(តូក្យូ)៖ ប្រទេសជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមឱ្យមានការធ្វើដំណើរការទេសចរណ៍សាកល្បងក្នុងទម្រង់ជាដំណើរទេសចរណ៍កញ្ចប់តូចៗក្នុងខែឧសភានេះ ដែលជាការសាកល្បងមួយមុនពេលបើកប្រទេសឡើងវិញពេញលេញសម្រាប់វិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ។
ទោះបីជាវិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក៏ដោយ ក៏ភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឱ្យចូលមកទស្សនាប្រទេសនេះឡើយចាប់តាំងពីប្រទេសនេះបានអនុវត្តការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងក្នុងឆ្នាំ២០២០ នៅពេលចាប់ផ្តើមនៃការរាតត្បាតជំងឺកូវីដ-១៩។
បទប្បញ្ញត្តិនានាត្រូវបានបន្ធូរបន្ថយបន្តិចដើម្បីអនុញ្ញាតឱ្យនិស្សិត និងអ្នកធ្វើដំណើរសម្រាប់ជំនួញមួយចំនួនចូលបាន។ ប៉ុន្តែភ្ញៀវទេសចរជាបុគ្គលនៅតែមិនត្រូវបានអនុញ្ញាតនៅឡើយ ទោះបីជាមានការអំពាវនាវពីអ្នកដឹកនាំក្នុងឧស្សាហកម្មទេសចរណ៍ក្តី ដែលពួកគេសង្ឃឹមថានឹងចាប់ផ្តើមទេសចរណ៍ឡើងវិញដើម្បីទាញយកអត្ថប្រយោជន៍ពីប្រាក់យ៉េនដែលបានធ្លាក់ចុះថ្លៃដល់កម្រិតទាបក្នុងរយៈពេល២០ឆ្នាំ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារទេសចរណ៍របស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារនេះនឹងចាប់ផ្តើមអនុញ្ញាតឱ្យមានការដំណើរទេសចរណ៍ជាក្រុមតូចៗចូលប្រទេសជប៉ុនចាប់ពីចុងខែនេះទៅដើម្បីជាការធ្វើតេស្តក្នុងការទទួលបានព័ត៌មានសម្រាប់ការបន្តដំណើរទេសចរណ៍កាន់តែទូលំទូលាយនៅកាលបរិច្ឆេទអនាគតដែលមិនបានបញ្ជាក់។
ទីភ្នាក់ងារទេសចរណ៍នេះបានឱ្យដឹងទៀតថា ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការបីដង និងមកពីសហរដ្ឋអាមេរិក អូស្ត្រាលី ថៃ និងសិង្ហបុរី នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងដំណើរទេសចរណ៍នេះ ដែលនឹងត្រូវបានរៀបចំផែនការយ៉ាងតឹងរ៉ឹងជាមួយនឹងភ្នាក់ងារទេសចរណ៍ និងអមដំណើរគ្រប់ពេលវេលាដោយអ្នកដឹកនាំទេសចរណ៍។
ទីភ្នាក់ងារនេះឱ្យដឹងថា៖ «ការធ្វើការរួមគ្នានេះនឹងអនុញ្ញាតឱ្យយើងផ្ទៀងផ្ទាត់ការអនុលោមតាមច្បាប់ និងការឆ្លើយតបជាបន្ទាន់សម្រាប់ការការពារការឆ្លងមេរោគ និងបង្កើតគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករផ្តល់សេវាថ្នាក់នៅ»។
ក្នុងឆ្នាំ២០១៩ ប្រទេសជប៉ុនទទួលភ្ញៀវបរទេសចំនួន៣១,៩លាននាក់ ដែលបានចំណាយប្រាក់ ៤,៨១ទ្រីលានយ៉េន៕