(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តហាមឃាត់ការនាំចូល ជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់សត្វជ្រូកបង្កក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន សម្រាប់រយៈពេល៦ខែបន្ដទៀត គិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នូវការនាំចូលមុខទំនិញ រួមមាន៖ ថ្លើមនៃសត្វជ្រូក បង្កប, ភាគបំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន បង្កក។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែងចំពោះការនាំចូលរបស់គម្រោងវិនិយោគ មានលក្ខណសម្បត្ដិគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញ៕