(ភ្នំពេញ)៖ ស្ថានភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហាក់ដូចជាមានសភាពតានតឹងគួរ ឱ្យកត់សម្គាល់ ប៉ុន្តែការវិភាគបានមើលឃើញថា សង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃ ទំនងជាមិនអាចកើតឡើងក្នុងភាពដែលគេមិនអាចគ្រប់គ្រងបាន ដូចធ្លាប់មានចារឧទាហរណ៍នៅតាមប្រទេសមួយចំនួនឡើយ។ Fresh Exclusive មានសេចក្តីរាយការណ៍វិភាគជុំវិញបញ្ហានេះ៖

ភាពវិវត្តន៍នៃស្ថានការណ៍ព្រំដែនវេលាចុងក្រោយនេះ បាននាំឱ្យមានក្តីបារម្ភខ្លាចក្រែងមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំង២។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ខណៈឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់ ហើយភាគីថៃនៅតែបន្តបិទច្រកព្រំដែនរបស់ខ្លួនថែមទៀតនោះ កម្ពុជាបានសម្រេចកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា។ ទង្វើរបស់កម្ពុជា គឺជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។

សេចក្តីរាយការណ៍ថ្ងៃទី១៧ ខែមិថុនា បានបង្ហាញថាកម្ពុជាចាប់ផ្តើមជម្លៀសពលរដ្ឋតាមតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដូចជានៅតំបន់មុំបី។ ពលរដ្ឋ១,០៤៧គ្រួសារ ដែលស្មើជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់មុំបី, អានសេះ និងជាំ ត្រូវបានជម្លៀសទៅស្រុកគូលែន។ ការជម្លៀសនេះ នៅទន្ទឹមនឹងសេចក្តីរាយការណ៍ការធ្វើសកម្មភាពរបស់ភាគីថៃ ដែលបញ្ជូនកងកម្លាំងរបស់ខ្លួនមកក្បែរតំបន់ព្រំដែន។ កម្ពុជា បានប្រកាសការរក្សាសិទ្ធិតបត បើសិនមានអំពើរំលោភលើដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។

បើទោះបីជាហានិភ័យនៃជម្លោះប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជានិងថៃ កំពុងស្ថិតនៅកម្រិតខ្ពស់ក៏ដោយ ក៏សង្គ្រាមទ្រង់ទ្រាយធំរវាងកងទ័ពទាំងពីរជាប់ព្រំដែន ត្រូវបានគេវិភាគថានឹងមិនអាចកើតឡើងបាននោះទេ យ៉ាងហោចក្នុងពេលដ៏ខ្លីខាងមុខនេះ។ ស្ថានការណ៍វិវត្តន៍នេះ ត្រូវគេកត់សម្គាល់ថាមានភាពខុសប្លែកពីគំរូនៃជម្លោះខ្លះៗ ដែលពិភពលោកធ្លាប់បានឃើញកើតមានក្នុងសង្គ្រាមនៃជម្លោះព្រំដែននៅតាមបណ្តាប្រទេសផ្សេងៗ។

* ចំណុចទាំងឡាយនេះ គឺជាការវិភាគជុំវិញស្ថានភាពបច្ចុប្បន្នតាមព្រំដែនរវាងប្រទេសទាំង២

១៖ ភាពតានតឹងទោះបីខ្ពស់ ប៉ុន្តែនៅតែត្រូវបានគ្រប់គ្រង

បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបាននាំឱ្យយុទ្ធជនកម្ពុជាម្នាក់បានបាត់បង់ជីវិត និងការបញ្ជូនកម្លាំងទ័ព និងគ្រឿងយុទ្ធភ័ណ្ឌរបស់ប្រទេសទាំងពីរទៅកាន់តំបន់ជម្លោះ, ការចរចាររវាងកម្ពុជានិងថៃ នៅតែបន្តប្រព្រឹត្តទៅដោយមិនបានផ្អាកឡើយ។ យន្តការចរចាទ្វេភាគីនេះ គឺជាយន្តការសំខាន់ណាស់ដែលអាចគ្រប់គ្រងកម្លាំងទ័ពទាំង២ មិនឱ្យប៉ះទង្គិចគ្នា។ មិនមានការប៉ះទង្គិចគ្នាដទៃថ្មីណាមួយគួរឱ្យកត់សម្គាល់ឡើយ ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភានោះ ដែលជាសញ្ញាបង្ហាញថា កម្លាំងយោធានៃប្រទេសទាំងពីរ កំពុងអនុវត្តការរក្សាអត់ធ្មត់ ដែលស្ថិតនៅក្រោមទិសដៅនយោបាយដ៏ជាក់លាក់រៀងៗខ្លួន។

២៖ បណ្តាញការទូតសកម្មនៅតែបើកចំហ

កម្ពុជាបានជ្រើសរើសការធ្វើដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាសញ្ញានៃការពេញចិត្តសម្រាប់មជ្ឈត្តកម្មផ្នែកច្បាប់ដោយសន្តិវិធី ជុំវិញភាពតានតឹងដែលមានការកើនឡើង បើទោះបីជាប្រទេសថៃបដិសេធយុត្តាធិការរបស់ ICJ ប៉ុន្តែថៃមិនបានដកខ្លួនចេញពីកិច្ចពិភាក្សាទ្វេភាគីឡើយ។ យន្តការទ្វេភាគីដូចជាគណៈកម្មការព្រំដែនរួម (JBC) នៅតែដំណើរការ បើទោះបីជាកិច្ចប្រជុំក្នុងខែមិថុនា មិនទាន់អាចដោះស្រាយបញ្ហាបានទាំងស្រុងយ៉ាងណាក៏ដោយ។ កិច្ចប្រជុំ JBC ថ្មីមួយទៀត គ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២៥។ មានន័យថាបណ្តាញការទូតរវាងប្រទេសទាំង ពីរនៅតែប្រាស្រ័យទាក់ទងគ្នាជាដដែល។

៣៖ សម្ពាធក្នុងតំបន់និងសកល រារាំងការផ្ទុះសង្គ្រាម

គោលការណ៍សន្តិភាពរបស់អាស៊ាន បានដាក់ចែងយ៉ាងច្បាស់ថា រដ្ឋសមាជិកមិនគួរប្រើអាវុធដើម្បីដោះស្រាយជម្លោះគ្នាទេ។ បើទោះអាស៊ាន ត្រូវបានរិះគន់ថា មានភាពទន់ខ្សោយក្នុងការអនុវត្តគោលការណ៍នេះក៏ដោយ ក៏អាស៊ានដែលតែងតែត្រូវបានគេរំពឹងថា ជាគំរូសន្តិភាពក្នុងតំបន់ និងពិភពលោក ក៏មិនអាចអនុញ្ញាតឱ្យមានការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ ដែលអាចប៉ះពាល់ដល់ឈ្មោះល្អរបស់អង្គការតំបន់នេះបានឡើយ។

ម្យ៉ាងទៀត សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសធំៗជិតខាងដូចជា ចិន វៀតណាម និងជប៉ុន ក៏កំពុងឃ្លាំមើលស្ថានការណ៍យ៉ាងជិតស្និទ្ធ ហើយជាច្រើនមានទិសដៅនឹងសម្រុះសម្រួល ដើម្បីការពារមិនឱ្យតំបន់អាស៊ីអាគ្នេយ៍រងអស្ថិរភាពឡើយ។ គំរូជម្លោះនយោបាយជាសកល ដូចជា រុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ហ្គាហ្សា បានបង្ហាញយ៉ាងច្បាស់ថា នៅពេលសង្គ្រាមកើតឡើង ការគ្រប់គ្រងស្ថានភាព នឹងប្រឈមភាពលំបាកខ្លាំង ដោយសារស្ថាប័នអន្តរជាតិសំខាន់ៗដូចជា អង្គការសហប្រជាជាតិ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចប់ជម្លោះបានឡើយ។ ដោយសារតែការបែបនយោបាយនេះ ប្រទេសធំៗក្នុងតំបន់ នឹងព្យាយាមរារាំងមិនឱ្យសង្គ្រាមរវាងកម្ពុជា និងថៃកើតឡើងឡើយ ដោយខ្លាចការបង្កើតគំរូអវិជ្ជមានដូចជាជម្លោះក្នុងតំបន់ផ្សេងទៀត។

៤៖ ការលើកទឹកចិត្តផ្នែកនយោបាយបញ្ចៀសសង្គ្រាម

ភាពដឹកនាំជាគម្រូរបស់ប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងប្រើប្រាស់ច្បាប់អន្តរជាតិ ដែលអ្វីទាំងនេះ គឺជាការបញ្ជាក់ថាកម្ពុជាមិនបានរៀបចំរកដំណោះស្រាយប្រើហិង្សាដោយ សង្គ្រាមឡើយ។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជា បានជួបបណ្តាអង្គទូតចំនួន២៧ប្រទេសប្រចាំកម្ពុជា ដោយលោកបានពន្យល់ពីភាពវិវត្តលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ ប្រាប់មន្ត្រីទូតបរទេសថាកម្ពុជាជ្រើសរើសចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ទៅកាន់តុលាយុត្តិធម៌អន្តរជាតិ ICJ ក្នុងការផ្តល់លិខិតជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ជាមួយគ្នានេះដែរ ក្នុងពេលដែលរដ្ឋាភិបាលថៃ កំពុងស្ថិតនៅក្រោមសម្ពាធពីក្រុមជាតិនិយមជ្រុលនយោបាយរបស់ខ្លួន ក៏បានបង្ហាញនូវសញ្ញាបត់បែនផ្នែកយោធារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មានការរំពឹងជាច្រើនថា ទាំងថៃនិងកម្ពុជា នឹងមិនជ្រើសរើសសង្គ្រាមជាជម្រើសក្នុងការដោះស្រាយវិវាទនោះទេ ពីព្រោះសង្គ្រាមអាចនឹងនាំឱ្យមានវិបត្តិធ្ងន់ធ្ងរផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់ទាំងពីរប្រទេស។ បន្ថែមពីលើនេះ នៅក្នុងស្ថានភាពពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កការព្រួយបារម្ភអំពីការរាលដាលទៅជាជម្លោះជាសកលផងដែរ។

ដូច្នេះសង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃ ទំនងជាមិនអាចកើតឡើងនៅក្នុងរយៈពេលខ្លីនេះបានទេ។ ប៉ុន្តែទោះជាយ៉ាងណា ហានិភ័យនៃការប៉ះទង្គិចតូចៗ ឬការកើនឡើងដោយចៃដន្យ អាចនឹងកើតមាន ប្រសិនបើទំនាក់ទំនងរវាងកងយោធារបស់ប្រទេសទាំងពីរមិនបានគ្រប់គ្រងល្អ។ ជាពិសេសចំពោះប្រទេសថៃ ដែលស្ថានភាពនយោបាយផ្ទៃក្នុង ត្រូវបានគេរាយការណ៍ថា មានភាពខ្វែងគំនិតគ្នាលើក្រុមយោធា និងក្រុមដឹកនាំរាជរដ្ឋាភិបាលថៃ ដែលអ្វីទាំងនេះមិនដូចភាពសាមគ្តីជាធ្លុងមួយរវាងកងទ័ព, ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាឡើយ៕