(ភ្នំពេញ)៖ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៣,២៧៤គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការបានជាង១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។
ក្នុងពិធីសម្ពោធផ្លូវប្រវែង១,៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់១៥សង់ទីម៉ែត្រ នៅឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ុយ សែម បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុន Renaissance Minerals ចាប់ផ្ដើមដំណើរការ ចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានចំនួន៣,២៧៤គីឡូក្រាម។
ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ។
ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨ ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរ៉ែ ពីក្រសួងរ៉ែ និងថាមពល។
លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំង៨នេះ មានក្រុមហ៊ុនចំនួន៤ បានបញ្ចប់ការធ្វើវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន (EIA) រួចរាល់ហើយ និងក្រុមហ៊ុនចំនួន៤ទៀត មិនអាចទាន់អាចធ្វើការរុករករ៉ៃបានទេ ដោយស្ថិតក្នុងដំណើរការ ធ្វើការធ្វើវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង៤ ដែលបានបញ្ចប់ការវាយតម្លៃ ហេតុផលប៉ះពាល់បរិស្ថាន ក្នុងនោះមានតែក្រុមហ៊ុន១ប៉ុណ្ណោះ ដែលបានចាប់ផ្តើមដំណើរការ ធ្វើអាជីវកម្មរុករករ៉ែ ចំណែកក្រុមហ៊ុន៣ទៀត កំពុងរៀបចំខ្សែច្រវាក់ផលិតកម្ម និងសាកល្បងធ្វើអាជីវកម្មរុករករ៉ែ៕