(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។ តើដំណើរទស្សនកិច្ចនេះ មានអត្ថន័យយ៉ាងណា? Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅ៖
ក្នុងស្ថានការណ៍ដែលថៃកាន់តែបង្ហាញមហិច្ឆតាខ្លាំងក្នុងបំណងចង់លុបបំបាត់កម្ពុជាចេញពីផែនទីពិភពលោក, ការឆ្លើយតបពីកម្ពុជា ក៏មិនមែនជាការស្ងៀមស្ងាត់នោះដែរ។ ប្រជាពលរដ្ឋខ្មែរទាំងមូល កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំជាតិ បានរួមគំនិត និងចងសម្បាច់គ្នាជាធ្លុងមួយ ដើម្បីការពារដែនអធិបតេយ្យភាពជាតិរបស់ខ្មែរខ្លួនឯង។ ដើម្បីបញ្ជាក់ពីបំណងនិងភាពរឹងមាំនៃជាតិខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំទស្សនកិច្ចតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ និង ២៧ មិថុនា ដែលជានិមិត្តរូបនៃភាពរួមគ្នា និងការត្រៀមខ្លួនលើកដំបូងបំផុតរបស់កម្ពុជា ដើម្បីទប់ទល់នឹងចោរឈ្លានពានបរទេស។
* អំពើញុះញង់ ដែលឆ្លងកាត់បន្ទាត់ក្រហម
ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃប្រទេសកម្ពុជានេះ បានធ្វើឡើង បន្ទាប់ពីសកម្មភាពញុះញង់ ប្រកបដោយទង្វើជាតិនិយមជ្រុលរបស់ថៃ បានផ្ទុះឡើងសាជាថ្មី នូវវោហាសាស្ត្រអរិភាព ដែលចង់វាយប្លន់ដណ្តើមយកប្រាសាទបុរាណខ្មែរនានា ដែលមិនត្រឹមតែប្រាសាទនិងទឹកដី ដែលស្ថិតនៅតាមខេត្តដាច់ស្រយាលប៉ុណ្ណោះទេ សូម្បីតែប្រាសាទអង្គរវត្ត នៃនិមិត្តរូបជាតិរបស់ខ្មែរដែលបក់រវិចលើទង់ជាតិរបស់ខ្មែរ និងសូម្បីតែរាជធានីភ្នំពេញ នៃបេះដូងរបស់ប្រទេសកម្ពុជានោះទៀត ក៏ថៃហ៊ានបោះសម្តីចង់វាយប្លន់ដណ្តើមគ្រប់គ្រងផងដែរ។ វោហាសាស្ត្រអរិភាពរបស់មេបញ្ជាការថៃទាំងនោះ មិនមែនគ្រាន់តែជាការបង្កហេតុប៉ុណ្ណោះទេ, សម្តីដ៏ក្រអឺតក្រទមរបស់ពួកគេ កំពុងចង់បង្ហាញនូវមហិច្ឆិតាអាណានិគម តាមរយៈការប្រើប្រាស់ផែនទីឯកតោភាគី និងខុសច្បាប់របស់ខ្លួន ដើម្បីធ្វើជាលេស នៃការចង់ទន្ទ្រានទឹកដីកម្ពុជា។
ក្នុងព្រឹត្តិការណ៍មួយក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមទាហានថៃ បានធ្វើការលុកលុយចូលក្នុងទឹកដីខ្មែរដោយមិនញញើត ឆ្លងកាត់ព្រំដែន ចូលទៅក្នុងតំបន់មុំបី ដែលជាទីតាំងមួយ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ នៅទីនោះ ពួកគេបានបើកការបាញ់ប្រហារដាក់មកលើកងល្បាតកម្ពុជា ដែលជាទង្វើបំពានលើសន្តិភាព អធិបតេយ្យភាព និងបទដ្ឋានអន្តរជាតិ។ កម្ពុជា ក្នុងភាពចាស់ទុំនយោបាយ បានធ្វើកំណត់ហេតុការទូត ដើម្បីចង់ឱ្យថៃនាំអ្នកបំពានទឹកដីខ្មែរ យកទៅទទួលទោសតាមច្បាប់ ប៉ុន្តែថៃ ដែលមានចេតនាឈ្លានពានទឹកដីខ្មែរទៅហើយនោះ បែរជាការពារទង្វើខុសច្បាប់នៃសកម្មភាពឈ្លានពានរបស់ទាហានខ្លួនឯងនោះទៅវិញ។
* វិន័យយោធា និងការឯកភាពជាតិ
ដើម្បីឆ្លើយតបនឹងទង្វើឈ្លានពាន កម្ពុជាបានចល័តទ័ព និងសព្វាវុធទំនើបៗទៅកាន់ទីតាំងយុទ្ធសាស្ត្រនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលទាំងនេះ គឺជាការបញ្ជូនសញ្ញាដ៏ច្បាស់លាស់ថា កម្ពុជាបានត្រៀមលក្ខណៈទុកជាមុននោះគឺ ដើម្បីការពារជាតិ ប្រឆាំងនឹងអំពើ ឈ្លានពានបរទេស បើសិនជាមានការវាយប្រហារទ្រង់ទ្រាយធំពីកម្លាំងយោធាថៃ ក្នុងសកម្ម ភាពឈ្លានពានដាក់មកលើកម្ពុជាមែននោះ។
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមានស្នាដៃបំបាត់សង្គ្រាមស៊ីវិល និងធ្លាប់ដឹកនាំជាយុទ្ធសាស្ត្រក្នុងការបំបាក់ទង្វើឈ្លានពានរបស់ថៃ ក្នុងអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ បានប្រាប់យុទ្ធជនខ្មែរ ដែលបានត្រៀមការពារទឹកដីនៅខ្សែបណ្តោយព្រំដែនភាគខាងលិច នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី២៦ ខែមិថុនាថា៖ «ចូរកុំខ្លាច ក្នុងការវាយប្រហារប្រឆាំងនឹងអំពើឈ្លានពានរបស់សត្រូវ»។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពជាតិនេះ គេបានឃើញថា ប្រជាជនកម្ពុជា គ្រប់ស្រទាប់ជាន់ថ្នាក់បាននាំគ្នាធ្វើការគាំទ្រទាំងស្រុងដល់រាជរដ្ឋាភិបាល ដែលបញ្ជាក់ការប្តេជ្ញាការពារជាតិ ប្រឆាំងនឹងចោរឈ្លានពានបរទេសពីទិសខាងលិច។ ក្នុងពេលដែលកងយោធពលខេមរភូមិន្ទ ជាមួយនឹងគ្រឿងសព្វាវុធទំនើប ត្រូវបានបញ្ជូនមកកាន់ព្រំដែន គេបានឃើញចលនានៃការគាំទ្រយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ប្រជាជនគ្រប់ស្រទាប់, ពីមន្ត្រីរាជការ ដែលបានលះបង់ធនធានការឧត្ថម្ភជាថវិកា ស្បៀងអាហារទ្រទ្រង់ដល់សកម្មភាពទ័ពថែមទៀត។ ប្រជាជនកម្ពុជាទូទាំងប្រទេស មិនបាននៅស្ងៀមគាំទ្របរទេស ដែលឈ្លានពានពីខាងក្រៅឡើយ។
នៅតាមផ្លូវធ្វើដំណើររបស់កងទ័ពខ្មែរ ទៅកាន់សមរភូមិមុខ គេក៏បានឮនូវសម្លេងស្រែកគាំទ្រ «ជយោកងទ័ពកម្ពុជា! ជយោរាជរដ្ឋាភិបាលកម្ពុជា!» និងសំឡេងស្រែកប្រឆាំងនឹងក្រុមទាហានចោរឈ្លានពានរបស់ថៃថែមទៀត។ សំឡេងទាំងនេះ គឺជាការបន្លឺឡើងនូវស្មារតីនៃសាមគ្គីភាពជាតិ ដែលបានចារិកទុកក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
* ទ្រឹស្តីគោលនៃសន្តិភាព៖ មិនត្រូវទន់ខ្សោយ ប៉ុន្តែត្រូវមានប្រាជ្ញា
កម្ពុជាជាប្រទេសមិនត្រូវការសង្រ្គាមទេ។ កម្ពុជា ដែលធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ ស្គាល់ច្បាស់ណាស់នូវទុក្ខវេទនារបស់ពលរដ្ឋនិងប្រទេសដែលឆ្លងកាត់សង្គ្រាម។ កម្ពុជា ដឹងគុណដល់នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនយោបាយរបស់លោក បានបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ២៦ឆ្នាំកន្លងមកនេះ។ ប៉ុន្តែកម្ពុជា ដែលស្រឡាញ់សន្តិភាព ក៏មិនទន់ខ្សោយចំពោះខ្មាំងសត្រូវ ដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជានេះដែរ។
ប្រមុខដឹកនាំកម្ពុជា ចាប់ពីសម្តេចតេជោ ហ៊ុន សែន បន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ តែងបានជំរុញយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនងការទូតសន្តិភាព ទាំងនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សន្តិភាពដែលកម្ពុជា ទទួលបានដោយលំបាកកន្លងមកនេះ មិនមែនដោយសារតែភាពទន់ខ្សោយរបស់ប្រមុខដឹកនាំកម្ពុជានោះទេ។ សន្តិភាពដែលស្ថិតក្នុងប្រទេសកម្ពុជា២៦ឆ្នាំមកនេះ គឺដោយសារតែភាពរឹងប៉ឹងនៃការដឹកនាំដ៏ក្លាហានរបស់រាជរដ្ឋាភិបាល កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស មានគោលការណ៍របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ជាពិសេសការប្រកាន់ខ្ជាប់នូវសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូរដ៏ពិតប្រាកដ និងដែលនាំឱ្យប្រទេសកម្ពុជារបស់ខ្លួនធ្វើដំណើរចេញឆ្ងាយ ពីស្រមោលនៃសង្គ្រាមប្រកបដោយជោគជ័យ។
ដូច្នេះសន្តិភាពមិនមែនមានន័យថា កម្ពុជាលះបង់សិទ្ធិម្ចាស់ការ ឬភ្លេចភារកិច្ចក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួននោះទេ។ ជំហររបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ មានភាពច្បាស់លាស់ ប្រសិនបើសន្តិភាពត្រូវបានរំលោភ កម្ពុជានឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅវិញចំពោះកម្លាំងណាដែលបំពាន និងបំផ្លាញសន្តិភាពរបស់ខ្មែរ។ ប្រទេសយើង នឹងមិនស្ងៀមស្ងាត់ឱ្យអ្នកដទៃរំលោភលើដីដ៏ដ៏ស័ក្តិសិទ្ធិ ដែលជាកេរ្តិ៍មរតកមកពីដូនតាខ្មែរបានឡើយ។
ប្រទេសថៃ ត្រូវតែមើលឱ្យច្បាស់ថា កម្ពុជាសព្វថ្ងៃនេះ មិនមែនជាកម្ពុជា នៃសតវត្សពីអតីតកាលទៀតនោះទេ។ កម្ពុជាបច្ចុប្បន្ន គឺជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញ បរិបូរណ៍ ជាមួយនឹងកងទ័ពអាជីព និងមានគ្រឿងសព្វាវុធទំនើប និងជាពិសេស មានស្មារតីជាតិដ៏រឹងមាំ ដែលគ្មានសត្រូវណាអាចបំបែកបំបាក់បានឡើយ។
ថៃត្រូវចងចាំថា ក្រោមការដឹកនាំដ៏ខ្លាំងពូកែ និងវាងវៃរបស់សម្តេចតេជោ ហ៊ុន សែន នាចន្លោះឆ្នាំ ២០០៨ ដល់ ២០១១ ថៃក៏ធ្លាប់បានប្រើប្រាស់ផែនទីបំពានរបស់ខ្លួនដើម្បីចង់បង្ហាញសាច់ដុំ នៅលើដីដ៏ស័ក្តិសិទ្ធិរបស់ខ្មែរផងដែរ ប៉ុន្តែថៃពេលនោះ បានទទួលបរាជ័យយ៉ាងអាម៉ាស់។ ប្រសិនបើថៃចង់សាកល្បងម្តងទៀត នៅពេលបច្ចុប្បន្ននេះ ថៃក៏នឹងទទួលបានមេរៀនដូចមុនមកនេះផងដែរ។
* ត្រូវដកដៃកខ្វក់របស់ខ្លួន ចេញពីមហិច្ឆតាយកទឹកដីខ្មែរ
ការប្រើដៃកខ្វក់ ឬដៃចោរ ទៅលើដែនដីកម្ពុជា មិនអាចលុបបំបាត់សេចក្ដីពិតប្រវត្តិសាស្ត្ររបស់ខ្មែរ ឬលុបបំបាត់ប្រទេសកម្ពុជា ចេញពីផែនទីពិភពលោកបានឡើយ។ សព្វថ្ងៃនេះ កម្ពុជាមិនត្រឹមតែមានកម្លាំងយោធារឹងមាំទេ ប៉ុន្តែមានកម្លាំងឯកភាពជាតិ ដែលជាអាវុធដ៏ខ្លាំងបំផុតដែលគ្មានអំណាចបរទេសណាអាចបំបែកបានឡើយ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់តំបន់ព្រំដែនភាគខាងលិច មិនមែនមានគោលបំណង ត្រឹមតែពិនិត្យស្ថានភាព ឬសួរសុខទុក្ខយុទ្ធជន និងពលរដ្ឋខ្មែរនៅទីនោះផងទេ ប៉ុន្តែក៏ជាសារដ៏មានន័យជ្រាលជ្រៅផ្ញើទៅប្រទេសថៃផងដែរ គឺកម្ពុជានៅសម័យតេជោ សែន និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាប្រទេសដែលមានអំណាចបំពេញភារកិច្ចការពារជាតិ និងត្រៀមខ្លួន គ្រប់ពេលវេលាប្រឆាំងនឹងសត្រូវបរទេសដែលចង់យាយីរំខាន។ កម្ពុជាសព្វថ្ងៃ គឺជាកម្ពុជាដែលអង់អាច និងក្លាហាន ជាពិសេសជាមួយនឹងសត្រូវឈ្លានពាន ដូចចោរថៃដែលកំពុងប្រើយុទ្ធសាស្ត្រចាស់ៗ ក្នុងស្វែងរកការប្លន់ទឹកដីខ្មែរជាបន្ថែមទៀតដូចដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
យើងសូមរំលឹកដល់ប្រទេសថៃម្តងទៀតថា កម្ពុជាពេលនេះ មិនមែនជាប្រទេសនៃអតីតសម័យ ដែលអសមត្ថភាពក្នុងការការពារផែនដីរបស់ខ្លួនឡើយ។ កម្ពុជាក្នុងសម័យតេជោ សែន បន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសដែលមានកងទ័ពប្រកបដោយវិជ្ជាជីវៈ មានគ្រភងសព្វាវុធទំនើប និងមានស្មារតីជាតិដ៏រឹងមាំ មិនរណប និងមិនឱ្យសត្រូវណាមករំលោភដែនដីខ្មែរទៀតបានទេ៕