(ភ្នំពេញ)៖ លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលនឹងកំណត់វិស័យចំនួន៣ ដែលនឹងបើកឱ្យវិស័យឯកជនចូលរួមវិនិយោគរយៈពេល១០ឆ្នាំទៀត ខណៈកន្លងមក វិស័យដែលរដ្ឋបើកឱ្យឯកជន ចូលរួមវិនិយោគច្រើនជាងគេ គឺវិស័យដឹកជញ្ជូន។
លើកឡើងក្នុង កម្មវិធី FRESH BUSINESS: ពិភាក្សាលើប្រធានបទ៖ «ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា» លោក ឱម ម៉ាក់ធារិទ្ធ បានគូសបញ្ជាក់ថា វិស័យសំខាន់ៗ ទាំងបីនេះ រដ្ឋាភិបាលនឹងប្រកាសក្នុងពេលខាងមុខនេះ។
លោកបានឱ្យដឹងផងដែរថា «ចំពោះការគិតគូរក្នុងការរៀបចំគម្រោង PPP គឺយើងផ្អែកទៅលើភាពទាក់ទាញនៃគម្រោង។ ភាពទាក់ទាញរបស់គម្រោង គឺប្រាក់ចំណេញ អ៊ីចឹងវិស័យឯកជន គាត់នឹងចូលរួមជាមួយយើង ទាល់តែគាត់ឃើញថា គម្រោងបែបណាដែលមានផលប្រាក់ចំណេញគ្រប់គ្រាន់ជូនវិស័យឯកជន។ ដូច្នេះរាជរដ្ឋាភិបាលគិតឃើញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ គឺមានប្រាក់ចំណេញគ្រប់គ្រាន់ ដើម្បីឱ្យឯកជនចូលរួម»។
ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) គឺជាកិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងឯកជន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសាធារណៈ ដោយក្នុងនោះតម្រូវឱ្យវិស័យឯកជន ធ្វើការវិនិយោគ និងចែករំលែកហានិភ័យ ក្នុងការអនុវត្តគម្រោងជាមួយភាគីរដ្ឋ ហើយទទួលបានផលប្រយោជន៍វិញ ពីគម្រោងនោះ ផ្អែកទៅលើសមត្ថកម្មរបស់ឯកជន ក្នុងការអនុវត្តគម្រោង។
បើតាមមន្រ្តីជំនាញរូបនេះ ជាទូទៅក្រុមហ៊ុន ដែលអនុញ្ញាតឱ្យចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋាភិបាល គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ខ្ពស់ ក្នុងការធ្វើហិរញ្ញប្បទាន ដោយសារតែភាគច្រើន គម្រោង PPP ជាប្រភេទគម្រោងធំៗ និងចំណាយថវិកាខ្ពស់។ កន្លងមកគម្រោងសំខាន់ៗ ដែលវិស័យឯកជនចូលរួមវិនិយោគ ក្នុងភាពជាដែគូរជាមួយរដ្ឋរួមមាន វិស័យថាមពល និងវិស័យដឹកជញ្ជូន៕
សូមទស្សនាការពន្យល់បន្ថែមរបស់ លោក ឱម ម៉ាក់ធារិទ្ធ ៖