(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃឡើងថ្លៃខ្លាំងពេក និងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានរំពឹងថានឹងមានកំណើនតិចតួចនៅឆ្នាំនេះ ហើយធនាគារកណ្តាលគួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល។ ការលើកឡើងនេះនាំឱ្យមានការបន្តខ្វែងគំនិតគ្នាដែលកើតមានឡើងអស់ជាច្រើនខែរវាងរដ្ឋាភិបាលនិងធនាគារកណ្តាលជុំវិញការកំណត់អត្រាការប្រាក់។
នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃខ្ពស់ខ្លាំងបំផុតរបស់ខ្លួនក្នុងរយៈពេលជាង ១៨ខែធៀបធៀបនឹងប្រាក់ដុល្លារអាមេរិកពោលគឺ ៣៣,១៦បាតក្នុងមួយដុល្លារ។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មបានរក្សាគោលដៅកំណើននាំចេញរបស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំក្នុងអត្រា ១ ទៅ ២ភាគរយ។ សម្រាប់រយៈពេលពីខែមករាដល់ខែកក្កដា ការនាំចេញរបស់ប្រទេសថៃបានកើនឡើង ៣,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
កាលពីខែសីហា ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅក្នុងអត្រា ២,៥ភាគរយក្នុងកិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថា ការកំណត់អត្រាការប្រាក់គោលនយោបាយនេះស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈដែលធនាគារជំទាស់ទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលឱ្យកាត់បន្ថយអត្រាការប្រាក់។ ការវាយតម្លៃអត្រាបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។
រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃបានអំពាវនាវម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលថៃកាត់បន្ថយអត្រាការប្រាក់ដើម្បីស្របតាមវិធានការជំរុញសារពើពន្ធដែលបានគ្រោងទុក ខណៈដែលរដ្ឋាភិបាលព្យាយាមចាប់ផ្តើមជំរុញសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕