(ប៉េកាំង)៖ មន្ត្រីធនាគារកណ្តាលចិនបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសចិននឹងបង្កើនការគាំទ្រគោលនយោបាយដើម្បីសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្សោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការថ្លែងបានធ្វើឡើងនៅឯងសន្និសីទសារព័ត៌មានមួយ និងកើតមានឡើងបន្ទាប់ពីមានការប្តេជ្ញាពីលោក Yi Gang ទេសាភិបាលធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលចិនថានឹងរក្សាគោលនយោបាយរូបិយវត្ថុផ្គត់ផ្គង់សាច់ប្រាក់ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Ruan Jianhong ប្រធាននាយកដ្ឋានស្ថិតិនៃធនាគារកណ្តាលចិនខណៈថ្លែងថា៖ «យើងនឹងប្រើប្រាស់ឧបករណ៍គោលនយោបាយរូបិយវត្ថុផ្សេងៗឱ្យទាន់ពេលវេលា និងប្រកបដោយភាពបត់បែនបាន ជំរុញការគាំទ្រសេដ្ឋកិច្ចពិត»។
លោក Zou Lan ប្រធាននាយកដ្ឋានគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលចិនបានថ្លែងថា ធនាគារកណ្តាលនឹងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ និងជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយការចំណាយលើការផ្តល់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុននានា។
លោកថ្លែងថា៖ «នៅក្នុងឆមាសទីពីរ ឆ្នាំនេះ ប្រតិបត្តិការសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងអស្ថិរភាពខ្លាំង»។ លោកបន្ថែមថា៖ «យើងត្រូវខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងយកចិត្តទុកដាក់លើការប្រែប្រួលស្ថានភាពអតិផរណា»។
អ្នកវិភាគដែលបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជាបានធ្លាក់ចុះខ្លាំងមកនៅត្រឹម ១ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំងនេះពីអត្រា ៤,៨ភាគរយក្នុងរយៈពេលពីខែមករាដល់ខែមីនា ដែលបង្ហាញថា អ្នកបង្កើតគោលនយោបាយអាចនឹងត្រូវធ្វើការងារបន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោក Sun Tianqi ប្រធានការិយាល័យស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារកណ្តាលចិនបាននិយាយថា ធនាគារកណ្តាលបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងតាមដានហានិភ័យសាច់ប្រាក់ងាយស្រួលបន្ទាប់ពីរកឃើញបញ្ហានានានៅធនាគារមួយចំនួននៅក្នុងខេត្តហេណាន។
លោក Sun បាននិយាយថា ប្រទេសចិននឹងបំពេញដើមទុនសម្រាប់ធនាគារតូចៗ និងគ្រប់គ្រងចំនួនស្ថាប័នហិរញ្ញវត្ថុដែលមានហានិភ័យខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕