(ភ្នំពេញ)៖ លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានការចូលរួមពីវិស័យឯកជន គឺភាគីរដ្ឋអាចទទួលសំណើរគម្រោងពីភាគីឯកជន។
លើសពីនោះទៀត លោក ឱម ម៉ាក់ធារិទ្ធ បានបន្ថែមថា ភាគីឯកជនក៏អាចផ្ដើមរៀបចំផ្លូវដោយខ្លួនឯង ឬក៏វិស័យឯកជនអាចឃើញនូវសក្ដានុពល ក្នុងការអនុវត្ដផ្លូវណាមួយ គឺអាចផ្ដួចផ្ដើមគម្រោងនោះដាក់មករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងវាយតម្លៃ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឱម ម៉ាក់ធារិទ្ធ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
ក្នុងកិច្ចពិភាក្សានេះ លោក ឱម ម៉ាក់ធារិទ្ធ ក៏បានពន្យល់អំពីពាក្យ PPP ដែលមានន័យថា «ភាពជាដៃគូរវាងរដ្ឋ និងឯកជន» ផងដែរ។
លោកបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា PPP ត្រូវបានកំណត់និយមន័យដោយច្បាប់ គឺកិច្ចព្រមព្រៀងរវាងរដ្ឋ និងឯកជន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់សេវាសាធារណៈដែលក្នុងនោះ តម្រូវឲ្យខាងវិស័យឯកជន ធ្វើការវិនិយោគ និងចែករំលែកហានិភ័យ ក្នុងការអនុវត្ដគម្រោង ជាមួយភាគីរដ្ឋ ហើយទទួលបានផលប្រយោជន៍វិញពីគម្រោងនោះ។
លោក ឱម ម៉ាក់ធារិទ្ធ បានបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជនទាំងអស់ គឺត្រូវតែផ្ដោតទៅតាមអនុលោម កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវជាគម្រោងអាទិភាព ដែលរាជរដ្ឋាភិបាល បានកំណត់នៅក្នុងផែនការមេ ឬក៏ផែនការតាមវិស័យ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក ឱម ម៉ាក់ធារិទ្ធ៖