងដំណើរទស្សនកិច្ចហាងខ្មែរ ចេញពីមួយ ចូលហាងមួយ ដោយមានការស្វាគមន៍ទទួលយ៉ាងកក់ក្តៅដោយពលរដ្ឋខ្មែរថែមទៀតនោះ ត្រូវបានគេចាត់ទុកថា គឺជាសារមួយប្រាប់ពលរដ្ឋខ្មែរគ្រប់ទិសទីថា សហគមន៍ខ្មែរនៅទីនោះមិនត្រូវបានបញ្ជាដោយសំឡេងនយោបាយជ្រុលនិយម ដែលតែងតែញុះញង់ឱ្យមានការប្រឆាំងនឹងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
សម្ដីរបស់សម រង្ស៊ី លែងមានឥទ្ធិពលលើខ្មែរនៅក្រៅប្រទេសទៀតហើយជាពិសេសក្នុងប្រទេសបារាំង។ ដូច្នេះយុទ្ធនាការរបស់ សម រង្ស៊ី ដែលចង់បំផ្លាញមុខមាត់ និងកិត្តិយសជាតិខ្មែរ នៅលើឆាកអន្តរជាតិនោះ ក៏ក្លាយជាសម្លេងទទេផងដែរ ពីព្រោះគ្មានអ្នកណាជឿលើ សម រង្ស៊ី នោះទៀតទេ។ ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខពលរដ្ឋខ្មែរនៅក្នុងទីក្រុងនីស ត្រូវបានគេចាត់ទុកថា គឺជាការទះកំផ្លៀងមួយដៃចំមុខដល់ សម រង្ស៊ី ពីព្រោះពលរដ្ឋខ្មែរ គេលែងជឿទៅលើសម្តីបុគ្គលក្បត់ជាតិនេះទៀតឡើយ៕