(កូពែនហាក)៖ ហ្គ្រីនឡែន អាចក្លាយជាប្រទេសឯករាជ្យបាន ប្រសិនបើប្រជាជនខ្លួនចង់បាន ប៉ុន្តែទឹកដីអាកទិកនេះនឹងមិនក្លាយជាផ្នែកមួយ នៃសហរដ្ឋអាមេរិកនោះទេ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានបង្ហាញពីចេតនាក្នុងការកាន់កាប់កោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានថ្លែងថា «យើងទទួលស្គាល់យ៉ាងពេញលេញ ថាហ្គ្រីនឡែនមានមហិច្ឆតាផ្ទាល់ខ្លួន។ ប្រសិនបើពួកគេក្លាយជាការពិត ហ្គ្រីនឡែននឹងក្លាយជាឯករាជ្យ។ ប៉ុន្តែស្ទើរតែគ្មានលទ្ធភាព ដែលថាពួកគេនឹងចង់ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកឡើយ»។
ទន្ទឹមនឹងនេះ លោកបានទទួលស្គាល់ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភផ្នែកសន្តិសុខ កាន់តែកើនឡើងនៅតំបន់អាកទិកដែលជាប្រតិកម្មដ៏ត្រឹមត្រូវមួយ ចំពោះការកើនឡើង នៃសកម្មភាពរបស់រុស្ស៊ីនិងចិននៅទីនោះ។ ប៉ុន្តែលោកបានបញ្ជាក់ថា «ខ្ញុំមិនជឿថា យើងកំពុងស្ថិតក្នុងវិបត្តិនយោបាយការបរទេសនោះទេ...យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការពិភាក្សា ជាមួយភាគីអាមេរិក អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថា ផលប្រយោជន៍របស់អាមេរិក ត្រូវបានសម្រេច»។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលនឹងចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងមិនបដិសេធក្នុងការប្រើប្រាស់កម្លាំងយោធា ឬសកម្មភាពសេដ្ឋកិច្ចដើម្បីធ្វើឱ្យហ្គ្រីនឡែន ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកនោះទេ។
ការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកនេះ បានជំរុញឱ្យមេដឹកនាំហ្គ្រីនឡែន ធ្វើការពិភាក្សាជាមួយព្រះមហាក្សត្រដាណឺម៉ាក នៅទីក្រុង Copenhagen កាលពីថ្ងៃពុធ ហើយបានធ្វើឱ្យអនាគតរបស់កោះដែលគ្រប់គ្រងដោយដាណឺម៉ាកមួយនេះ ក្លាយជាប្រធានបទក្តៅលើឆាកអន្តរជាតិ៕