(ប៉ារីស)៖ នៅថ្ងៃសៅរ៍នេះ​ ការដាច់ចរន្តអគ្គិសនី បានប៉ះពាល់ពាសពេញតំបន់ Alpes-Maritimes នៃប្រទេសបារាំង រួមទាំងនៅទីក្រុង Cannes ដែលកំពុងរៀបចំមហោស្រពភាពយន្តអន្តរជាតិ ប៉ុន្មានម៉ោងមុនពិធីបិទ។ នេះបេីយោងតាមការដកស្រង់ផ្សាយចេញពីកាសែត The Nation Thailand នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ ២០២៥។

ការដាច់ចរន្តអគ្គិសនីធ្វើឱ្យផ្នែកខ្លះនៃភាគខាងត្បូងប្រទេសបារាំង ធ្លាក់ចូលទៅក្នុងភាពងងឹត​ ហេីយនៅក្នុងទីក្រុង Cannes ហាង និងភោជនីយដ្ឋាននានា បានពិពណ៌នាអំពីផលរំខាន ដោយពួកគេអាចទទួលយកការទូទាត់ជាសាច់ប្រាក់ប៉ុណ្ណោះ។

អាជ្ញាធរតំបន់ Alpes-Maritimes ទទួលស្គាល់ថា ពិតជាមានការដាច់ចរន្តអគ្គិសនីមែននៅទីនោះ។ វិទ្យុ France Info បានរាយការណ៍ថា ការដាច់ចរន្តអគ្គិសនីក្នុងតំបន់ Alpes-Maritimes បានប៉ះពាល់ដល់ ១៦០ ០០០គ្រួសារ។ RTE ដែលជាប្រតិបត្តិករប្រព័ន្ធបញ្ជូនអគ្គិសនីរបស់បារាំង បានឱ្យដឹងថា ខ្លួនកំពុងធ្វើការដើម្បីស្តារថាមពលអគ្គិសនីឡើងវិញ។

គួរបញ្ជាក់ថា កាលពីខែមុន ការដាច់ចរន្តអគ្គិសនីដ៏ធំមួយ បានធ្វើឱ្យមនុស្សរាប់លាននាក់ក្នុងប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកមួយចំនួននៃប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់។ នាយករដ្ឋមន្ត្រីអេស្ប៉ាញនៅពេលនោះ ចាត់ទុកថាបញ្ហាអគ្គិសនីនៅអឺរ៉ុប បានបង្កការរំខានយ៉ាងខ្លាំង ដោយក្នុងនោះយន្តហោះត្រូវចុះចត រីឯមន្ទីរពេទ្យត្រូវផ្អាកប្រតិបត្តិការ៕