(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវក្តីជឿជាក់ថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មររវាងកម្ពុជា និងឥណ្ឌូនេស៊ី នឹងកាន់តែមានការកើនឡើងយ៉ាងល្អប្រសើរ ខណៈកាលពីឆ្នាំ២០២២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានដល់លើស ១ប៊ីលានដុល្លារ កើនឡើង ១៥ភាគរយ ធៀបនឹងឆ្នាំ២០២២។
ការលើកឡើងរបស់លោកស្រី ចម និម្មល ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការបើកពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយឈ្មោះថា «សួស្តីឥណ្ឌូនេស៊ី-Sousdey Indonesia» ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរបស់យើងនឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបនវានុវត្តន៍ដូចជា សួស្តីឥណ្ឌូនេស៊ី នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ»។
ព្រឹត្តិការណ៍ «សួស្តីឥណ្ឌូនេស៊ី» នេះ មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ការតាំងបង្ហាញ និងលក់ផលិតផល ការផ្សព្វផ្សាយទេសចរណ៍ ពិព័រណ៍កម្មវិធីអប់រំ ការសម្តែងសិល្បៈវប្បធម៌ ជំនួបផ្គូផ្គងអាជីវកម្ម ការជំរុញការវិនិយោគ ពិធីបុណ្យម្ហូប និងកម្មវិធីជជែកដេញដោល។
ព្រឹត្តិការណ៍នេះ មានស្តង់ចូលរួមជាង១០០ ដោយដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម ដែលនឹងចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងបន្ថែមតម្លៃ ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី រួមបញ្ចូលទាំងទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការវិនិយោគ។ ជាពិសេសនោះ ការចូលរួមរបស់ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី នឹងផ្តល់នូវវេទិកាសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការសហការ និងបង្កើតភាពជាដៃគូថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
លោកស្រី ចម និម្មល ក៏បានថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង ដែលជាសក្ខីកម្មនៃចំណងមិត្តភាព និងរួមចំណែកសំខាន់ ក្នុងការបញ្ជា្របការយល់ដឹង អំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ការផ្លាស់ប្តូរវប្បធម៌ និងការលើកកម្ពស់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ។
លោកស្រី ចម និម្មល បានបន្ថែមទៀតថា «សូមលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ ឱ្យចូលរួម និងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «សួស្តីឥណ្ឌូនេស៊ី» នេះត្រូវបានផ្លាស់ប្តូរឈ្មោះពី «ព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី (Indonesia Trade and Tourism Promotion - ITTP) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលរៀបចំឡើងនៅក្រុងភ្នំពេញ តាំងពីឆ្នាំ២០០៦មក។ នៅឆ្នាំ២០២៤នេះ ជាខួបទី១៥ នៃការរៀបចំព្រឹត្តិការណ៍បែបនេះ និងជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។