(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលរបស់លោក ចូ បៃឌិន កាលពីថ្ងៃសុក្របានសម្រេចជាចុងក្រោយលើការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន រួមទាំងពន្ធគយ ១០០ភាគរយលើរថយន្តអគ្គិសនី ដើម្បីពង្រឹងការការពារឧស្សាហកម្មក្នុងស្រុកជាយុទ្ធសាស្ត្រពីសមត្ថភាពផលិតលើសដែលគាំទ្រដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពន្ធគយភាគច្រើនរួមទាំងពន្ធគយ ១០០ ភាគរយលើរថយន្តអគ្គិសនីរបស់ចិន ពន្ធគយ ៥០ភាគរយលើផ្ទាំងថាមពលពន្លឺព្រះអាទិត្យ និងពន្ធគយ ២៥ភាគរយលើដែក អាលុយមីញ៉ូម អាគុយរថយន្តអគ្គិសនី និងសារធាតុរ៉ែសំខាន់ៗ នឹងចូលជាធរមាននៅថ្ងៃទី ២៧ ខែកញ្ញានេះ។
ការប្តេជ្ញាចិត្តរបស់ការិយាល័យ USTR ដែលទីភ្នាក់ងារព័ត៌មានធ្លាប់ទទួលបានដំបូងបានបង្ហាញថា ពន្ធគយ ៥០ភាគរយលើឧបករណ៍អេឡិចត្រូនិកចិន ដែលឥឡូវនេះរួមបញ្ចូលទាំងឧបករណ៍អេឡិចត្រូនិកប្រភេទថ្មីចំនួនពីរ គឺប៉ូលីស៊ីលីកូនដែលប្រើក្នុងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និងបន្ទះស៊ីលីកូន នឹងត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥។
ពន្ធគយពិន័យយោងតាមមាត្រា ៣០១ លើទំនិញដែលមានតម្លៃ ១៨ពាន់លានដុល្លារអាមេរិកដែលបានប្រកាសកាលពីខែឧសភាដោយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន មានការកែសម្រួលតិចតួចបំផុត ដោយមិនអើពើនឹងការស្នើសុំពីសំណាក់ឧស្សាហកម្មរថយន្តឱ្យដកហូតពន្ធគយទាបលើរ៉ែក្រាហ្វាយ និងសារធាតុរ៉ែសំខាន់ៗដែលត្រូវការសម្រាប់ការផលិតអាគុយរថយន្តអគ្គិសនីព្រោះពួកគេនៅតែពឹងផ្អែកខ្លាំងពេកលើការផ្គត់ផ្គង់របស់ប្រទេសចិន។
ការិយាល័យ USTR មិនបានកែប្រែការពន្ធគយលើអាគុយលីចូម-អ៊ីយ៉ុង សារធាតុរ៉ែ និងសមាសធាតុនានាដែលត្រូវបានដំឡើងពីសូន្យភាគរយដល់ ២៥ភាគរយនោះទេ ដោយការដំឡើងពន្ធគយលើអាគុយសម្រាប់រថយន្តអគ្គិនសីនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែកញ្ញា ហើយពន្ធគយលើឧបករណ៍ផ្សេងទៀតរួមទាំងកុំព្យូទ័រយួរដៃ និងទូរស័ព្ទដៃនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
អ្នកស្រី Lael Brainard ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់សេតវិមានបានប្រាប់រ៉យទ័រថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីធានាថា ឧស្សាហកម្មរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកធ្វើពិពិធកម្មឆ្ងាយពីខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសចិន។
ប្រទេសចិនបានប្តេជ្ញាសងសឹកប្រឆាំងនឹងការដំឡើងពន្ធនេះ និងបានអះអាងថា ភាពជោគជ័យនៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួនកើតមានឡើងដោយសារតែការច្នៃប្រឌិត មិនមែនការគាំទ្រពីរដ្ឋាភិបាលទេ៕