(ភ្នំពេញ)៖ សំឡេងនៃកិច្ចសន្ទនាដែលមានរយៈពេល១៧នាទី ត្រូវបានបញ្ចេញមានមនុស្សមួយចំនួនបានវាយតម្លៃផ្សេងៗពីគ្នា។ Fresh Exclusive មានអត្ថបទវិភាគមួយជុំវិញបញ្ហានេះ៖

នៅពេលសំឡេងសន្ទនាជាប្រវត្តិសាស្ត្រមួយរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីនាយករដ្ឋមន្ត្រីថៃ ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ចេញជាសាធារណៈវាបានធ្វើឲ្យមានការពិភាក្សាផ្សេងៗជាមួយនឹងការវាយតម្លៃខុសប្លែកពីគ្នា។ ប៉ុន្តែក៏មានចំណុចដទៃទៀត ដែលគេត្រូវសម្លឹងមើលឱ្យឆ្ងាយលើសពីទីនេះ ដែលមានន័យថា កិច្ចសន្ទនាតាមទូរស័ព្ទដែលបានបញ្ចេញនោះច្បាស់ណាស់ គឺមិនមែនជាកំហុសនយោបាយឡើយ ប៉ុន្តែជាមេរៀននៃវិធីសាស្ត្រមួយ ស្របពេលដែលស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ កំពុងរងការបារម្ភថា នឹងអាចប្រឈមមុខនឹងសង្គ្រាមឈ្លានពានមួយពីផ្នែកទិសខាងលិច។

បើសិនជាសម្លេងកិច្ចសន្ទនា ដែលបានទម្លាយមកនោះ គឺជាវិធីសាស្ត្រជួយសង្គ្រោះឬ ជួយស្តារសភាពការណ៍អាក្រក់ឱ្យវិលត្រឡប់ទៅរកសន្តិភាពវិញនោះ វាគឺជាទង្វើមួយដែល គប្បីចាត់ទុកថា ជាការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកាត់បន្ថយភាពតានតឹងព្រំដែន រវាងប្រទេសទាំង២ផង និងដើម្បីតែផលប្រយោជន៍ នៃអាយុជីវិតមនុស្សច្រើនម៉ឺនសែននាក់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។

* ហេតុអ្វីបានជាសារសំឡេង ត្រូវបានទម្លាយ?
កិច្ចសន្ទនាគ្នា រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៥ ខែមិថុនា ដោយមានការបកប្រែពីលោក ឃ្លាំង ហួត។ យោងតាមសម្តេចតេជោ ហ៊ុន សែន៖ «ជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ គឺចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។

សំឡេងសន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃ ត្រូវបានសម្តេចតេជោ ផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស, ក្រុមការងារព្រឹទ្ធសភា, ក្រុមការងារសភា, ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស, ក្រុមការងារឃោសនាអប់រំ, ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ ប៉ុន្តែ សម្លេងសន្ទនារយៈពេលជាង១៧នាទីនោះ ត្រូវបានគេទម្លាយដំបូងមានត្រឹមរយៈពេលប្រមាណ៩នាទីប៉ុណ្ណោះ។

សម្លេងដែលទម្លាយប្រមាណ៩នាទីនោះ ត្រូវបានគេជឿថា ធ្វើឡើងដោយមន្ត្រីកម្ពុជាណាម្នាក់។ សម្តេចតេជោ បានថ្លែងថា៖ «ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃ ចេញមកចោទមេដឹកនាំកម្ពុជា ទាំងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើនិយាយផ្សេង ធ្វើផ្សឹង។»

សម្តេចតេជោ បានថ្លែងបន្តថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និងលើនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈនោះ។ ទាក់ទងសារសំឡេងបែកធ្លាយនោះ សម្តេចតេជោ បានបញ្ជាក់ថា៖ «ឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន សម្តេចនឹងបញ្ជូនចេញទាំងស្រុងតែម្តងដែលមានរយៈពេល១៧៖០៦នាទី»។

សម្តេចតេជោ តាមរយៈសារក្នុងបណ្តាញសង្គម នៅបានបង្ហាញអំពីអតីតកាលនៃទំនាក់ទំនង ដ៏ជ្រាលជ្រៅមួយរវាងក្រុមគ្រួសារសម្តេច និងក្រុមគ្រួសាររបស់ត្រកូលលោកថាក់ស៊ីន។ សម្តេចតេជោ បានសរសេរថា រូបសម្តេចដោយផ្ទាល់ក្នុងអតីតកាលគ្រប់គ្រងក្នុងរាជរដ្ឋាភិបាល៖ «ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងត្រូវជាម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ននេះផងដែរ។ ក្នុងភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ មានបន្ទប់ពីរ ដែលសម្រាប់ជូនដល់បងប្អូនទាំងពីរនាក់ គឺលោក ថាក់ស៊ីន និងលោកស្រី យ៉ីងឡាក់ សម្រាប់សំរាកនៅពេលមកកម្ពុជា។ បន្ទប់សម្រាប់អ្នកទាំងពីរ ត្រូវបានដាក់ឈ្មោះថា បន្ទប់ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់យ៉ីងឡាក់។

សម្តេចតេជោ បានសរសេរថា៖ «នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ យើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំ។ អ៊ុងអ៊ីន គឺជាឈ្មោះ ហៅក្រៅរបស់លោកជំទាវ ផៃថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវជាកូនស្រីរបស់លោក ថាក់ ស៊ីន»។

សំណេររបស់សម្តេចតេជោ នៅបានរំលឹកទៀតថា មុនការបញ្ចប់និងមុនពេលចាកចេញពីកម្ពុជា នាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុក និងម្តាយមីងរបស់នាយករដ្ឋមន្ត្រីថៃសម្រាកនៅក្នុងភូមិគ្រឹះក្រុងតាខ្មៅនោះ។ ហើយស្វាមីនាយករដ្ឋមន្ត្រីថៃ នៅបានថត និងថតជាវីដេអូ នៅបន្ទប់ទាំងពីរនេះថែមទៀត។

* យកផលប្រយោជន៍ជាតិ ដាក់នៅខាងមុខជាអាទិភាព
កិច្ចសន្ទនារបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃ ដែលបានទម្លាយតាមបណ្តាញសង្គមនោះបានបង្ហាញនូវខ្លឹមសារដ៏មានសារៈសំខាន់មួយ នោះគឺកត្តាផលប្រយោជន៍ជាតិជាធំ និងមិនមែនកត្តាផ្អែកទៅលើអារម្មណ៍បុគ្គលផ្ទាល់ខ្លួន ឬទំនាក់ទំនងរវាងគ្រួសារណាមួយនោះឡើយ។ វាក៏ជាសកម្មភាពការទូតមួយដែលមានទំនួលខុសត្រូវក្នុងគ្រា ដែលស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនភាគខាងលិច ត្រូវបានប្រទេសថៃបិទច្រកចេញចូល និងមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានសកម្មភាពជីកលេណដ្ឋានខុសធម្មតា និងការបង្កើនដាក់ពង្រាយទ័ពជាមួយនឹងគ្រឿងសឹកយោធា ក្នុងការត្រៀមធ្វើសឹកក្នុងទ្រង់ទ្រាយណាមួយក្នុងពេលអនាគតខាងមុខនេះ។

ក្នុងសម្តីដែលបានបញ្ចេញនោះគេបានឮសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីថៃ ថា «ខ្ញុំយល់ ខ្ញុំអាណិត ប៉ុន្តែខ្ញុំមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេ ព្រោះនេះគឺជាមុខមាត់របស់ប្រទេសកម្ពុជា»។

ក្នុងអារម្មណ៍ជាមេដឹកនាំជាតិ ដែលទទួលខុសត្រូវលើវាសនាពលរដ្ឋច្រើនលាននាក់ ក្នុងពេលដែលមានការប្រឈមនឹងសភាពការណ៍បែបនេះ ពិតជាមិនអាចឈរនៅស្ងៀមបណ្តោយឱ្យស្ថានការណ៍ធ្ងន់ធ្ងរ ចេះតែបន្តទៅមុខ ដោយមិនមានវិធានការណ៍ត្រៀមទុកជាមុនក្នុងការដោះស្រាយ ដោយសារតែមោទនភាព ឬតាមអារម្មណ៍នៃទំនាក់ទំនងបុគ្គលរវាងគ្រួសារ និងគ្រួសារឡើយ។ វាជាកត្តាអាយុជីវិតរបស់ប្រទេសជាតិ និងជាពេលវេលាដែលប្តេជ្ញាដាច់ខាត ក្នុងការរក្សាសន្តិភាពមិនឱ្យបាត់បង់ចេញពីប្រទេសឡើយ។ វាគឺជាទង្វើនៃការដឹកនាំដ៏ក្លាហានមួយ ក្នុងការផ្តល់អាទិភាពចំពោះផលប្រយោជន៍ជាតិ ជាងភាពអាត្មានិយម ឬបែបបទនៃទម្រង់ការទូត។

* ការលេចធ្លាយនៃសម្លេងសន្ទនា ស្មើនឹងការបង្ហាញតម្លាភាព
តើអ្វីទៅជាភស្ថុតាងនៃភាពស្មោះត្រង់ក្នុងការរក្សាសន្តិភាព? ចម្លើយមួយនោះបានបង្ហាញឱ្យឃើញថា គឺការសន្ទនាដោយត្រង់ៗគ្មានភាពលាក់លៀមរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ កន្លងមកនោះ មិនថាមានអ្នកស្តាប់ ឬអ្នកមិនស្តាប់ ឬអ្នកបកស្រាយថាយ៉ាងនេះ ឬយ៉ាងនោះបែបណាឡើយ ការបែកធ្លាយសំឡេងសន្ទនានេះ ក៏នៅតែបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃនយោបាយសន្តិភាពរបស់ជាតិកម្ពុជា គឺពិតជាធ្វើការដោយស្មារតី និងភាពលះបង់ខ្ពស់ដើម្បីសន្តិភាព ដោយសម្តេចមិនយកផលប្រយោជន៍ បុគ្គលដាក់នៅពីមុខផលប្រយោជន៍ជាតិឡើយ។ ទង្វើដ៏គួរឱ្យកោតគោរពនេះផ្ទុយពីអ្នកនយោបាយ ខ្លះដែលចូលចិត្តតែនិយាយអួតអាង សម្តែងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងលក្ខណៈជម្រុញ ចង់ឱ្យទាហាននៅតាមបណ្តោយព្រំដែន បាញ់គ្នាទៅវិញទៅមកដោយមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំឡើយ។ ច្បាស់ណាស់ សម្តេចតេជោ ហ៊ុន សែន ពិតជាមិនប្រើ Facebook ជាឧបករណ៍សង្គ្រាម ដូចដែលមនុស្សមួយចំនួននិយាយចោទប្រកាន់នោះទេ ប៉ុន្តែសម្តេចតេជោ បានប្រើបណ្តាញសង្គមក្នុងវិធីសាស្ត្រធ្វើការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយ ពលរដ្ឋរបស់លោក និងប្រជាជាតិនានា ក្នុងប្រយោជន៍ដើម្បីបំបែរស្ថានភាពអាក្រក់នៃសង្រ្គាម ទៅជាសន្តិភាពល្អប្រសើរវិញ។

* បែកធ្លាយក៏ពិតមែន ប៉ុន្តែជាប្រយោជន៍ជាតិ
អ្នករិះគន់ខ្លះ បានវាយតម្លៃមិនសមរម្យនៅពេលដែលកិច្ចសន្ទនាត្រូវបានបញ្ចេញ ខ្លះវាយតម្លៃដោយរិះគន់និងចោទថា ជាទង្វើប៉ះពាល់ក្រមសីលធម៌ រីឯខ្លះទៀតបន្លឺសម្លេង ស្រែក កោកកាក ដោយគ្មានយល់ដឹងអ្វីសោះឡើយ។ គេត្រូវសម្លឹងមើលឱ្យឃើញថា ក្នុងវិស័យការទូត ភាពខ្លាំងរបស់អ្នកនយោបាយដែលប្រកបដោយចក្ខុវិស័យម្នាក់ មិនមែនដោយសារតែមាត់ពូកែស្រែកកោកកាកនោះទេ។ ពេលខ្លះ ការបញ្ចៀសសង្គ្រាម ឬការសង្គ្រោះជីវិត គេត្រូវបង្ហាញភាពស្ងប់ស្ងាត់ ឬវិធីសាស្ត្រផ្សេង ដើម្បីកាត់បន្ថយភាពតានតឹង។

សំឡេងកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនិងនាយករដ្ឋមន្ត្រីថៃ ក៏អាចជាវិធីសាស្ត្រមួយជួយបញ្ចៀសគ្រោះគំរាមកំហែងនៃទង្វើចង់បំពានរបស់ថៃមកលើដែនអធិបតេយ្យភាពជាតិកម្ពុជា ឬក៏ជាការបង្ហាញដ៏ប្រត្យក្សនៃទង្វើរបស់រដ្ឋបុរសម្នាក់ ដែលក្នុងមួយជីវិតរបស់លោក តែងតែធ្វើសកម្មភាព ដើម្បីតែប្រយោជន៍សន្តិភាពសម្រាប់ជាតិខ្មែរតែប៉ុណ្ណោះ។ នេះគឺជាពេលវេលាមួយដែលគេត្រូវតែទទួលស្គាល់នូវវិធីសាស្ត្រដ៏ប៉ិនប្រសប់ ក្នុងការជួយបញ្ចៀសសង្គ្រាម និងភាពតានតឹង និងវាមិនមែនជាពេលដែលមនុស្សមួយចំនួន បែរជាកេងរកប្រយោជន៍ក្នុងការប្រើសម្តីមិនសមរម្យក្នុងអំពើសងសឹកនយោបាយជាបុគ្គលរបស់ខ្លួនឡើយ។

មនុស្សមួយចំនួនក្នុងពេលនេះហាក់ដូចជាកំពុងស្វែងរក «អ្នកណាដែលត្រូវបានប៉ះពាល់» ក្នុងការបញ្ចេញសំឡេងនោះ ប៉ុន្តែសង្គមមិនគួរផ្ដោតទៅលើ «អ្នកនិយាយ» ឡើយ។ ចំណុចដែលត្រូវផ្ដោតទៅលើគឺ «អ្វីដែលបាននិយាយ» និង «លទ្ធផលនៃការនិយាយនោះ»។ ប្រសិនបើសំឡេងទម្លាយនោះ ធ្វើឱ្យមានប្រយោជន៍សម្រាប់ជាតិ វាគួរត្រូវបានទទួលស្គាល់ថា វាជាចំណេះដឹងនយោបាយដែលត្រូវរៀនសូត្រ និងវាមិនមែនជាកំហុស ឬជាសេចក្តី សោកស្តាយឡើយ។

ភាពជាអ្នកដឹកនាំ មិនមែនគ្រាន់តែជាការសម្តែងឱ្យគេថតរូបនៅលើឆាកតែប៉ុណ្ណោះទេ។ ភាពជាអ្នកដឹកនាំ គឺនិយាយអំពីអ្វី នៃការទទួលខុសត្រូវចំពោះជីវិតជាតិ និងទឹកដី។ ការកិច្ចសន្ទនានេះបានបង្ហាញពីការប្រើប្រាស់ការទូតដ៏ស្ងប់ស្ងាត់ជាក់ស្តែងដើម្បីរក្សាអធិបតេយ្យភាព និងសន្តិភាព។ គេត្រូវទទួលស្គាល់ថា សំឡេងសន្ទនាដែលបញ្ចេញនោះ មិនមែនជាកំហុស ប៉ុន្តែជាវិធីសាស្ត្រសង្គ្រោះជីវិតនិងជាទង្វើនៃភាពដឹកនាំដ៏ក្លាហាន ដោយតម្កល់អាទិភាពជាតិជាជាងភាពអាត្មានិម។ នេះហើយគឺជាចក្ខុវិស័យដឹកនាំជាតិ បញ្ចៀសសង្គ្រាមដើម្បីសន្តិភាព៕