(ភ្នំពេញ)៖ កម្ពុជា កំពុងប្រើប្រាស់ភាពប្រឈម ដើម្បីបង្កើតជាឱកាសក្នុងរង្វង់ស្ថានការណ៍ពិភពលោក ដែលកំពុងបោះជំហានយ៉ាងលឿនលើភាពវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឌីជីថល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញវិធីសាស្ត្រកសាងទំនើបកម្មវិស័យយោធារបស់កម្ពុជា ដែលជាចក្ខុវិស័យការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ប្រឆាំងនឹងអំពើឈ្លានពានរបស់បរទេស។ Fresh Exclusive រាយការណ៍៖

នៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងលឿន ទាំងផ្នែកបច្ចេកវិទ្យា ភូមិសាស្ត្រនយោបាយ និងទម្រង់សង្គ្រាមថ្មីៗ ប្រទេសខ្លាំងមួយចំនួនកាន់តែប្រើអំណាចដើម្បីគំរាមកំហែង និងបង្កហានិភ័យដល់ប្រទេសទន់ខ្សោយ។ សម្រាប់ប្រទេសតូចមួយដូចជាកម្ពុជា ទោះបីស្ថិតក្នុងតំបន់នៃភូមិសាស្ត្រដ៏ស្មុគស្មាញ ការព្យាយាមគាបសង្កត់ពីប្រទេសជិត ខាង ឬទង្វើបំពានមកលើអធិបតេយ្យភាពរបស់ខ្លួនក៏ដោយ វាមិនមែនជារឿង ដែលអាចឆ្លងកាត់ទៅបានដោយភាពស្ងៀមស្ងប់របស់កម្ពុជានោះទេ។ ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនមែនជាប្រទេសសម្ងំស្ងៀម នៅចំពោះមុខនឹងហានិភ័យគំរាមរបស់សត្រូវឡើយ ប៉ុន្តែកម្ពុជានៅតែប្រឹងងើបឈរ និងបង្ហាញភាពអង់អាចរឹងមាំរបស់ខ្លួន និងបានធ្វើឱ្យវេទិកានយោបាយរបស់កម្ពុជា និងការការពារជាតិកាន់តែរឹងមាំជានិច្ច។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្តេជ្ញាយកការប្រឈមមុខ ធ្វើជាចំណុចចាប់ផ្ដើមសម្រាប់ការអភិវឌ្ឍប្រទេស។ ចាប់ពីបញ្ហាសម្ពាធព្រំដែនដោយប្រទេសថៃ រហូតដល់គំរាមកំហែងតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ន, រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រែក្លាយឧបសគ្គទាំងនេះ ដើម្បីជាឱកាសក្នុងការពង្រឹងកម្លាំងយោធាជាតិរបស់ខ្លួនឱ្យទាន់សម័យ។ ការធ្វើទំនើបភាវូបនីយកម្មកងយោធា មិនមែនជាគោលដៅដើម្បីធ្វើសង្គ្រាមនោះទេ ប៉ុន្តែជាចលនាក្នុងការការពារព្រំដែន និងអធិបតេយ្យភាពជាតិ ក្នុងបរិបទដែលសង្គ្រាមសម័យថ្មី កំពុងផ្លាស់ប្ដូរទៅជាការប្រើបច្ចេកវិទ្យា ដូចជាដ្រូននិងការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាជាដើម។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ថ្ងៃទី១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ច្បាស់ៗជុំវិញការប្រឈមនិងឱកាស៖ «ពិតណាស់អ្វីក៏ដោយ គឺសុទ្ធតែជាឱកាស និងបញ្ហាក្នុងចំណោមនោះ នៅក្នុងការប្រឈមមុខយោធាបច្ចុបន្ននេះ ខ្ញុំនិយាយពីក្របខណ្ឌយោធា វាក៏ឱកាសមួយសម្រាប់កម្ពុជានៅក្នុងការវាយតម្លៃចំនុចខ្លាំង ចំនុចខ្សោយ និងដើម្បីដាក់ទិសដៅពង្រឹងបន្តជំរុញនៅការកសាងសមត្ថភាពកងទ័ពតទៅទៀត។ សង្រ្គាមវាលំបាក វាធ្វើឲ្យស្លាប់មនុស្ស ប៉ុន្តែឆ្លើយតបពីសង្គ្រាម គិតពីផ្នែកកងទ័ព គិតពីផ្នែកចិត្តសាស្ត្រ វាធ្វើឲ្យមនុស្សខំប្រឹងជៀសវាងនូវសង្គ្រាម សម្រាប់ប្រៀបការពារជាតិ វាធ្វើឲ្យមនុស្សយល់ឃើញ ដឹងនូវប្រៀបចំនុចខ្លាំងចំនុចខ្សោយដើម្បីធ្វើការកែទំរង់ពង្រឹងសមត្ថភាពកងទ័ព»។

* សម្តេចបវរធិបតី៖ ការធ្វើទំនើបនីយកម្មកងកម្លាំង មិនមែនជាការបង្កសង្គ្រាមឡើយ
វិធីសាស្រ្តរបស់ប្រទេសកម្ពុជាចំពោះការអភិវឌ្ឍជាតិ ត្រូវបានកំណត់ជាយូរមកហើយដោយសមត្ថភាពរបស់ខ្លួនដើម្បីការប្រែក្លាយវិបត្តិ ទៅជាកាតាលីករ ឬកម្លាំងដែលជម្រុញសកម្មភាពរបស់ខ្លួនក្នុងការឈានសម្រេចគោលដៅ។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ខណៈពេលដែលប្រទេសជាច្រើនក្នុងពិភពលោក បានបន្តបិទប្រទេសរបស់គេដោយធ្វើឱ្យសេដ្ឋកិច្ច ដែលដួលរលំកាន់តែមិនកម្រើកទៀតនោះ កម្ពុជាបានប្រើប្រាស់វិបត្តិប្រឈមនោះ ក្លាយជាឱកាសនៃការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល, កែទម្រង់ប្រព័ន្ធសុខភាពសាធារណៈ និងគាំទ្រវិស័យសំខាន់ៗឱ្យងើបឡើងវិញលឿនជាងមុនគួរឱ្យកត់សម្គាល់ប្រកបដោយភាពមោទនៈយ៉ាងក្រៃលែង។ ផ្តើមពីមេរៀននោះហើយឥរិយាបទដដែល ក៏ត្រូវបានក្លាយជាគោលដៅនៃការដឹកនាំគោលនយោបាយសន្តិសុខរបស់កម្ពុជា។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ច្បាស់ៗថា ការកសាង និងធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីប្រទេសណាឡើយ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ប្រឆាំងនឹងអំពើឈ្លានពានរបស់បរទេស៖ «ការការពារជាតិរបស់យើង, ការកសាងកងទ័ពរបស់យើង មិនមែនសម្រាប់ទៅវាយដណ្តើមដីនរណាទេ,ប៉ុន្តែដើម្បីការការពារទឹកដីរបស់យើង។ នេះជាបេសកម្មរបស់យើង។ អញ្ចឹងរចនាសម្ព័ន្ធរបស់យើង ត្រូវកែសម្រួលទៅតាមនេះ។ ទីពីរការប្រែប្រួលបច្ចេកវិទ្យា យើងត្រូវកែសម្រួលរចនាសម្ព័ន្ធរបស់យើង កម្លាំងរបស់យើងឲ្យប្រែប្រួលតាមបច្ចេកវិទ្យា។ ឧទាហរណ៍ ការស៊ើបការណ៍របស់យើង ពីមុនយើងមានស៊ើបការណ៍ប្រដាប់អាវុធ ឥឡូវស៊ើបការណ៍ប្រដាប់អាវុធ ប្រហែលជាមានកម្រិតទាមទារស៊ើបការណ៍បច្ចេកទេស ការស៊ើបការណ៍ដោយប្រើប្រាស់ដ្រូន អញ្ចឹងជាជាងយើង គ្រាន់តែទិញមកបំពាក់មិនដឹងថាផ្នែកណា អង្គភាពណា ចំណុះឲ្យកងពល ឬភូមិភាគ ឬយើងត្រូវរៀបចំរចនាសម្ព័ន្ធឲ្យច្បាស់តែម្តង»។

ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាបានប្តេជ្ញាការរក្សាមិនឱ្យបាត់បង់នូវប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនត្រឹមតែជាកិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការត្រៀមខ្លួននិងពង្រឹងខ្លួនលើវិស័យការពារជាតិផងទៀត។

ដូច្នេះជាការឆ្លើយតបទៅនឹងជំហរដ៏កម្រោលរបស់ប្រទេសថៃ ដែលចង់ប្រើវិធានការខ្ទប់ច្រកសេដ្ឋកិច្ចខ្មែរតាមរយៈការបិទច្រកព្រំដែនផង និងការគំរាមកំហែងផ្នែកយោធាទៀតនោះ រាជរដ្ឋាភិបាល ដើម្បីការការពារពង្រឹងដែនអធិបតេយ្យជាតិរបស់ខ្លួន បានឆ្លើយតបទៅវិញទាំងការប្រើយន្តការផ្លូវច្បាប់ផង, ការរក្សាសិទ្ធិក្នុងការតបតរបស់កម្ពុជាចំពោះទង្វើឈ្លានពានលើទឹកដី និងនៅជាមួយគ្នានេះ វិធីសាស្ត្ររុញឱ្យកាន់តែខ្លាំង លើការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងសម័យពិភពលោកដែលប្រើប្រាស់បច្ចេកវិទ្យា។

សម្តេចបវរធិបតី បានបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកងទ័ព មានបីយ៉ាង គឺទីមួយការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, ទីពីរ ទំនើបកម្មការកសាងធនធានមនុស្ស និងទីបី ការធ្វើទំនើបកម្មគ្រឿងបំពាក់ និងឧបករណ៍បំពាក់។ សម្តេចបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន នៅលើពិភពលោក គេមិនសូវបារម្ភ ពីការប្រើប្រាស់កងទ័ព ដើម្បីធ្វើសង្គ្រាមទេ ប៉ុន្ដែគេបារម្ភការប្រើមធ្យោបាយកូនកាត់ ឬចម្រុះ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្រុមអនាមិកវាយលុកចូលប្រព័ន្ធបច្ចេកវិទ្យា វ៉េបសាយ និងបង្កើតព័ត៌មានក្លែងក្លាយជាដើម៖

«ឥឡូវសង្រ្គាម ដែលយើងឃើញបញ្ហាប្រឈមរាល់ថ្ងៃ គេហៅសង្រ្គាមប្រើមធ្យោបាយកូនកាត់ឬចម្រុះ ភាសាបរទេសគេហៅ Hybrid war។ ឥឡូវរាល់ថ្ងៃយើងកំពុងប្រឈមសង្រ្គាមនេះហើយ។ សង្រ្គាមហ្នឹង បានន័យថាម៉េច? មិនប្រើប្រាស់កងកម្លាំងប្រដាប់អាវុធទេ? ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំភ្លៃព័ត៌មាន ប្រើប្រាស់ពួកខាង Hacker ដើម្បីវាយប្រព័ន្ធបច្ចេកវិទ្យា វាយទៅលើប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងការពារជាតិ និងផ្សេងៗរបស់ប្រទេសមួយ របស់កងទ័ពមួយ ព្រោះឥឡូវឧបករណ៍ទាំងអស់ ប្រើប្រាស់អេឡិចត្រូនិច»។

«អញ្ចឹងគេប្រើ Hacker ដើម្បីវាយកំទេចជួនកាលប្រើអាវុធយើងបាញ់ខ្លួនយើងផង។ អញ្ចឹងតើយើងត្រូវពង្រឹងសមត្ថភាពនេះទេ? ត្រូវពង្រឹង ប៉ុន្តែដើម្បីពង្រឹងត្រូវកែប្រែសម្រួលរចនាសម្ព័ន្ធបង្កើតអង្គភាព ឬយ៉ាងណា នេះដែរខ្ញុំនិយាយថា ការត្រៀមធ្វើសង្រ្គាមឱ្យយើងត្រូវយកបទពិសោធន៍ដើម្បីច្នៃប្រឌិត ឥឡូវគេប្រើដ្រូនពិឃាត ដ្រូន Kamikaze មកបុក, ដ្រូនយកមកទម្លាក់គ្រាប់ យើងការពារយ៉ាងម៉េច? តើមានអង្គភាពណាដើម្បីការពារ ប្រឆាំងក្រុមអេឡិចត្រូនិចហ្នឹងទេ? នេះគឺជាវិញ្ញាសារមួយដែលក្រសួងការពារជាតិអគ្គបញ្ជាការ ដើម្បីពិនិត្យនៅក្នុងការបំពាក់ក៏ដូចជាយើងត្រូវគិតគូរ»។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមនៅក្នុងមជ្ឈិមបូព៌ា កំពុងតែបានដាស់តឿនប្រទេសនានា នៅជុំវិញពិភពលោក ត្រូវស្ទុះស្ទារឈានទៅរកយុគសម័យថ្មីមួយនៃការការពារជាតិ ដែលគេគប្បីត្រូវសម្របតាមវិធីថ្មី នៃការប្រើប្រាស់កត្តាបច្ចេកវិទ្យាទំនើប ដូចជាដ្រូន ដែលសុទ្ធតែមានការបញ្ចូលនូវកម្មវិធីជាមូលដ្ឋានលើបញ្ញាសិប្បនិម្មិត AI និងប្រព័ន្ធឌីជីថល ដែលប្រទេសធំៗ ក្នុងពិភពលោក ចាំបាច់មិនអាចខ្វះនូវកម្មវិធីទំនើបនេះបានឡើយ សម្រាប់ការប្រើប្រាស់បញ្ចូលក្នុងវិស័យការពារជាតិ។ កម្ពុជាក៏កំពុងសម្របខ្លួនទៅនឹងចំពោះការពិតនេះដែរ ហើយកម្មវិធីការពារជាតិនេះមិនមែនដើម្បីគំរាមកំហែងអ្នកដទៃទេ ប៉ុន្តែដើម្បីការការពារខ្លួនពីការគំរាមកំហែងដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែប៉ុណ្ណោះ។

ដើម្បីធានាបានការត្រៀមខ្លួនជាប្រទេសដែលមានការកែទម្រង់លើវិស័យយោធា ក្នុងការសម្របតាមយុគសម័យនៃការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាAI និងប្រព័ន្ធឌីជីថល ដើម្បីការការពារទឹកដីនោះ, សម្តេចបវរធិបតី បានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដែលត្រូវតែធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ និងមួយទៀតគឺវិសោធនកម្មច្បាប់សោធនរបស់យោធា៖ «ការពង្រឹង និងទំនើបកម្មកងទ័ពទៅថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធភាព។ ខ្ញុំប្រើពាក្យថាទំនើបកម្មកងទ័ព។ ពាក្យថា «ទំនើបកម្មកងទ័ព» នោះ គឺត្រូវការទំនើបកម្មបីយ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ សមត្ថភាពបំពាក់ ឬការកែទម្រង់ យើងប្រើសាមញ្ញ កំណែទម្រង់ដើម្បីអភិវឌ្ឍន៍ ឬ ការធ្វើទំនើបកម្ម»។

សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់ និងតាមរយៈការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ច និងច្បាប់សោធនរបស់យោធានោះផងដែរ វានឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជា បានកើនឡើងកាន់តែច្រើន និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ពថែមទៀត។

ការធ្វើទំនើបភាវូបនីយកម្មកងយោធពលខេមរភូមិន្ទរបស់កម្ពុជា មិនមែនជាការបង្ហាញអំណាចនយោបាយ ឬការចង់ឈ្នះសង្គ្រាមនោះទេ ប៉ុន្តែជាភាពប្តេជ្ញាចិត្តរបស់យុវជនបន្តវេន អំពីចក្ខុវិស័យនៃការការពារអធិបតេយ្យភាព ការត្រៀមខ្លួននិងជាវិធីសាស្ត្រយុទ្ធសាស្ត្រដ៏ឆ្លាតវៃ ក្នុងការប្រែបញ្ហាដើម្បីក្លាយជាឱកាស។ ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញម្តងហើយម្តងទៀតថា ប្រជាជាតិកម្ពុជានេះ មិនមែនជាប្រជាជាតិ ដែលធ្លាប់រង់ចាំឱកាសនោះទេ ប៉ុន្តែតែងតែបង្កើតឱកាសដោយខ្លួនឯង បើទោះបីជាស្ថិតក្នុងអតីតកាលដ៏ខ្មៅងងឹតពេលណាក៏ដោយ។

ចាប់ពីសង្គ្រាមក្នុងប្រទេស ឆ្លងកាត់របបវាលពិឃាតខ្មែរក្រហម ទណ្ឌកម្មសេដ្ឋកិច្ច១២ឆ្នាំ បន្តដល់ព្យុះនយោបាយក្រោយឆ្នាំ១៩៩៣, កម្ពុជា បានបង្ហាញភាពរឹងមាំរបស់ខ្លួនសាឡើងវិញគួរជាទីមោទនៈ។ ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការផ្លាស់ប្តូរជំនាន់ទៅជាចង្កោមយុវជនដឹកនាំថ្មី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តរក្សានូវមរតកនៃការរៀនសូត្រ និងការឯកភាពជាតិបន្សល់ទុកពីអ្នកដឹកនាំជំនាន់មុន ដោយបង្ហាញថា កម្ពុជានឹងមិនអនុញ្ញាតឲ្យវិបត្តិណាមួយ ក្លាយជាភាពខ្ជះខ្ជាយនាថ្ងៃអនាគតឡើយ។ មិនថាវាជាជំងឺរាតត្បាត ឬការគំរាមកំហែងលើព្រំដែន ឬអស្ថិរភាពអន្តរជាតិយ៉ាងណាក៏ដោយ, កម្ពុជានឹងបន្តបង្កើតឱកាសចេញពីវិបត្តិ ហើយនាំប្រទេសឆ្ពោះទៅមុខជាមួយយុទ្ធសាស្ត្រការពារជាតិដែលទំនើប និងសម្របទៅតាមអ្វី ដែលមានក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនេះ៕