(ហាណូយ)៖ ព្យុះយ៉ាហ្គីបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រោងចក្រមួយចំនួនធំ និងជន់លិចឃ្លាំងស្តុកទំនិញនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មសម្រាប់នាំចេញ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលបង្ខំឱ្យរោងចក្រជាច្រើនបិទទ្វារ ដោយរោងចក្រខ្លះរំពឹងថា នឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីអាចដំណើរការឡើងវិញបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ព្យុះត្រូពិចយ៉ាហ្គីដែលជាព្យុះខ្លាំងបំផុត នៅអាស៊ីក្នុងឆ្នាំនេះ បានបោកបក់ទៅលើឆ្នេរសមុទ្រភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយនៅតែបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញអគ្គិសនី និងផ្លូវថ្នល់ផងដែរ។
ការអាក់ខានទាំងនេះអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយសារវៀតណាម គឺជាទីតាំងប្រតិបត្តិការមួយនៃក្រុមហុនអន្តរជាតិធំៗ ដែលភាគច្រើននាំចេញផលិតផលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រតិបត្តិករគ្រប់គ្រងតំបន់ឧស្សាហកម្មហៃហ្វុង (Haiphong) បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា នៅទីក្រុងឆ្នេរសមុទ្រហៃហ្វុង ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះនេះ ក្រុមហ៊ុនអាជីវកម្ម ៩៥ភាគរយត្រូវបានរំពឹងថានឹងចាប់ផ្តើមសកម្មភាពមួយចំនួនឡើងវិញនៅថ្ងៃអង្គារ។
សេចក្តីប្រកាសមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ប្រតិបត្តិករនេះបានឱ្យដឹងថា៖ «ក្រុមហ៊ុនអាជីវកម្មជាច្រើនបានបាក់ដំបូល ជញ្ជាំងខ្លះរហែក និងដួលរលំ ទ្វារ របង ផ្លាកសញ្ញា ប្រព័ន្ធកាមេរ៉ា យានដ្ឋាន និងទ្វារដែកបាក់រលំ ទឹកបានជន់លិចចូលទៅក្នុងរោងចក្រ»។
លោក Bruno Jaspaert ប្រធានតំបន់ឧស្សាហកម្ម DEEP C បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅក្នុងតំបន់ឧស្សាហកម្ម DEEP C ដែលជាទីតាំងរបស់រោងចក្រជាច្រើននៅក្នុងទីក្រុងហៃហ្វុង និងខេត្តជាប់ខាងកាងនិញ (Quang Ninh) រោងចក្រចំនួន២០ ក្នុងចំណោម ១៥០ នឹងផ្អាកដំណើរការយ៉ាងហោចណាស់ពីរបីសប្តាហ៍។
ផ្អែកលើការពិនិត្យមើលអតិថិជនរបស់គាត់ គាត់រំពឹងថា ការប្រើប្រាស់ថាមពលនៅរោងចក្រទាំងនោះនឹងនៅទាបជាងធម្មតាមួយភាគបីសម្រាប់រយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ ដោយសារក្រុមហ៊ុនជាច្រើនកំពុងមមាញឹកក្នុងការសាងសង់រោងចក្រដែលខូចខាងរបស់ពួកគេ។
នៅក្នុងសួនឧស្សាហកម្មមួយផ្សេងទៀតនៅទីក្រុងហៃហ្វុងដែរនោះ ក្រុមហ៊ុន LG Electronics របស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានដំណើរការឡើងវិញមួយផ្នែកកាលពីថ្ងៃអង្គារ បើទោះបីជាជញ្ជាំងរបស់រោងចក្រត្រូវបានកំទេចកាលពីថ្ងៃសៅរ៍ និងទឹកជន់លិចឃ្លាំងស្តុកទូរទឹកកក និងម៉ាស៊ីនបោកគក់ក៏ដោយ។
សំដៅលើផលិតផលដែលត្រូវនាំចេញទៅកាន់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដោយមិនបានបញ្ជាក់ប្រភេទទំនិញ លោក Calvin Nguyen ប្រធានក្រុមហ៊ុនដឹកជញ្ជូនវៀតណាម WeDo Forwarding Co បាននិយាយថា៖ «ទំនិញជាច្រើនបានបាត់ទៅដោយខ្យល់»។ លោកបានបន្ថែមថា ឃ្លាំងចំនួនបីរបស់ក្រុមហ៊ុននៅទីក្រុងហៃហ្វុង បានបាក់ដំបូល ហើយនៅតែជន់លិចនៅឡើយនៅថ្ងៃពុធ៕