(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យាពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អនុលោមតាមសេចក្តីជូនដំណឹងលេខ ២១៩៤ ព.ណ.ចបព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នឹងដល់កាលបរិច្ឆេទកំណត់ការស្នើសុំនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុន ដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន កំពុងរៀបចំឯកសារ ដើម្បីធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ដូចនេះ ដើម្បីផ្តល់លទ្ធភាពក្នុងការបំពេញកាតព្វកិច្ច ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទ ការផាកពិន័យលើការស្នើសុំនេះ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកំណត់។
ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការពន្យារពេលនេះ ម្ចាស់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលបាននិងកំពុងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ នឹងរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមការកំណត់ជាក់ជាមិនខាន។
ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។
បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ៕