(ញូវដែលី)៖ រដ្ឋាភិបាលឥណ្ឌា នឹងអនុញ្ញាតឱ្យមានការនាំចេញស្រូវសាលីទៅក្រៅប្រទេសសម្រាប់ស្រូវសាលីដែលរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ ដែលនេះគឺជាការបន្ធូរបន្ថយខ្លះសម្រាប់ការនាំចេញ បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការលក់ស្រូវសាលីទៅបរទេសកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលឥណ្ឌានៅថ្ងៃអង្គារថា ប្រទេសឥណ្ឌាក៏នឹងអនុញ្ញាតឱ្យនាំចេញស្រូវសាលីទៅកាន់ប្រទេសអេហ្ស៊ីបផងដែរ។
រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា «មានការសម្រេចចិត្តថា នៅទីកន្លែងណាដែលការដឹកជញ្ជូនស្រូវសាលីត្រូវបានប្រគល់ឱ្យគយដើម្បីត្រួតពិនិត្យ និងចុះបញ្ជីនៅក្នុងប្រព័ន្ធ (គយ)» នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឬមុនកាលបរិច្ឆេទនេះ នឹងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅបរទេស។
កាលពីថ្ងៃសៅរ៍ ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញស្រូវសាលី ដែលការសម្រេចចិត្តនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះបានឱ្យដឹងថា ខ្លួនកំពុងកំណត់គោលដៅនាំចេញស្រូវសាលីចំនួន ១០លានតោននៅឆ្នាំនេះ។ ការហាមឃាត់នាំចេញនេះបានធ្វើឡើងដោយសាររលកកម្ដៅដ៏ក្តៅគគុកបានបោកបក់ទៅលើប្រទេសនេះដែលបានកាត់បន្ថយទិន្នផល និងបានជំរុញឱ្យតម្លៃស្រូវសាលីក្នុងស្រុកឡើងដល់កម្រិតខ្ពស់បំផុត។
រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងទៀតកន្លងមកថា ខ្លួននឹងអនុញ្ញាតតែការនាំចេញដែលគាំទ្រដោយលិខិតឥណទាន (LCs) ឬការធានាការទូទាត់ដែលបានចេញមុនថ្ងៃទី១៣ ខែឧសភាប៉ុណ្ណោះ។
បទប្បញ្ញត្តិនេះបានបង្កើតភាពមិនច្បាស់លាស់។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីក្រុមឈ្មួញថា ក្នុងចំណោមស្រូវសាលីប្រមាណ ២,២ លានតោនដែលនៅជាប់កំពង់ផែ ឬស្ថិតក្នុងការផ្ទេរ មានតែ ៤សែនតោនប៉ុណ្ណោះដែលមានលិខិតឥណទានគាំទ្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕