(ភ្នំពេញ)៖ ការខិតខំប្រឹងប្រែងកសាងប្រទេសតាំងពីគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ កើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ប៉ុន្ដែការខិតខំប្រឹងប្រែងកសាងប្រទេសនេះ ត្រូវបានអ្នកប្រឆាំងជ្រុលនិយមនៅកម្ពុជា ចាត់ទុកជាសត្រូវរបស់គេទៅវិញ។

នេះបើតាមការអះអាងរបស់លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មានលើកទី៥ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»

បើតាមលោក ប៉ែន បូណា, ការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានគុណតម្លៃធំធេងណាស់មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ ពោលរាប់ចាប់តាំងពីដំណាក់កាលបិទបញ្ចប់ភ្លើងសង្គ្រាមស៉ីវិលរ៉ាំរ៉ៃ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយសារសង្គ្រាម រហូតប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ផ្ទុយទៅវិញ រាល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអ្នកប្រឆាំងជ្រុលនិយមចាត់ទុកជាត្រូវរបស់គេ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសប្រមាណ៤៥ឆ្នាំ ក្រោយការដួលរលំរបស់របបខ្មែរក្រហម ដែលមានសម្ដេចតេជោ អតីតនាយករដ្ឋមន្ដ្រី ហើយបន្ដវេនមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានស្នាដៃយ៉ាងធំធេងរាប់មិនអស់ មិនអាចពិពរណ៌នាបាន [...] ដូច្នេះនៅពេលសម្ដេចតេជោ ដឹកនាំប្រទេស កសាងស្នាដៃដ៏ធំមហិមាសម្រាប់ប្រទេស និងប្រជាជន គឺជាសត្រូវធំណាស់របស់នយោបាយជ្រុលនិយមនៅកម្ពុជា ដែលពួកគេមិនសប្បាយចិត្តទាល់តែសោះ»

លោកមើលឃើញថា ដោយសារតែការមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន ទើបក្រុមប្រឆាំងជ្រុលនិយម តែងតែរិះរកមធ្យោបាយផ្សេងៗដើម្បីវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ពិសេសវាយប្រហារត្រកូលរបស់សម្ដេចតេជោ ហ៊ុន សែន តែម្ដង។ ជាក់ស្ដែងនៅពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី ក្រុមនោះកាន់តែមិនសប្បាយចិត្តថែមទៀត។

លោក ប៉ែន បូណា បានបន្ថែមទៀតថា ឈាមគណបក្សប្រជាជនកម្ពុជា និយាយជារួម និងនិយាយដោយឡែក ឈាមត្រកូលហ៊ុន ជាឈាមអ្នកស្នេហាជាតិ ឈាមអ្នកលះបង់ដើម្បីប្រទេសជាតិគ្រប់បែបយ៉ាងទាំងអស់។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ឲ្យក្រុមប្រឆាំងជ្រុលនិយម ត្រូវមើលពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕