(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីបិទសន្និសីទអន្តរជាតិ ASAIHL 2025 (សមាគមគ្រឹះស្ថាន ឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍-The Association of Southeast Asian Institution of Higher Learning) លើប្រធានបទ «ឌីជីថលនីយកម្ម ក្នុងការអប់រំឧត្តមសិក្សា-Digitalization in Higher Education» ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយសន្និសីទ អន្តរជាតិនេះ បានប្រព្រឹត្តទៅអស់ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៦-៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការអញ្ជើញ ចូលរួមនិងធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស និងអ្នកស្រាវជ្រាវ មកពី ៤៦សាកលវិទ្យាល័យ នៃ ១៧ប្រទេសជុំវិញពិភពលោក ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី សរុបចំនួន១,៥២៥នាក់។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ASAIHL គឺជាសន្និសីទស្រាវជ្រាវលក្ខណៈអន្តរជាតិ ដែលតែងតែរៀបចំឡើង ២លើកក្នុង១ឆ្នាំ និងមានសមាជិកចំនួន ២៤៦គ្រឹះស្ថានឧត្តមសិក្សា មកពី ២៦ប្រទេស។
សម្រាប់ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសត្រូវបានសមាគមជ្រើសរើសជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទរបស់សមាគម ។ សន្និសីទនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានឧត្តមសិក្សានានា នៅឯក្រៅប្រទេសដែលជាសមាជិកសមាគម ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំនៅកម្ពុជា ក៏ដូចជាវិស័យសិក្សាស្រាវជ្រាវ ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈ ៦ចំណុចសំខាន់ៗ៖
១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក ។
២-ជំរុញការផ្លាស់ប្តូរគំនិត យោលបល់ និងការរៀនសូត្រពីគ្នា រវាងអ្នកស្រាវជ្រាវមកពីវិស័យ និងជំនាញផ្សេងៗ ។
៣-បង្កើតវេទិកាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអ្នកស្រាវជ្រាវ ក្នុងគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ។
៤-បង្ហាញស្នាដៃស្រាវជ្រាវ ដែលមានគុណភាពខ្ពស់ វិធីសាស្ត្រស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយសកម្មភាព ស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង ។
៥-ស្វែងយល់ពីបញ្ហាទូទៅ ចំណុចខ្វះខាត និងឱកាសក្នុងការស្រាវជ្រាវ និងពិភាក្សាអំពីយុទ្ធសាស្ត្រ ដែលអាចដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព ។
៦-ចែករំលែកនូវវិធីសាស្រ្ត បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលអាចជំរុញ វឌ្ឍនភាពក្នុងវិស័យផ្សេងៗ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៧-គាំទ្រយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរួមចំណែកពង្រឹងប្រព័ន្ធអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធាន ក្រុមប្រឹក្សា ភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជម្រាបជូនអង្គសន្និសីទ អំពីសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញ ចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកស្នាដៃស្រាវជ្រាវ និងចំណេះដឹងល្អៗជូនដល់សិស្ស-និស្សិតកម្ពុជា។
លោកបណ្ឌិត បានបន្ថែមថា សន្និសីទនេះបានរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។
សូមជម្រាបជូនថា សន្និសីទអន្តរជាតិ ASAIHL 2025 រយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន ព្រមទាំងទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗ បន្ថែមទៀត ជាច្រើនគួរជាទីមោទនៈសម្រាប់ប៊ែលធី គ្រុប ក៏ដូចជា វិស័យអប់រំនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕