(ភ្នំពេញ)៖​ ទីក្រុងឌូបៃ (Dubai) គឺជាទីក្រុងដ៏មានឥទ្ធិពលមួយ ក្នុងចំណោមទីក្រុងទាំង៧ របស់សហព័ន្ធអារ៉ាប់អីមីរ៉េត (UAE)។ ទីក្រុងនេះមានលក្ខណៈពិសេសជាច្រើន និងជាទីកន្លែងល្បីល្បាញទូទាំងពិភពលោក។

ដំបូងឡើយនៅសតវត្សទី១៨ ឌូបៃ គ្រាន់តែជាតំបន់តូចមួយ សម្រាប់ប្រជាជនធ្វើការនេសាទត្រី រកគុជខ្យង និងតម្បាញប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីរុករកឃើញប្រេង នៅសតវត្សទី២០មក ធ្វើឱ្យឌូបៃ ផ្លាស់ប្តូរសេដ្ឋកិច្ច និងមានការអភិវឌ្ឍដូចសព្វថ្ងៃ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍សំខាន់នៅអារ៉ាប់អីមីរ៉េត។

ឌូបៃ គឺជាទីក្រុងវៃឆ្លាត (Smart City) និងស្អាត (Clean City) ដែលមានសេវាគមនាគមន៍ ដឹកជញ្ជូនស្វ័យប្រវត្តិ និងមានប្រើប្រាស់សេវាកម្ម AI ផ្តល់ភាពងាយស្រួលសម្រាបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ត្រឹមឆ្នាំ២០២៤ ទីក្រុងឌូបៃ មានប្រជាជនប្រមាណ ៣.៦លាននាក់ ជាទីក្រុងធំំបំផុត និងមានប្រជាជនច្រើនជាងគេ ក្នុងចំណោមរដ្ឋទាំង៧របស់ UAE។

នៅឌូបៃ ជនជាតិដើមរបស់អារ៉ាប់អីមីរ៉េត មានតែពី១០-១៥ភាគរយប៉ុណ្ណោះ ក្រៅពីនោះជាជនបរទេសចម្រុះជាតិសាសន៍ សឹងតែមកពីគ្រប់តំបន់ទូទាំងពិភពលោក។ យោងតាមការចុះផ្សាយដោយ Digital Dubai ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងនេះមា​ន ១១៦.៨ពាន់លានដុល្លារ (ឆ្នាំ២០២៣) ចំណូលរបស់ប្រជាជនម្នាក់មានជាង ៤ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្រៅពីជាទីក្រុងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកទេសចរទូទាំងពិភពលោក ហើយនោះឌូបៃក៏ទីផ្សារហិរញ្ញវត្ថុជាអន្តរជាតិផងដែរ។

ខាងលើនេះគ្រាន់តែព័ត៌មានខ្លះៗ អំពីភាពអស្ចារ្យនៃទីក្រុងឌូបៃប៉ុណ្ណោះ នៅពេលលោកអ្នកបានអញ្ជើញទៅទស្សនាដោយផ្ទាល់ នឹងទទួលបានបទពិសោធន៍ល្អៗសម្រាប់ជីវិត។ កាលពីចុងខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមការងាររបស់បណ្តាញព័ត៌មាន Fresh News មានឱកាសបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុងឌូបៃរយៈពេល៥ថ្ងៃ និងបានទស្សនានៅទីតាំងទេសចរណ៍សំខាន់ៗមួយចំនួន។

* ភ្លក្សរសជាតិនៃបទពិសោធន៍ធ្វើដំណើរតាមជើងហោះហើរ Emirates
អ្នកនឹងទទួលបានបទពិសោធន៍ថ្មី ជួយការធ្វើដំណើររយៈពេលវែងជាមួយនឹងក្រុមអាកាសចរណ៍ Emirates ដែលចាកចេញពីរាជធានីភ្នំពេញ នៅម៉ោង៩៖៣០នាទីយប់ ទៅដល់ទីក្រុងឌូបៃនៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃបន្ទាប់ (ម៉ោងនៅទីក្រុងឌូបៃ) ឬប្រហែលម៉ោង ៩ព្រឹកម៉ោងនៅកម្ពុជា។ នៅលើយន្តហោះ Boeing 777-300ER ដ៏ទំនើបអ្នកដំណើរទទួលបាននូវការបម្រើសេវាប្រកបដោយការយកចិត្តទុកដាក់ និងរួសរាយរាក់ទាក់ អាហារមានឱជារស និងមានការកម្សាន្តដ៏សំបូរបែប។

* វាលខ្សាច់ Desert Safari
លើវាលខ្សាច់ប្រៀបបីដូចជាមហាសមុទ្រ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្មី នៃការជិះរថយន្តលើវាយខ្សាច់ជាលក្ខណៈផ្សងព្រេង ជាមួយអ្នកបើកបរដែលមានជំនាញយ៉ាងប៉ិនប្រសព្វ។ អ្នកទេសចរស្រែកហ៊ូកញ្ច្រៀវ ជាមួយអារម្មណ៍ដែលមិនធ្លាប់បានជួបប្រទះ។

​បន្ថែមពី​នេះ ភ្ញៀវទេសចរក៏អាចគយគន់ នូវព្រះអាទិត្យរៀបអស្តង្គត ដែលលិចចូលវាយខ្សាច់ពណ៌មាសដ៏ធំល្វិងល្វើយយ៉ាងសន្សឹមៗដ៏ស្រស់ត្រកាល ជិះស្គីលើភ្នំខ្សាច់ ជិះសត្វអូដ្ឋកម្សាន្តយ៉ាងរីករាយ ទទួលទានអាហាដ៏ឆ្ងុយឆ្ងាញ់​ក្រោម​ផ្ទៃមេឃ ដែលពោរពេញដោយផ្កាយ និងទស្សនាការសម្តែងរបាំអារ៉ាប់ជាដើម។

* អគារខ្ពស់ជាងគេរបស់ពិភពលោក Burj Khalifa ​
​Burj Khalifa ​បានបំបែកឯកត្តទកម្មជាអគារ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក ដែលមានកំពស់ ៨២៨ ម៉ែត្រ ដែលមាន​១៦២ជាន់។ អគារ Burj Khalifa ត្រូវបានចាប់ផ្ដើមសាងសង់នៅខែមករា ឆ្នាំ២០០៤ និងសម្ពាធជាផ្លូវការខែមករា ឆ្នាំ២០១០។ ឥឡូវនេះ ជាកន្លែងទាក់ទាញបំផុតនៅក្នុងទីក្រុងឌូបៃ ដែលមានសណ្ឋាគារ ផ្សារទំនើប អាផាតធើមិន មានភោជនីយដ្ឋាន...។ Burj Khalifa មិនត្រឹមតែជាអគារខ្ពស់ជាងគេបំផុតក្នុងពិភពលោកប៉ុណ្ណោះទេ វាថែមទាំង​ជាអគារមានជណ្តើរយន្តលឿនបំផុតជាងគេនៅលើពិភពលោកផងដែរ មួយថ្ងៃៗភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ បានឡើងទៅលើអគារនេះ ដើម្បីគយគន់ទេសភាព ៣៦០ឌីក្រេនៃទីក្រុងឌូបៃ។

* ផ្សារទំនើប Dubai Mall
Dubai Mall នៅជាប់នឹង Burj Khalifa ជាទីប្រជុំជនដ៏ភ្ញៀវទេសចរ។ ផ្សារនេះមានទំហំ ១២លានម៉ែត្រការ៉េ មានហាងលក់ទំនិញម៉ាកល្បីៗ ១២០០ហាង មានហាងអាហារ និងកាហ្វេច្រើនជាង ១២០កន្លែង មានចំណតរថយន្តអាចផ្ទុករថយន្តច្រើនជាង ១៤០០០គ្រឿង បានក្លាយជាផ្សារទំនើបធំជាងគេក្នុងពិភពលោក (ផ្ទៃដី)។ ភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលមកទីក្រុងឌូបៃ ពិតជាមិនអាចរំលងផ្សារទំនើបដែលអាចធ្វើឱ្យអ្នកវង្វេងបាន។ ឆ្នាំ២០២៣ ផ្សារទំនើបនេះទទួលភ្ញៀវ ១០៥លាននាក់។

* សារមន្ទីរអនាគត Museum of the Future
សារមន្ទីរនៃអនាគតបែបវិទ្យាសាស្ត្រ (Museum of the Future) រចនាឡើងយ៉ាងប្រណីត ក្នុងទំហំ ៣០,៥៤៨ ម៉ែត្រការ៉េ និងមានកម្ពស់៧៧ម៉ែត្រ មានតម្លៃរហូតដល់ ១៣៦លានដុល្លារអាមេរិក។ បើមើលពីក្រៅ ​Museum of the Future មានរូបរាងដូចជាកែវភ្នែកមនុស្ស ដែលមើលទៅអនាគត។ជាន់នីមួយៗនៃសារមន្ទីរ សម្រាប់តាំងពិព័រណ៍សមិទ្ធផលផ្នែកវិទ្យាសាស្ត្រ ដែលនាំយើងទៅកាន់អនាគតកាល ៥០ឆ្នាំខាងមុខ។ ជាន់ផ្ទាល់ដី ជាកន្លែងវិទ្យាសាស្ត្រ ​សម្រាប់ក្មេងៗជំនាន់ក្រោយ សិក្សាលើមុខវិជ្ជាគណិតវិទ្យា ​​គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យា។ល។ ចំណែកជាន់ទី២ ជាកន្លែងវិទ្យាសាស្ត្រទំនើបសម្រាប់ពិព័រណ៍ មនុស្សយន្ត ឆ្កែយន្ត យន្តហោះ AI និងរថយន្តគ្មានមនុស្សបើកជាដើម។ ជាន់ទី៣ តាំងបង្ហាញនូវប្រព័ន្ធអេកូឡូស៊ី និងជីវវិស្វកម្ម ដោយមានយើងអាចមើលឃើញភាវរស់ជាង ២៤០០ប្រភេទផ្សេងគ្នា។ រីឯជាន់ទី៥ សម្រាប់ពិព័រណ៌នូវរបកគគំហើញថ្មីៗ ដែលអនុញ្ញាតដោយអង្គការ NASA ទុកឱ្យកូនចៅជំនាន់សិក្សាស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ជាន់នេះមានបង្ហាញធនធានអវកាស និងភពផ្សេងៗក្នុងចក្រវាលនៅខាងក្រៅជញ្ជាំងកញ្ចក់ផងដែរ។ អ្នកទេសចរអាចទទួលបានការពិសោធន៍នៃការបង្ហោះយានអាវកាស តាមរយៈឧបករណ៍ដែលធ្វើតម្រាប់តាម ហើយថែមទាំងអាចធ្វើជាអាកាសយានិក លើស្ថានីយអាវកាសតាមរយៈបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ។ ចំណែកជាន់ផ្សេងៗទៀត មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត និងចិត្តវិទ្យា ដោយការប្រើប្រាស់ភ្លេង, ក្លិនធម្មជាតិ និងការសម្រាក ដំណោះស្រាយផ្នែកអាកាសធាតុ ថាមពលជាដើម។

* អគារ Frame of Dubai ជាអគារស៊ុំរូបថតធំជាងគេលើពិភពលោក
អគារដ៏អស្ចារ្យនេះ នៅក្នុងសួន Zabeel Park ក្នុងទីក្រុង Dubai ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាយ៉ាងច្រើនក្នុង១ឆ្នាំៗ។ វាជាសារមន្ទីរដែលពិពណ៌នា អំពីអតីកាល បច្ចុប្បន្ន និងអនាគតនៃទីកុ្រងឌូបៃ។ អគារនេះមានកម្ពស់ជាង ១៥០ម៉ែត្រ ដែលមានទទឹងជាង៩៥ម៉ែត្រនេះ ភ្ញៀវទេសចរអាចមានអារម្មណ៍ប្លែក ដោយអាចដើរលើកញ្ចប់សម្លឹងធ្លុះមកដី និងអាចគយគនទេសភាព ៣៦០ដឺក្រេនៃទីក្រុង និងអាចមើលឃើញភាពខុសប្លែងគ្នានៃទីក្រុងចាស់នៅខាងជើង និងក្រុងថ្មីនៅខាងត្បូង។

* វិហារអ៉ីស្លាម Al Farooq Omar Bin Al Khattab
វិហារនេះត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០១១ និងមានរចនាបថដូចគ្នាទៅនឹងវិហារអ៉ីស្លាម Blue Mosque ក្នុងទីក្រុងអ៉ីស្ដង់បុល ប្រទេសតួកគី ដែលយករចនាបថតាមស្ថាបត្យកម្មនៃអាណាចក្រអូតូម៉ង់។ Al Farooq Omar Bin Al Khattab ត្រូវបានយកឈ្មោះតាមមេដឹកនាំអ៉ីស្លាមម្នាក់ Umar bin Al Khattab ដែលសហការីម្នាក់របស់ Muhammad ដែលជាអ្នកនាំសាររបស់ព្រះនៅក្នុងសាសនាអ៉ីស្លាម។

វិហារ Al Farooq Omar Bin Al Khattab មានផ្ទៃក្រឡា ៨៧០០ម៉ែត្រក្រឡា និងអាចផ្ទុកមនុស្សសម្រាប់ការថ្វាយបង្គំបាន ២០០០នាក់ ដែលធ្វើឱ្យវិហារនេះ ស្ថិតក្នុងចំណោមវិហារធំៗនៅក្នុងទីក្រុងឌូបៃ។ វិហារនេះដែរក៏ស្ថិតនៅក្នុងចំណោមបណ្ដាវិហារអ៉ីស្លាមដំបូងគេបំផុត ដែលបើកទ្វារស្វាគមន៍ភ្ញៀវទេសចរមិនមែនមូស្លីមផងដែរ។ វិហារនេះបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរ ២ដងក្នុងមួយថ្ងៃ គឺព្រឹក និងពេលល្ងាច ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បតិ៍។ ព្រះវិហារនេះភ្ញៀវទេសចរជាស្ត្រី តម្រូវឱ្យ​ប្តូរសំលៀកបំពាក់ជាស្ត្រីអ៉ីស្លាម ខណភ្ញៀវទេសចរជាបុរសមិនចង់ប្តូរក៏បាន។ វិហារដ៏ស្ងប់ស្ងាត់នេះ ភ្ញៀវទេសចរអាចស្វែងយល់អំពីសាសនាអ៉ីស្លាមផងដែរ។

* ផ្សារ Old Baladiya Street និង Gold Souq
Old Baladiya Street និង Gold Souq គឺជាតំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញនៅ Dubai ដែលមានប្រវត្តិយូរលង់ណាស់មកហើយ និងជាកន្លែងទាក់ទាញសម្រាប់អ្នកទេសចរណ៍។

ទៅកាន់ទីតាំងនេះ មានការរៀបចំឱ្យភ្ញៀវទេសចរធ្វើដំណើរតាមទូកឈើ ដែលធ្លាប់ត្រូវបានប្រជាជនប្រើប្រាស់ សម្រាប់ការនេសាទនាពេលអតីតកាល មកបម្រើជាការដឹកភ្ញៀវទេសចរវិញ។ Old Baladiya Street ជាតំបន់ពាណិជ្ជកម្មចាស់ និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ឌូបៃ។ ទីកន្លែងនេះ ត្រូវបានរៀបចំជាតំបន់ទេសចរណ៍ផ្លូវថ្មើរជើង និងការរចនាបង្ហាញអត្តសញ្ញាណប្រពៃណីអារ៉ាប់។ នៅទីនេះមានលក់ផលិតផលប្រពៃណី វត្ថុអនុស្សាវរីយ៍ ភ្ញៀវទេសចរអាចរីករាយ ក្នុងការទិញទំនិញដែលអាចតថ្លៃបាន។

សម្រាប់ Gold Souq អាចចាត់ទុកថាជាឋានសួគ៌ ដែលផ្តល់ក្តីសុខ និងរីករាយរបស់ស្ត្រីស្រឡាញ់ចូលចិត្តគ្រឿងអលង្ការ ព្រោះពួកគាត់បានមកដល់កន្លែងលក់គ្រឿងអលង្ការដ៏ធំបំផុត មានគ្រប់ម៉ូដគ្រប់ម៉ាក។ នៅទីនេះមានលក់មាស ប្រាក់ ពេជ្រ និងផ្លាទីន ដែលមានគុណភាពខ្ពស់ និងអាចចរចាបាន។ Gold Souq Dubai មានជាង ៣០០ហាង នៅសងខាងផ្លូវ គឺសុទ្ធតែហាងមាស ពេជ្រ ដែលមានមនុស្សអ៊ូអរ។

ការរៀបរាប់ខាងលើនេះ គ្រាន់តែជាតំបន់ទេសចរណ៍មួយចំនួនតូច ណណដែលក្រុមការងារ Fresh News បានទៅដល់ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃប៉ុណ្ណោះ នៅទីក្រុឌូបៃមានតំបន់ទេសចរណ៍ល្បីៗជាច្រើនទៀត ដែលនឹងមិនធ្វើឱ្យភ្ញៀវទេសចរខុសបំណងឡើយ។ លោកអ្នកអាចស្វែងរកបទពិសោធន៍ថ្មីនៅទីក្រុងឌូបៃ តាមរយៈ ក្រុមហ៊ុន Emirates ចូលទៅកាន់គេហទំព័រ https://www.emirates.com/us/english/dubai-experience/